ម៉ូស្គូ៖ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ លោក Vassily Nebenzia បានសង្កត់ធ្ងន់លើតម្រូវការ ដើម្បីដកប្រាក់ដុល្លារ ចេញពីចរន្ដសេដ្ឋកិច្ចពិភពលោក បន្ទាប់ពីការដាក់ទណ្ឌកម្មរបស់បស្ចិមលោក ប្រឆាំងនឹងរុស្ស៊ី បានបង្កឱ្យមានការព្រួយបារម្ភ អំពីភាពជឿជាក់នៃប្រព័ន្ធទូទាត់អន្តរជាតិ ដែលផ្អែកលើប្រាក់ដុល្លារ។
លោកបានប្រាប់សន្និសីទសារព័ត៌មាននៅទីស្នាក់ការអង្គការសហប្រជាជាតិ ខណៈដែលប្រទេសរបស់លោក ចូលកាន់តំណែងជាប្រធានប្តូរវេននៃក្រុមប្រឹក្សាសន្តិសុខសម្រាប់ខែមេសា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ការពឹងផ្អែកលើប្រាក់ដុល្លារអាមេរិក និងរូបិយបណ្ណលោកខាងលិចផ្សេងទៀត មិនមែនគ្រាន់តែជាបញ្ហា សម្រាប់រុស្ស៊ីប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ប្រទេសជាច្រើនផ្សេងទៀត ដោយសារអ្វីដែលបានកើតឡើង បន្ទាប់ពីសហភាពអឺរ៉ុប សហរដ្ឋអាមេរិក និងប្រទេសមួយចំនួនទៀត បានដាក់ទណ្ឌកម្មប្រឆាំងនឹងប្រទេសរុស្ស៊ីបន្ទាប់ពីការផ្ទុះឡើងនៃជម្លោះរវាងប្រទេសរុស្ស៊ី-អ៊ុយក្រែននៅខែកុម្ភៈ ឆ្នាំ២០២២។
ក្នុងចំណោមវិធានការដាក់ទណ្ឌកម្ម គឺការដកធនាគាររុស្ស៊ីដែលបានជ្រើសរើសចេញពីប្រព័ន្ធ SWIFT ដែលជាបណ្តាញផ្ញើសារ ដែលការទូទាត់អន្តរជាតិត្រូវបានផ្តួចផ្តើមធ្វើឱ្យអន្តរាយដល់ប្រតិបត្តិការអន្តរជាតិរបស់រុស្ស៊ី។
លោកបន្ដថា “ការដាក់ទណ្ឌកម្មមិនបានជួយពួកគេច្រើននោះទេ ប៉ុន្តែវាប្រាប់យើងថា ពួកគេមិនគួរឱ្យទុកចិត្ត។ ប្រព័ន្ធហិរញ្ញវត្ថុរបស់ពួកគេមិនមែនជាអ្វី ដែលយើងអាចពឹងផ្អែកបាននោះទេ ដោយដឹងថា ពួកគេអាចបិទនៅពេលណាក៏បាន ឬបិទប្រព័ន្ធ SWIFT ដែលជា ប្រព័ន្ធទូទាត់អន្តរជាតិ ប្រតិបត្តិការប្រាក់ដុល្លារមិនគួរឱ្យទុកចិត្តទៀតនោះទេ”។
លោកបន្ថែមទៀតថា “ពួកគេបានដាក់ទណ្ឌកម្មប្រាក់ដុល្លារដោយខ្លួនឯង ពីព្រោះឥឡូវនេះ ប្រាក់ដុល្លារមិនអាចធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ីជាផ្លូវការបាននោះទេ”។
លោកបានបញ្ជាក់ថា រុស្ស៊ីត្រូវស្វែងរកមធ្យោបាយ ដើម្បីផ្លាស់ទីទៅកាន់ប្រព័ន្ធថ្មីមួយនៃការផ្លាស់ប្តូរជាមួយប្រទេសជាមិត្ត ហើយកិច្ចខិតខំប្រឹងប្រែងទាំងនេះបានចាប់ផ្តើមសូម្បីតែមុនខែកុម្ភៈឆ្នាំ ២០២២ យើងបាននិយាយរួចហើយថា យើងត្រូវ ‘ដកប្រាក់ដុល្លារ’ ចេញពីក្នុងចរន្ដសេដ្ឋកិច្ចពិភពលោក មុនពេលនោះ ហើយយើងចង់ពាក់ព័ន្ធនឹងរូបិយប័ណ្ណក្នុងស្រុក បន្ថែមទៀតនៅក្នុងពាណិជ្ជកម្មជាមួយរុស្ស៊ី៕ប្រែសម្រួល ឈូក បូរ៉ា