បរទេស៖ អ្នកវិភាគនយោបាយជនជាតិ ក្រូអាតម្នាក់បានឲ្យដឹងថា ស្តង់ដារប្រជាធិបតេយ្យរបស់អាមេរិក គឺពិតជាមិនមែនជាស្តង់ដារ ប្រជាធិបតេយ្យតែមួយគត់ ដែលចាត់ទុកជាគំរូសម្រាប់ពិភពលោកនោះទេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោក Marinko Ogorec បានប្រាប់កាសែតស៊ិនហួ ក្នុងបទសម្ភាសមួយកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិក មិនអាចជាចៅក្រមតែមួយគត់ លើលទ្ធិប្រជាធិបតេយ្យបាននោះទេ។
លោកបានលើកឡើងថា ទោះបីជាសង្គ្រាមត្រជាក់បានបញ្ចប់ក៏ដោយ ចិត្តគំនិតនៃសង្រ្គាមត្រជាក់នៃ “អ្នកនៅជាមួយយើង ឬប្រឆាំងនឹងយើង” ជាអកុសលនៅតែដំណើរការដដែល ខណៈដែលមនុស្សជាច្រើននៅលើ ពិភពលោកនៅតែគិតក្នុងន័យទាំងនោះ ប៉ុន្តែ “វិធីនៃការគិតនេះ គឺខុសទាំងស្រុង”។
លោក Ogorec បានបន្ដថា លទ្ធិប្រជាធិបតេយ្យមិនធ្លាប់ជាកម្មសិទ្ធិ ផ្តាច់មុខរបស់ប្រទេសណាមួយឡើយ ព្រោះគ្រប់ប្រទេសក្នុងពិភពលោក មានសិទ្ធិជ្រើសរើសផ្លូវនៃការអភិវឌ្ឍន៍ លទ្ធិប្រជាធិបតេយ្យដែលសាកសម នឹងលក្ខខណ្ឌជាតិរបស់ខ្លួន។
លោកបានបន្ថែមថា “ខ្ញុំយល់ស្របជាមួយប្រទេសចិន។ គ្រប់សង្គម និងគ្រប់វិធីនៃការគិតមានមាគ៌ារៀងៗខ្លួន ហើយត្រូវតែគោរព។ លទ្ធិប្រជាធិបតេយ្យពិតជាគោរព ចំពោះគ្រប់មាគ៌ាផ្សេងគ្នា និងវិធីគិតខុសៗគ្នា”។
លោក Ogorec បានបន្ដថា លោកជឿថាមានទម្រង់ លទ្ធិប្រជាធិបតេយ្យផ្សេងៗគ្នា នៅក្នុងពិភពលោក ហើយស្តង់ដារប្រជាធិបតេយ្យ របស់អាមេរិកមិនមែនតែមួយនោះទេ។
លោក Ogorec បានបន្ថែមទៀតថា ដោយសារគ្រប់លទ្ធិប្រជាធិបតេយ្យ មានជំនាញពិសេស ក៏ដូចជាចំណុចខ្វះខាត រួមទាំងស្តង់ដារប្រជាធិបតេយ្យរបស់អាមេរិក ប្រសិនបើប្រជាជនពេញចិត្តនឹងគំរូ ប្រជាធិបតេយ្យរបស់ពួកគេនៅក្នុងសង្គមនោះ គំរូប្រជាធិបតេយ្យរបស់ពួកគេ គឺអាចទទួលយកបាន ហើយត្រូវតែគោរព ៕
ប្រែសម្រួល ឈូក បូរ៉ា