ព័ត៌មានអន្តរជាតិ

UN៖ តាលីបង់ ដាក់បទបញ្ជាហាមប្រាមមិនឲ្យ ស្ត្រីជនជាតិអាហ្វហ្គានីស្ថាន បម្រើការនៅអង្គការសហប្រជាជាតិ

អ.ស.ប៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ថា អង្គការសហប្រជាជាតិ (UN) បានឲ្យដឹងថា បញ្ជារបស់តាលីបង់ បានរារាំងស្ត្រីអាហ្វហ្គានីស្ថាន មិនឱ្យធ្វើការឱ្យអង្គការសហប្រជាជាតិឡើយ ។

អង្គការសហប្រជាជាតិបានឲ្យដឹងថា ពួកតាលីបង់ បានជូនដំណឹងរបស់ពួកគេដោយផ្ទាល់មាត់ ប៉ុន្តែមិនទាន់មានការទំនាក់ទំនង ជាលាយលក្ខណ៍អក្សរអំពី ការផ្លាស់ប្តូរនេះនៅឡើយទេ ។

អង្គការសហប្រជាជាតិ បានប្រាប់ដល់បុគ្គលិកអាហ្វហ្គានីស្ថាន របស់ខ្លួនទាំងបុរស និងស្ត្រី មិនឱ្យរាយការណ៍ទៅធ្វើការរយៈពេល ៤៨ម៉ោង រហូតដល់រឿងនេះមានភាពច្បាស់លាស់ អំពីបញ្ហានេះនៅក្នុងកិច្ចប្រជុំជាមួយពួកតាលីបង់ ជាមុនសិន ។

គេបានដឹងថា មានការរឹតត្បិតកាន់តែខ្លាំងឡើង លើសេរីភាពរបស់ស្ត្រីចាប់តាំងពី ក្រុមតាលីបង់បានដណ្តើមអំណាច នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន នៅក្នុងឆ្នាំ២០២១ ។

អ្នកនាំពាក្យអង្គការសហប្រជាជាតិ បានលើកឡើងថា “នេះគឺជានិន្នាការដ៏គួរឱ្យព្រួយបារម្ភ ចុងក្រោយបំផុតដែល ធ្វើឱ្យខូចសមត្ថភាពរបស់អង្គការ ជំនួយក្នុងការឈានដល់អ្នកដែលត្រូវការបំផុត” ។ អង្គការបានឲ្យដឹងទៀតថា វា “មិនអាចដំណើរការ និងផ្តល់ជំនួយសង្គ្រោះជីវិត ដោយគ្មានបុគ្គលិកស្រីបាននោះទេ” ។

អង្គការសហប្រជាជាតិ បានហៅបទបញ្ជារបស់តាលីបង់ថា “មិនអាចទទួលយកបាន និងមិនអាចយល់បានដោយស្មោះត្រង់ឡើយ” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top