ព័ត៌មានអន្តរជាតិ

ធ្លាក់ឧទ្ធម្ភាគចក្រ ដឹកអ្នកទេសចរ នៅវៀតណាម រកឃើញអ្នកស្លាប់៤នាក់ និងបាត់ខ្លួនម្នាក់

បរទេស ៖ ក្រុមអ្នកជួយសង្រ្គោះ នៅព្រឹកថ្ងៃព្រហស្បតិ៍ បានរកឃើញសាកសពស្ត្រី អ្នកទេសចរម្នាក់ ដែលនៅលើឧទ្ធម្ភាគចក្រ ដែលបានធ្លាក់នៅជិត ឈូងសមុទ្រ Ha Long កាលពីថ្ងៃពុធ ។ សាកសពត្រូវបានរកឃើញ នៅវេលាម៉ោង៩ និង៣០នាទីព្រឹក នៅក្នុងឧទ្ធម្ភាគចក្រនៅកោះ Hon Dep ក្នុងដែនទឹករវាងខេត្ត Quang Ninh និង Hai Phong ។

យោងតាមសារ ព័ត៌មាន វៀតណាម VN Express ចេញផ្សាយនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា កាលពីយប់ថ្ងៃពុធ សាកសព របស់លោកវរសេនីយ៍ឯក Chu Quang Minh អាយុ ៥៩ ឆ្នាំ ដែលជាអ្នកបើកបរឧទ្ធម្ភាគចក្រ ដែលដឹកអ្នកទេសចរ ៤ នាក់ត្រូវបានគេរកឃើញ នៅក្នុងតំបន់នោះ ។

សាកសពជនរងគ្រោះ៤នាក់ ក្នុងចំណោម៥នាក់ ត្រូវបានរកឃើញ ខណៈម្នាក់ទៀត ជាស្ត្រីអ្នកទេសចរណ៍ កំពុងបាត់ខ្លួននៅឡើយ។ នៅម៉ោងប្រហែល ៧ និង ១៥ នាទីយប់ថ្ងៃពុធ បុគ្គលិកយោធាបានរកឃើញសាកសពពីរនាក់ ជាមួយនឹងបំណែកនៃតួឧទ្ធម្ភាគចក្រ ។

កាលពីយប់ថ្ងៃពុធ មនុស្សរាប់រយនាក់ និងកប៉ាល់រាប់សិបគ្រឿង ដែលជាកម្មសិទ្ធិរបស់កងទ័ព ឆ្មាំព្រំដែន កំពង់ផែ ប៉ូលីស និងអ្នកនេសាទ បានបន្តស្វែងរកអ្នក ដែលនៅសេសសល់ពីរនាក់ នៅក្នុងដែនទឹក រវាងឈូងសមុទ្រ Lan Ha ក្នុង Hai Phong និង Ha Long Bay ក្នុងខេត្ត Quang Ninh។

រដ្ឋាភិបាលបានណែនាំ ដល់អាជ្ញាធរពាក់ព័ន្ធឱ្យស៊ើបអង្កេត រកមូលហេតុនៃគ្រោះថ្នាក់ និងពិនិត្យដំណើរការទាំងមូល នៃការរៀបចំការហោះហើរនេះ។ ឧទ្ធម្ភាគចក្រ Bell 505 ដែលជាកម្មសិទ្ធិ របស់ក្រុមហ៊ុនរដ្ឋវៀតណាម Northern Vietnam Helicopter បាននាំអ្នកទេសចរធ្វើដំណើរ តាមអាកាសនៅឈូងសមុទ្រ Ha Long ដោយហោះចេញពីកោះ Tuan Chau នៅម៉ោង ៤ និង៥៦នាទី រសៀល ហើយការគ្រប់គ្រងបានបាត់បង់ សញ្ញាវិទ្យុនៅម៉ោង ៥ និង១៥នាទី ល្ងាច។

ឧទ្ធម្ភាគចក្រដែលត្រូវបានប្រើ ជាប្រចាំសម្រាប់ដំណើរទេសចរណ៍ ត្រូវបានក្រុមហ៊ុនទិញក្នុងឆ្នាំ ២០១៩៕

ប្រែសម្រួលៈ ណៃ តុលា

To Top