ព័ត៌មានអន្តរជាតិ

អ្នកជំនាញ់អាហ្សង់ទីន៖ យុទ្ធសាស្រ្ដសន្លឹកបៀតៃវ៉ាន់របស់អាមេរិក នឹងត្រូវបរាជ័យ

ប៉េកាំង៖ អ្នកសិក្សាអាហ្សង់ទីនម្នាក់លោក Sebastian Schulz បានឲ្យដឹងថា យុទ្ធសាស្ត្រសន្លឹកបៀតៃវ៉ាន់របស់សហរដ្ឋអាមេរិក នឹងត្រូវបរាជ័យ ដោយសារវាផ្ទុយនឹងនិន្នាការប្រវត្តិសាស្ត្រ ហើយគ្រាន់តែស្វែងរក ដើម្បីរក្សាអនុត្តរភាពសកលរបស់ទីក្រុងវ៉ាស៊ីនតោនប៉ុណ្ណោះ។

អ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌលសិក្សាភាសាចិននៃសាកលវិទ្យាល័យជាតិ La Plata បានប្រាប់កាសែត ក្នុងបទសម្ភាសន៍នាពេលថ្មីៗនេះថា “ក្រុងវ៉ាស៊ីនតោន មានសមត្ថភាពតិចជាងក្នុងការបង្ខំឱ្យប្រទេសនៃតំបន់របស់យើងតម្រឹមខ្លួនឯងជាមួយតៃវ៉ាន់” ។

លោកបានលើកឡើងថា “ទំនាក់ទំនងជាមួយតៃវ៉ាន់ត្រូវបានទ្រទ្រង់ដោយសម្ពាធរបស់សហរដ្ឋអាមេរិក ហើយសម្ពាធនោះកំពុងថយចុះជាលទ្ធផលនៃវិបត្តិអនុត្តរភាពរបស់ទីក្រុងវ៉ាស៊ីនតោន ប៉ុន្តែក៏ដោយសារតែការកើនឡើងនៃអំណាចទាក់ទងនៃប្រទេសកំពុងរីកចម្រើន និងកំពុងអភិវឌ្ឍន៍” ។

ដោយនិយាយអំពីការសម្រេចចិត្តនាពេលថ្មីៗនេះរបស់ហុងឌូរ៉ាស ក្នុងការបំបែកអ្វីដែលគេហៅថា “ទំនាក់ទំនងការទូត” ជាមួយតៃវ៉ាន់ អ្នកស្រាវជ្រាវរូបនេះបានលើកឡើងថា “តំបន់អាមេរិកឡាទីន និងការាបៀនមានស្វ័យភាព និងអធិបតេយ្យភាពខ្លាំងជាងលើគោលនយោបាយអន្តរជាតិរបស់ខ្លួន នោះហើយជាមូលហេតុ ដែលការសម្រេចចិត្តរបស់ហុងឌូរ៉ាស”។

លោកបានបន្ថែមថា តៃវ៉ាន់ គឺជាផ្នែកដែលមិនអាចកាត់ផ្តាច់បានរបស់ប្រទេសចិន ហើយបណ្តាប្រទេសនៃសកលលោកខាងត្បូងមើលឃើញថានៅក្នុងប្រទេសចិនជាប្រទេសដ៏សំខាន់ដែលមានការទទួលខុសត្រូវ។

លោក Schulz បានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិក អនុវត្តស្តង់ដារទ្វេរដងក្នុងការទទួលស្គាល់គោលនយោបាយចិនតែមួយ ហើយក្នុងពេលជាមួយគ្នានេះតែងតែលើកទឹកចិត្តដល់ជំហរផ្តាច់ខ្លួននៅតៃវ៉ាន់ ដោយផ្តល់អាវុធដល់តៃវ៉ាន់។

អ្នកជំនាញបានបន្ថែមថា “ច្បាស់ណាស់ ចំនួនប្រជាជនរស់នៅរបស់កោះតៃវ៉ាន់ គឺជាការព្រួយបារម្ភតិចតួចបំផុតរបស់សហរដ្ឋអាមេរិក។ អ្វីដែលទីក្រុងវ៉ាស៊ីនតោន ស្វែងរកជាមួយនឹងសមយុទ្ធរបស់ខ្លួនគឺដើម្បីរក្សាឧត្តមភាពរបស់ខ្លួននៅក្នុងសណ្តាប់ធ្នាប់អន្តរជាតិ និងទ្រទ្រង់អនុត្តរភាពរបស់ខ្លួនដោយបង្កើតភាពតានតឹង និងអស្ថិរភាព”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top