បរទេស៖ ទីក្រុងប៉េកាំងបានប្រាប់ ក្រុងវ៉ាស៊ីនតោន ថា បញ្ហាកោះតៃវ៉ាន់គឺជា “ខ្សែក្រហមទីមួយ” ដែលមិនគួរឆ្លងកាត់ ក្នុងទំនាក់ទំនងរវាងចិន និងអាមេរិកនោះទេ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា ការព្រមានពីក្រសួងការបរទេសចិន បែបនេះ បានធ្វើឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍ ប៉ុន្មានម៉ោងបន្ទាប់ពីមេដឹកនាំកោះតៃវ៉ាន់លោកស្រី Tsai Ing-wen បានជួបជាមួយប្រធានសភាអាមេរិកលោក Kevin McCarthy និងសមាជិកសភាផ្សេងទៀតនៅទីក្រុង Simi Valley នៃរដ្ឋកាលីហ្វ័រញ៉ា។
ក្រសួងការបរទេសចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ប្រទេសចិនប្រឆាំងយ៉ាងម៉ឺងម៉ាត់ និងថ្កោល ទោសយ៉ាងដាច់អហង្ការ” ចំពោះកិច្ចប្រជុំកម្រិតខ្ពស់ដែលបានធ្វើឡើងនៅលើទឹកដីអាមេរិក។ ក្រសួងបានបន្ថែមថា “វារំលោភយ៉ាងធ្ងន់ធ្ងរទៅលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ចិន ហើយបានបញ្ជូនសញ្ញាខុស ឆ្គងយ៉ាងធ្ងន់ធ្ងរដល់កងកម្លាំងបំបែកខ្លួន ‘ឯករាជ្យតៃវ៉ាន់’ ។
ក្រសួងការបរទេសចិនបានព្រមានថា រដ្ឋាភិបាលក្រុងប៉េកាំងនឹងចាត់វិធានការខ្លាំង និងម៉ឺងម៉ាត់ ជាការឆ្លើយតបទៅនឹង “សកម្មភាពខុសឆ្គងយ៉ាងធ្ងន់ធ្ងរ” ដែលធ្វើឡើងដោយក្រុងវ៉ាស៊ីនតោន និងក្រុងតៃប៉ិ។ យោងតាមទីក្រុងប៉េកាំង ឯករាជ្យរបស់ទីក្រុងតៃប៉ិ និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់ “មិនអាចផ្សះផ្សាបានដូចជាភ្លើង និងទឹក” ដូច្នេះដែរ៕
ប្រែសម្រួលៈ ណៃ តុលា