ប៉េកាំង៖ នៅក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន លោក Yoshimasa Hayashi កាលពីថ្ងៃអាទិត្យ នាយករដ្ឋមន្ត្រីចិន លោក លី ឈាំង បានជំរុញឱ្យជប៉ុន ជួបជាមួយប្រទេសចិន និងពង្រឹងកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ ព្រមទាំងគ្រប់គ្រងភាពមិនស្របគ្នា ដោយមន្ត្រីនៃប្រទេសទាំងពីរ ក៏បានពិភាក្សាអំពីបញ្ហាសំខាន់ៗ ដូចជាសំណួរតៃវ៉ាន់។
ដំណើរទស្សនកិច្ចរបស់លោក Hayashi ទៅកាន់ប្រទេសចិន បានកើតឡើងនៅពេលដែល ទំនាក់ទំនងទ្វេភាគីបានធ្លាក់ចុះដល់ “ស្ថានភាពធ្ងន់ធ្ងរបំផុត” ក្នុងរយៈពេលប្រាំទសវត្សរ៍។ អ្នកជំនាញយល់ឃើញថា វាជាការផ្តល់ឱកាសសម្រាប់ប្រទេសទាំងពីរ ក្នុងការប្ដេជ្ញាចិត្តក្នុងការទទួលបានទំនាក់ទំនង មកវិញលើផ្លូវត្រូវនៃការគ្រប់គ្រងជម្លោះតាមរយៈការសន្ទនា។
ដោយប្រទេសជប៉ុន មិនទាន់អាចរុះរើទស្សនៈខុសឆ្គងរបស់ខ្លួន ចំពោះប្រទេសចិន និងមានបំណងបន្តជួយសហរដ្ឋអាមេរិក ក្នុងការទប់ស្កាត់ទីក្រុងប៉េកាំង អ្នកជំនាញបានឲ្យដឹងថា ដំណើរទស្សនកិច្ចមួយនឹងមិននាំមកនូវ ការផ្លាស់ប្តូរច្រើននោះទេ។ ពួកគេបានឲ្យដឹងថា ទំនួលខុសត្រូវ គឺស្ថិតនៅលើទីក្រុងតូក្យូ ដើម្បីបង្ហាញភាពស្មោះត្រង់បន្ថែមទៀត ក្នុងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងចិន-ជប៉ុន។
នៅក្នុងជំនួបជាមួយលោក Hayashi នាយករដ្ឋមន្ត្រីចិនលោក លី បានលើកឡើងថា លោកមានបំណងចង់ឱ្យប្រទេសចិន និងជប៉ុន អាចធ្វើការរួមគ្នាដើម្បីកសាងទំនាក់ទំនង ដែលតម្រូវដោយយុគសម័យថ្មី ហើយលោកបានស្នើឱ្យជប៉ុនប្រព្រឹត្ត ចំពោះប្រទេសចិនដោយភាពស្មោះត្រង់ និងភាពជឿជាក់។
លោកនាយករដ្ឋមន្ត្រីចិនបានលើកឡើងថា ប្រទេសចិន និងជប៉ុន គឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់ ដូច្នេះភាគីទាំងពីរគួរតែដឹង ពីផលប្រយោជន៍ទៅវិញទៅមក និងសម្រេចបាននូវកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ក្នុងកម្រិតខ្ពស់ជាងនេះ។
លោក វ៉ាង យី ប្រធានការិយាល័យ គណៈកម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានប្រាប់លោក Hayashi កាលពីថ្ងៃអាទិត្យថា បច្ចុប្បន្ននេះទំនាក់ទំនងចិន-ជប៉ុន នៅតែមានស្ថិរភាព ប៉ុន្តែពេលខ្លះមានការរំខានកើតឡើង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព៧ត៌មាន GlobalTime។
លោកបានបន្ដថា ហេតុផលជាមូលដ្ឋាន គឺដោយសារតែកងកម្លាំងមួយចំនួន នៅក្នុងប្រទេសជប៉ុន មានចេតនាធ្វើតាមគោលនយោបាយខុសរបស់អាមេរិក ដោយព្យាយាមញុះញង់ និងបំពុលផលប្រយោជន៍ស្នូលរបស់ចិន។ ចំណាត់ការបែបនេះ គឺគិតខ្លីជាយុទ្ធសាស្ត្រ ខុសលើផ្នែកនយោបាយ និងមិនឈ្លាសវៃក្នុងលក្ខខណ្ឌការទូត។
ការរួមរស់ដោយសន្តិភាព និងកិច្ចសហប្រតិបត្តិការមិត្តភាព គឺជាជម្រើសតែមួយគត់ សម្រាប់ទំនាក់ទំនងចិន-ជប៉ុន នេះបើតាមទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការបរទេសចិន Qin Gang បានប្រាប់ Hayashi នៅទីក្រុងប៉េកាំងកាលពីថ្ងៃអាទិត្យថា លោក បានជំរុញឱ្យប្រទេសជប៉ុន បង្កើតការទទួលស្គាល់ត្រឹមត្រូវនៃប្រទេសចិន ពង្រឹងទំនាក់ទំនង និងគ្រប់គ្រងជម្លោះឱ្យបានត្រឹមត្រូវ នៅក្នុងកិច្ចប្រជុំផ្ទាល់លើកដំបូង រវាងរដ្ឋមន្ត្រីការបរទេសនៃ ប្រទេសទាំងពីរក្នុងរយៈពេលជាង ៣ឆ្នាំ។
នៅក្នុងជំនួបនោះលោក Qin និងលោក Hayashi បានពិភាក្សាអំពីបញ្ហាស្នូល ដែលប៉ះពាល់ដល់ទំនាក់ទំនង រួមទាំងផែនការរបស់ប្រទេសជប៉ុន ក្នុងការបោះចោលទឹកសំណល់ ដែលបំពុលដោយនុយក្លេអ៊ែរ Fukushima ចូលទៅក្នុងមហាសមុទ្រ ការរឹតបន្តឹងថ្មីៗនេះរបស់ ទីក្រុងតូក្យូលើការនាំចេញឧបករណ៍ semiconductor និងសំណួរតៃវ៉ាន់ ៕
ប្រែសម្រួល ឈូក បូរ៉ា