កាលពីថ្ងៃទី៦ ខែមេសា គណៈកម្មការកិច្ចការបរទេស នៃសភាតំណាងប្រជាជន ទូទាំងប្រទេសចិន បានចេញសេចក្តីថ្លែង ការណ៍ ដើម្បីឆ្លើយតបទៅនឹងករណី ដែលលោក Kevin McCarthy ប្រធានសភាតំណាងរាស្រ្តអាមេរិក និងសមាជិកសភាផ្សេងទៀត ជួបសន្ទនាជាមួយបុគ្គល Tsai Ing-wenមេដឹកនាំតំបន់ចិនតៃវ៉ាន់ នៅសហរដ្ឋអាមេរិក ។
សេចក្តីថ្លែងការណ៍ បានចែងថា អំពើ របស់លោក Kevin McCarthy បានរំលោភយ៉ាងធ្ងន់ធ្ងរ លើគោលការណ៍ចិនតែមួយ និងបទប្បញ្ញត្តិ នៃសេចក្តីថ្លែងការណ៍រួម ទាំងបីរវាងចិននិងអាមេរិក វាបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ និងក្រមមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ និងបានបំផ្លាញយ៉ាងធ្ងន់ធ្ងរ ដល់អធិបតេយ្យភាព និង បូរណភាពទឹកដីរបស់ប្រទេសចិន។ សភាតំណាងប្រជាជនចិន ប្រឆាំងយ៉ាងដាច់ខាត និងថ្កោលទោសយ៉ាងខ្លាំងក្លា ចំពោះរឿងនេះ។
នៅលើពិភពលោក មានប្រទេសចិន តែមួយគត់ តំបន់តៃវ៉ាន់ជាផ្នែកមួយ ដែលមិនអាចកាត់ផ្តាច់បានពីទឹកដីចិន ហើយរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន គឺជារដ្ឋាភិបាល ស្របច្បាប់តែមួយគត់ ដែលតំណាងឱ្យប្រទេសចិនទាំងមូល។ តៃវ៉ាន់គ្មានឋានៈក្នុងច្បាប់អន្តរជាតិ ក្រៅពីជាផ្នែកមួយនៃប្រទេសចិននោះទេ ។ យើងប្រឆាំងយ៉ាងដាច់ខាតនូវរាល់ទម្រង់នៃការផ្លាស់ប្តូរនិងការប្រាស្រ័យទាក់ទង ជាផ្លូវការរវាងសហរដ្ឋអាមេរិក និងតំបន់តៃវ៉ាន់ ហើយដាស់តឿនយ៉ាងម៉ឺងម៉ាត់ដល់រដ្ឋាភិបាល និងសភាសហរដ្ឋអាមេរិក ឱ្យបញ្ឈប់ការបំភ្លៃ និងបន្សាបគោលការណ៍ចិនតែមួយ បញ្ឈប់សកម្មភាពប្រថុយប្រថានដែលបំពានខ្សែបន្ទាត់ក្រហម និងឈប់បង្កផលប៉ះពាល់ ដល់មូលដ្ឋាននយោបាយ នៃទំនាក់ទំនងចិន-អាមេរិក។