ប៉េកាំង ៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានឲ្យដឹងថា ប្រទេសចិន តវ៉ាយ៉ាងខ្លាំង និងថ្កោលទោស ចំពោះការរៀបចំរបស់សហរដ្ឋអាមេរិក សម្រាប់អ្វីដែលគេហៅថា “ការឆ្លងកាត់” របស់មេដឹកនាំតៃវ៉ាន់លោកស្រី Tsai Ing-wen តាមរយៈសហរដ្ឋអាមេរិក ដោយបន្ថែមថា ប្រទេសចិន នឹងការពារយ៉ាងម៉ឺងម៉ាត់ នូវអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន។
អ្នកនាំពាក្យលោកស្រី Mao Ning បានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ដើម្បីឆ្លើយតបទៅនឹងការសាកសួរ អំពីអ្វីដែលហៅថាការឈប់សម្រាករបស់ Tsai នៅសហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។
លោកស្រី Mao បានលើកឡើងថា ប្រទេសចិនប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះគ្រប់ទម្រង់នៃទំនាក់ទំនងផ្លូវការរវាងសហរដ្ឋអាមេរិក និងតំបន់តៃវ៉ាន់។
លោកស្រីបានបន្ដថា “យើងប្រឆាំងដាច់ខាតរាល់ដំណើរទស្សនកិច្ចរបស់មេដឹកនាំតំបន់តៃវ៉ាន់ ទៅកាន់សហរដ្ឋអាមេរិកក្នុងនាមណាមួយ ឬក្រោមលេសអ្វីក៏ដោយ ហើយយើងប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលមានទម្រង់ទំនាក់ទំនងផ្លូវការណាមួយជាមួយតំបន់តៃវ៉ាន់”។
លោកស្រី Mao បានកត់សម្គាល់ថា ដោយមិនអើពើនឹងការរារាំងដ៏ខ្លាំងក្លារបស់ប្រទេសចិន និងការព្រមានម្តងហើយម្តងទៀត សហរដ្ឋអាមេរិកបានទទូចឱ្យរៀបចំអ្វីដែលគេហៅថា “ការឆ្លងកាត់” សម្រាប់លោកស្រី Tsai ទៅកាន់ប្រទេសនេះ។
លោក Mao បានបន្ថែមថា “ប្រទេសចិនតវ៉ាយ៉ាងខ្លាំងនិងថ្កោលទោស ចំពោះរឿងនោះ ដោយលោកស្រីបានចង្អុលបង្ហាញថា សហរដ្ឋអាមេរិក និងអាជ្ញាធរតៃវ៉ាន់ បានធ្វើការរៀបចំ សម្រាប់លោកស្រី Tsai ដើម្បីចូលរួមក្នុងសកម្មភាពនយោបាយ នៅក្នុងសហរដ្ឋអាមេរិក ហើយបានចាត់ទុកវាជា “ដំណើរឆ្លងកាត់” ដើម្បីបង្កើនការផ្លាស់ប្តូរជាផ្លូវការ និងទំនាក់ទំនងសំខាន់ៗជាមួយតំបន់តៃវ៉ាន់។
លោកស្រីបានអះអាងថា “នេះរំលោភយ៉ាងធ្ងន់ធ្ងរលើ គោលការណ៍ចិនតែមួយ និងសេចក្តីថ្លែងការណ៍រួមទាំងបីរបស់ចិន-អាមេរិក ធ្វើឱ្យខូចអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ចិន យ៉ាងធ្ងន់ធ្ងរ ហើយផ្ញើសារខុសធ្ងន់ធ្ងរ ទៅកាន់អ្នកបំបែកខ្លួនឯករាជ្យតៃវ៉ាន់”។
អ្នកនាំពាក្យរូបនេះបានបន្ថែមថា “នេះបង្ហាញជាថ្មីម្តងទៀតថា មូលហេតុជាមូលដ្ឋាន នៃភាពតានតឹងថ្មីនៅច្រកសមុទ្រតៃវ៉ាន់ គឺការព្យាយាមម្តង ហើយម្តងទៀត របស់អាជ្ញាធរតៃវ៉ាន់ ដើម្បីទាមទារការគាំទ្រ របស់សហរដ្ឋអាមេរិក សម្រាប់ “ឯករាជ្យភាពតៃវ៉ាន់” និងការពិតដែលថា មួយចំនួននៅក្នុងសហរដ្ឋអាមេរិក មានបំណងប្រើប្រាស់តៃវ៉ាន់ ដើម្បីទប់ស្កាត់ប្រទេសចិន”៕
ប្រែសម្រួល ឈូក បូរ៉ា