ព័ត៌មានអន្តរជាតិ

ក្រុមពន្លត់អគ្គីភ័យ រាប់រយនាក់កំពុងចល័តគ្នា ពន្លត់ភ្លើងដែលបាននឹងកំពុងលេបត្របាក់ផ្សារមួយ នៅរដ្ឋធានីប្រទេសបង់ក្លាដេស

ដាកា៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ថា កាកាលពីថ្ងៃអង្គារនេះ ក្រុមអ្នកពន្លត់អគ្គីភ័យបង់ក្លាដេស រាប់រយនាក់ត្រូវបានចល័តនៅក្នុងរដ្ឋធានីដាកា ដើម្បីទប់ទល់នឹងភ្លើងឆេះដែលហុយពេញទីផ្សារ លក់សម្លៀកបំពាក់ដ៏ពេញនិយមមួយកន្លែង ហើយបានគ្របដណ្តប់តំបន់ដ៏ចំណាស់បំផុតរបស់ទីក្រុងនេះដោយផ្សែងខ្មៅ ។

គេបានដឹងថា រហូតមកទល់ពេលនេះ មិនទាន់មានសេចក្តីរាយការណ៍ពីអ្នកស្លាប់ និងរបួសនោះទេ ប៉ុន្តែម្ចាស់ហាង និងមន្ត្រីអគ្គិភ័យបានប្រាប់ ដល់អ្នកសារព័ត៌មានថា ផ្សារ Bongo Bazar និងតំបន់ពាណិជ្ជកម្មចំនួន៣ ដែលនៅជាប់គ្នានោះ ត្រូវបានឆេះស្ទើរតែទាំងស្រុងហើយ ។

លោក Rakibul Islam អ្នកនាំពាក្យមកពីនាយកដ្ឋានពន្លត់អគ្គីភ័យ បានប្រាប់ដល់ទីភ្នាក់ងារ AFP ថា “អ្នកពន្លត់អគ្គីភ័យប្រហែល៦០០នាក់កំពុងធ្វើការដើម្បីគ្រប់គ្រងភ្លើងដែលកំពុងឆាបឆេះ”  ។

អ្នកនាំពាក្យយោធាបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ឧទ្ធម្ភាគចក្រកងទ័ពអាកាស បានចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងពន្លត់អគ្គីភ័យ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top