ព័ត៌មានអន្តរជាតិ

លោក ពូទីន បញ្ជាក់ថា រុស្ស៊ី​ផ្តោត​លើ​ការ​បញ្ចប់​ អនុត្តរភាព​អាមេរិក

ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានអនុម័តកាលពីថ្ងៃសុក្រ នូវកំណែថ្មីនៃគោលគំនិត គោលនយោបាយការបរទេស ដែលក្នុងនោះ រុស្ស៊ីបង្ហាញពីចេតនារបស់ប្រទេស ក្នុងការបញ្ចប់អនុត្តរភាព របស់សហរដ្ឋអាមេរិក។

ឯកសារបានឲ្យដឹងថា ដើម្បីកសាងពិភពលោកពហុប៉ូល រុស្ស៊ីនឹងផ្តោតលើការលុបបំបាត់ ការត្រួតត្រារបស់សហរដ្ឋអាមេរិក នៅក្នុងកិច្ចការពិភពលោក និងបង្កើតលក្ខខណ្ឌ ដើម្បីទប់ទល់នឹង “មហិច្ឆតាថ្មីអាណានិគម និងអនុត្តរភាព”។

រុស្ស៊ីបានហៅសហរដ្ឋអាមេរិកថា “អ្នកបំផុសគំនិតសំខាន់ អ្នករៀបចំ និងប្រតិបត្តិនៃគោលនយោបាយ ប្រឆាំងរុស្ស៊ីដ៏ឈ្លានពាននៃ ក្រុមលោកខាងលិច ដែលជាប្រភពនៃហានិភ័យធំ ដល់សន្តិសុខរបស់រុស្ស៊ី សន្តិភាពអន្តរជាតិ និងការអភិវឌ្ឍប្រកបដោយតុល្យភាព សមធម៌ និងវឌ្ឍនភាពរបស់មនុស្សជាតិ”។

រុស្ស៊ីបានសម្តែងការត្រៀមខ្លួន ដើម្បីរក្សាសមភាពជាយុទ្ធសាស្ត្រ និងការរួមរស់ដោយសន្តិភាព ជាមួយសហរដ្ឋអាមេរិក និងដើម្បីបង្កើតតុល្យភាពផលប្រយោជន៍ រវាងប្រទេសទាំងពីរ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ឯកសារនេះបានឲ្យដឹងទៀតថា ប៉ុន្តែការរំពឹងទុកសម្រាប់ទំនាក់ទំនងបែបនេះ គឺអាស្រ័យលើការត្រៀមខ្លួន របស់សហរដ្ឋអាមេរិក ក្នុងការបោះបង់ចោលគោលនយោបាយ នៃការត្រួតត្រាដោយបង្ខំរបស់ខ្លួន និងពិនិត្យឡើងវិញនូវផ្លូវប្រឆាំងនឹងរុស្ស៊ីរបស់ខ្លួន ក្នុងការពេញចិត្តនៃអន្តរកម្មជាមួយរុស្ស៊ី។

ចំពោះការធ្វើឱ្យមានប្រក្រតីភាព នៃទំនាក់ទំនងរុស្ស៊ី-អឺរ៉ុប គោលគំនិតនេះបានរិះគន់ គោលនយោបាយយុទ្ធសាស្ត្រ របស់សហរដ្ឋអាមេរិក ដើម្បី “គូស និងធ្វើឱ្យបន្ទាត់បែងចែក កាន់តែស៊ីជម្រៅនៅក្នុងទ្វីបអឺរ៉ុប ដើម្បីធ្វើឱ្យប៉ះពាល់ដល់ការប្រកួតប្រជែង នៃសេដ្ឋកិច្ចនៃប្រទេសរុស្ស៊ី និងរដ្ឋអឺរ៉ុប កំណត់អធិបតេយ្យភាពរបស់រដ្ឋអឺរ៉ុប និង ធានា​ដល់​ការ​ត្រួតត្រា​ពិភពលោក ​របស់​សហរដ្ឋ​អាមេរិក”។

គោលគំនិតគោលនយោបាយ ការបរទេសរបស់រុស្ស៊ីមួយនេះ ត្រូវបានអនុម័តដោយលោក ពូទីន នៅក្នុងក្រឹត្យមួយ ដែលបានចុះហត្ថលេខា កាលពីថ្ងៃសុក្រដើម្បីជំនួសកំណែ ឆ្នាំ២០១៦ ហើយឯកសារនេះចូលជាធរមានភ្លាមៗផងដែរ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top