ព័ត៌មានអន្តរជាតិ

អារ៉ាប៊ីសាអូឌីត កំពុងងាកឆ្ពោះទៅ រកប្លុករុស្ស៊ី-ចិន

បរទេស៖ ព្រះមហាក្សត្រ Salman bin Abdulaziz Al Saud របស់ប្រទេសអារ៉ាប៊ីសាអូឌីត បានចុះហត្ថលេខាលើឯកសារ ដែលផ្តល់ឲ្យប្រទេសអារ៉ាប៊ីសាអូឌីតនូវឋានៈជា “ដៃគូសន្ទនា” ជាមួយអង្គការសហប្រតិបត្តិការសៀងហៃ (SCO) ដែលជាប្លុកនយោបាយ សេដ្ឋកិច្ច និងសន្តិសុខ ដែលបច្ចុប្បន្នដឹកនាំដោយប្រទេសចិន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា ទីភ្នាក់ងារសារព័ត៌មាន អារ៉ាប៊ីសាអូឌីត បានរាយការណ៍ថា ព្រះមហាក្សត្រ Salman bin Abdulaziz Al Saud បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានៅឯ កិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃអង្គារ ដែលធ្វើឡើងនៅវិមាន al-Salam ក្នុងទីក្រុង Jeddah ។

ក្រៅពីការបង្កើតភាពជាដៃគូជាផ្លូវការ ស្ដេច Salman ក៏បានអនុម័តការបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈជាមួយប្រទេសចិនផងដែរ។ ព្រះអង្គម្ចាស់ Mohammed bin Salman បានថ្លែងអំណរគុណដល់ទីក្រុងប៉េកាំង សម្រាប់ការសម្រុះសម្រួលកិច្ចចរចា ជាមួយប្រទេសអ៊ីរ៉ង់ ដែលបានឈានដល់ការបង្កើតឡើងវិញនូវ “ទំនាក់ទំនងអ្នកជិតខាងល្អ” នៅដើមខែនេះ។

ទីភ្នាក់ងាររដ្ឋអារ៉ាប៊ីសាអូឌីត ក៏បានផ្សាយផងដែរថា អ៊ីរ៉ង់ត្រូវបានកំណត់ថានឹងចូលរួមក្នុងប្លុកនេះ “ក្នុងពេលឆាប់ៗនេះ”។ ទីក្រុងតេហេរ៉ង់បានដាក់ពាក្យ ចូលជាសមាជិកនៅឆ្នាំ ២០២១។

អង្គការសហប្រតិបត្តិការសៀងហៃ (SCO) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០២ ដោយប្រទេសរុស្ស៊ី ចិន កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន និងតាជីគីស្ថាន។ ចាប់តាំងពីពេលនោះមក SCO បានពង្រីកទៅប្រទេសឥណ្ឌា អ៊ូសបេគីស្ថាន និងប៉ាគីស្ថានជាសមាជិកពេញសិទ្ធិ។ ស្ថានភាពដៃគូសន្ទនាត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៨ ហើយរួមមានអាមេនី អាហ្សែបៃហ្សង់ កម្ពុជា អេហ្ស៊ីប នេប៉ាល់ កាតា ស្រីលង្កា និង ប្រទេស តួកគី។

ប្លុកនេះដំបូងឡើយផ្តោតទៅលើកង្វល់ផ្នែកសន្តិសុខ ជាចម្បង អំពើភេរវកម្ម ការបំបែកខ្លួន និងជ្រុលនិយម។ វាមានកិច្ចព្រមព្រៀងជាមួយអង្គការ សន្ធិសញ្ញាសន្តិសុខសមូហភាព (CSTO) ស្តីពីការរួមគ្នាដោះស្រាយបញ្ហាសន្តិសុខ ឧក្រិដ្ឋកម្ម និងការជួញដូរគ្រឿងញៀន។ ប៉ុន្មានឆ្នាំមកនេះ វាបានចាប់ផ្តើមជំរុញកិច្ចសហប្រតិបត្តិការ លើបញ្ហាពាណិជ្ជកម្ម សេដ្ឋកិច្ច និងវប្បធម៌ផងដែរ។

បន្ថែមពីលើការបោះជំហានខិតទៅជិត SCO អារ៉ាប៊ីសាអូឌីតត្រូវបានគេរាយការណ៍ថា ចាប់អារម្មណ៍ក្នុងការចូលរួមជាមួយក្រុម BRICS ដូចជាប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង – ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំព្រះរាជាណាចក្រលោក Sergey Kozlov បាននិយាយកាលពីខែកុម្ភៈ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top