ថ្ងៃទី៣០ ខែមីនា សកម្មភាពក្រោម ប្រធានបទ «ដំណើរវប្បធម៌ចិន-អេស្ប៉ាញ» ដែលជាសកម្មភាព ដើម្បីអបអរសាទរខួប៥០ឆ្នាំ នៃការបង្កើត ទំនាក់ទំនងការទូតរវាងចិន និងអេស្ប៉ាញ ដោយមានការសហរៀបចំ ពីអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងក្រសួងវប្បធម៌និងកីឡា អេស្ប៉ាញបានចាប់ផ្តើមជាផ្លូវការ ។ លោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាមជ្ឈិមបក្ស កុម្មុយនីស្តចិន និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន , លោក Miquel Iceta រដ្ឋមន្ត្រីក្រសួងវប្បធម៌និងកីឡាអេស្ប៉ាញ ,លោក Wu Haitao ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅអេស្ប៉ាញ និង លោក Rafael Dezcallar ឯកអគ្គរាជទូតអេស្ប៉ាញ ប្រចាំនៅចិនបានអញ្ជើញ ចូលរួមពិធីចាប់ដំណើរការ តាមអនឡាញហើយថ្លែងសុន្ទរកថា។
លោក Shen Haixiong បានថ្លែងក្នុងសុន្ទរកថាវីដេអូថា ឆ្នាំ២០២៣នេះជាខួប ៥០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងអេស្ប៉ាញ។ លោកប្រធានរដ្ឋចិន Xi Jinping បានបញ្ជាក់ហើយថា «កន្លះសតវត្សរ៍កន្លងមក ភាគីទាំងពីរចិន និងអេស្ប៉ាញ បានបង្កើតនិងអភិវឌ្ឍន៍នូវ ទំនាក់ទំនងភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលបាននាំមកនូវ ផលប្រយោជន៍ជាក់ស្តែង ជូនប្រជាជនប្រទេសទាំងពីរ»។ កិច្ចសហប្រតិបត្តិការចិន-អេស្ប៉ាញ គឺមានចីរភាព ស្ថិរភាព និង ភាពចម្រុះ ដែលបានផ្តល់កម្លាំងចលករ ឥតឈប់ឈរចំពោះការអភិវឌ្ឍ ទំនើបកម្មនិងការបើកទូលាយ របស់ប្រទេសទាំងពីរ ។ សកម្មភាពលើកនេះ នឹង រៀបរាប់ទាំងស្រុង ចំពោះប្រវត្តិសាស្ត្រនិងចំណងមិត្តភាព នៃការទាក់ទនងរវាង ប្រទេសទាំងពីរ ដែលនឹងរួមគ្នាបើកទំព័រថ្មី នៃការផ្លាស់ប្តូរវប្បធម៌រវាងគ្នា ។
លោក Miquel Iceta រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងកីឡាអេស្ប៉ាញ បានចូលរួមអបអរសាទរ និងជូនពរ ចំពោះសកម្មភាពតាមរយៈប្រព័ន្ធវីដេអូ ដោយបានលើកឡើងថា វប្បធម៌ហាក់ដូចជាស្ពាន នៃការផ្លាស់ប្តូរគ្នាទៅវិញទៅមក ជឿជាក់ថានៅពេលអនាគត ចំណងទាក់ទងរវាងគ្នា នឹងកាន់តែខ្លាំងឡើងៗ និងរីកចម្រើនថែមមួយកម្រិតទៀត ។
ឥស្សរជនល្បីឈ្មោះច្រើនរូប នៃមជ្ឈដ្ឋានវប្បធម៌ វិចិត្រសិល្បៈ និងកីឡា របស់ប្រទេសចិន និងប្រទេសអេស្ប៉ាញក៏បានសម្តែងការជូនពរ ខួប៥០ឆ្នាំនៃការភ្ជាប់ទំនាក់ទំនង ការទូតចិន-អេស្ប៉ាញ តាមរយៈប្រព័ន្ធវីដេអូផងដែរ ។
សូមបញ្ជាក់ថា សកម្មភាពផ្សព្វផ្សាយតាមប្រព័ន្ធសារព័ត៌ពំអី «ដំណើរវប្បធម៌ចិន-អេស្បាញ»នឹងប្រារព្ធធ្វើពេញឆ្នាំ២០២៣។ ក្នុងអំឡុងពេលនេះ ប៉ុស្តិ៍ទូរទស្សន៍CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន នឹងរៀបចំវេទិកា ចាក់ផ្សាយភាពយន្តឯកសារ«ពីប៉េកាំងដល់ម៉ាឌ្រីដ» ព្រមទាំងផ្សាយផ្ទាល់ តាមបណ្តាញទំនាក់ទំនងសង្គមនូវកម្មវិធី«ខែវប្បធម៌ចិន-អេស្ប៉ាញ» ជាដើម៕