ហែលហ្សេនគី៖ ប្រទេសហ្វាំងឡង់ បានប្រកាសកាលពីថ្ងៃអង្គារថា ខ្លួននឹងបិទការិយាល័យ ស្ថានកុងស៊ុលរបស់ខ្លួនជា បណ្តោះអាសន្ននៅទីក្រុង Petrozavodsk ប្រទេសរុស្ស៊ី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
យោងតាមក្រសួងការបរទេសហ្វាំងឡង់ ការសម្រេចចិត្តនេះកើតឡើង បន្ទាប់ពីមានការថយចុះគួរឱ្យកត់សម្គាល់ នៃកិច្ចការស្នូលរបស់ការិយាល័យ ទោះបីជាវាអាចបើកឡើងវិញ នៅពេលក្រោយប្រសិនបើចាំបាច់ក៏ដោយ។
ការិយាល័យប្រចាំនៅទីក្រុង Petrozavodsk ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩០ ហើយផ្តោតលើបញ្ហាទាក់ទងនឹងការចូល ការតភ្ជាប់ទ្វេភាគី និងការលើកកម្ពស់ កិច្ចសហប្រតិបត្តិការក្នុងតំបន់ និងឆ្លងកាត់ព្រំដែន។
កាលពីដើមឆ្នាំនេះ ក្រសួងការបរទេសហ្វាំងឡង់ បានសម្រេចចិត្តបិទការិយាល័យ កុងស៊ុលរបស់ខ្លួននៅទីក្រុង Murmansk ដែលរួមជាមួយនឹងការិយាល័យទីក្រុង Petrozavodsk ដែលដំណើរការនៅក្រោមស្ថានអគ្គកុងស៊ុល របស់ប្រទេសហ្វាំងឡង់នៅទីក្រុង St Petersburg។
ក្រសួងបានឲ្យដឹងថា ការសម្រេចនេះមិនប៉ះពាល់ដល់ សកម្មភាពបេសកកម្មការទូតរុស្ស៊ី នៅហ្វាំងឡង់នោះទេ។ ទីក្រុង Petrozavodsk ស្ថិតនៅចម្ងាយប្រហែល ៣០០ គីឡូម៉ែត្រពីព្រំដែនភាគអាគ្នេយ៍ នៃប្រទេសហ្វាំងឡង់ ៕
ប្រែសម្រួល ឈូក បូរ៉ា