វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ថា កាលពីថ្ងៃព្រហស្បតិ៍ កងទ័ពអាមេរិកបានឲ្យដឹងថា ទាហានចំនួន៩នាក់ បានស្លាប់ នៅក្នុងពេលធ្លាក់ឧទ្ធម្ភាគចក្រ Black Hawk ជម្លៀសវេជ្ជសាស្រ្ត២គ្រឿង ក្នុងអំឡុងពេលបេសកកម្មហ្វឹកហ្វឺន ពេលយប់នៅពី លើរដ្ឋ Kentucky ក្នុងឧបទ្ទវហេតុហ្វឹកហ្វឺន ដ៏សាហាវបំផុតមួយ របស់យោធា ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ។
សមាជិកនាវិក ដែលប្រើវ៉ែនតា សម្រាប់មើលពេលយប់បាន កំពុងហោះហើរឧទ្ធម្ភាគចក្រ HH-60 Black Hawk ចំនួន២គ្រឿង ដែលដំណើរការ ដោយកងពលធំទី101របស់កងទ័ព នៅគ្រា ដែលយន្តហោះនោះបានធ្លាក់ នៅវាលស្រែមួយកាលពីល្ងាច ថ្ងៃពុធលើតំបន់ Trigg នៃរដ្ឋ Kentucky ។
ឧត្តមសេនីយទោ John Lubas មេបញ្ជាការរង នៃកងពលធំទទួលបន្ទុកប្រតិបត្តិការ បានលើកឡើងថា រហូតមកដល់ពេលនេះគេដឹង តិចតួចអំពីមូលហេតុ ដែលឧទ្ធម្ភាគចក្រធ្លាក់ ហើយគាត់ទទួលស្គាល់ថា គាត់មិនច្បាស់ ថាតើ យន្តហោះទាំងនោះបុកហើយបានធ្លាក់ចូលគ្នាឬអត់នោះទេ ។
លោក Lubas បានបញ្ជាក់ថា ក្រុមស៊ើបអង្កេតសុវត្ថិភាព យន្តហោះមកពី Fort Rucker ក្នុងរដ្ឋ Alabama នឹងមកដល់នៅពេលក្រោយ នៅថ្ងៃព្រហស្បតិ៍ដើម្បីពិនិត្យមើលទិន្នន័យពីកុំព្យូទ័រ នៅលើយន្តហោះ ដែលគាត់បានលើកឡើងថា ស្រដៀងនឹងប្រអប់ខ្មៅ នៅក្នុងយន្តហោះពាណិជ្ជកម្មដែរ ៕