បរទេស៖ រដ្ឋមន្ត្រីការពារជាតិរបស់កោះតៃវ៉ាន់ លោក Chiu Kuo-cheng បានបង្ហាញឱ្យដឹងថា សហរដ្ឋអាមេរិក បានដាក់ ពង្រាយនាវាផ្ទុក យន្តហោះ នៅតំបន់ជុំវិញកោះតៃវ៉ាន់ ចំណែក នាវាចម្បាំងចិនថ្នាក់ដូចគ្នាក៏ស្ថិតនៅតំបន់នោះដែរ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា ការមកដល់របស់នាវា USS Nimitz របស់អាមេរិក គឺស្របពេលនឹងជំនួបរវាង ប្រធានាធិបតីកោះតៃវ៉ាន់លោកស្រី Tsai Ing-wen និងប្រធានសភា អាមេរិកលោក Kevin McCarthy នៅរដ្ឋកាលីហ្វ័រញ៉ា កាលពីថ្ងៃពុធ។
ប្រទេសចិនចាត់បានចាត់ទុកកោះនេះជាផ្នែកនៃទឹកដីរបស់ខ្លួន ហើយប្រឆាំងយ៉ាងខ្លាំងចំពោះទំនាក់ទំនងរបស់តៃប៉ិ ជាមួយក្រុងវ៉ាស៊ីនតោន។
ថ្លែងនៅចំពោះមុខគណៈកម្មាធិការការបរទេស និងការពារជាតិនៃសភារបស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ លោក Chiu បាននិយាយថា នាវាអាមេរិកនេះមានចម្ងាយ ៤០០ ម៉ាយក្នុងសមុទ្រ (៤៦០ម៉ាយ/៧៤០ គីឡូម៉ែត្រ) ភាគខាងកើតកោះតៃវ៉ាន់។ លោកក៏បានលើកឡើង ពីការដាក់ពង្រាយនាវាផ្ទុកយន្តហោះ Shandong របស់ចិននៅចម្ងាយ ៣៧០ គីឡូម៉ែត្រពីចុងភាគខាងត្បូងនៃតៃវ៉ាន់ផងដែរ៕
ប្រែសម្រួលៈ ណៃ តុលា