ប៊ីដាប៊ែស៖ រដ្ឋមន្ត្រីការបរទេសហុងគ្រី លោក Peter Szijjarto បានឲ្យដឹងថា រដ្ឋាភិបាលហុងគ្រី មិនចង់ឱ្យអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) ក្លាយជាប្លុកប្រឆាំងចិននោះទេ នេះបើតាមរដ្ឋមន្ត្រីការបរទេស Peter Szijjarto បាននៅក្នុងការបិទកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសរបស់អង្គការណាតូ នៅទីក្រុងព្រុចសែល។
លោកបានលើកឡើងថា ជំនួសឲ្យការប្រជែងគ្នា កិច្ចសហប្រតិបត្តិការ ដែលមានប្រយោជន៍ទៅវិញទៅមក គឺពិតត្រូវការនេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ ។
លោកបានលើកឡើងថា “យើងមិនចង់ឱ្យណាតូ ក្លាយជាប្លុកប្រឆាំង ចិននោះទេ។ យើងមិនឃើញអត្ថន័យនៃការប្រកួតប្រជែង យើងមិនឃើញតក្កវិជ្ជារបស់វា ហើយយើងមិនឃើញអ្វី ដែលល្អ អាចចេញពីវា” ។
ជំនួសឱ្យការប្រជែងគ្នា រដ្ឋាភិបាលហុងគ្រីចាប់អារម្មណ៍ លើកិច្ចសហប្រតិបត្តិការ ដែលមានផលប្រយោជន៍ទៅវិញទៅមក ដែលលោកបាននិយាយថាមិនត្រឹមតែអាចធ្វើទៅបានប៉ុណ្ណោះទេ ប៉ុន្តែក៏ចាំបាច់ផងដែរ ជាពិសេសនៅក្នុងបរិបទនៃបដិវត្តន៍រថយន្ត។
លោកបានរំលឹកពីឧទាហរណ៍ នៃក្រុមហ៊ុនផលិតរថយន្តនៅអ៊ឺរ៉ុប ដែលបានក្លាយជា “ពឹងផ្អែកទាំងស្រុងលើអាគុយរថយន្តអគ្គិសនីរបស់កូរ៉េខាងត្បូង និងចិន”។ លោកបានបន្តថា អ្នកទាំងអស់ដែលកំពុង អំពាវនាវឲ្យមានការបំបែកសេដ្ឋកិច្ចចិន និងអឺរ៉ុប ប្រថុយនឹងការវាយប្រហារយ៉ាងខ្លាំងដល់សេដ្ឋកិច្ចអឺរ៉ុប។
លោកបានព្រមានថា បើគ្មានកិច្ចសហប្រតិបត្តិការចិន-អឺរ៉ុបទេនោះ ក៏គ្មានឧស្សាហកម្មរថយន្តអឺរ៉ុបថ្មីដែរ ហើយក៏គ្មានការការពារបរិស្ថានអឺរ៉ុបជោគជ័យដែរ។
លោក Szijjarto ក៏បានដោះស្រាយផែនការ សន្តិភាពរបស់ចិនសម្រាប់អ៊ុយក្រែន ដែលលោកជឿថា អាចជាចំណុចចាប់ផ្តើម ដ៏សមរម្យសម្រាប់ការចរចាអន្តរជាតិ។
លោកបានបន្ថែមថា “យើងចង់ឱ្យកិច្ចចរចាសន្តិភាព ចាប់ផ្តើមឱ្យបានឆាប់ តាមដែលអាចធ្វើទៅបាន ពីព្រោះថាកាន់តែមានបទឈប់បាញ់កាន់តែឆាប់ យើងអាចជួយសង្គ្រោះ ជីវិតមនុស្សកាន់តែច្រើន នៅអ៊ុយក្រែន” ៕
ប្រែសម្រួល ឈូក បូរ៉ា