ព័ត៌មានអន្តរជាតិ

ក្រុមទាហានស៊ីស្នួលរុស្ស៊ី Wagner កាន់កាប់បានភាគច្រើន នៃទីក្រុង Bakhmut ខណៈដែលអ៊ុយក្រែន ត្រៀមលក្ខណៈការវាយប្រហារវិញ

" "

ម៉ូស្គូ ៖ កងកម្លាំងរុស្ស៊ី ដឹកនាំដោយទាហានស៊ីឈ្នួលរបស់ក្រុម Wagner Group បានដណ្តើមយកតំបន់ ភាគកណ្តាលនៃទីក្រុង Bakhmut ភាគខាងកើតប្រទេស អ៊ុយក្រែន ក្នុងអំឡុងសប្តាហ៍ទី៥៨ នៃសង្រ្គាម ហើយទោះយ៉ាងណាក៏ដោយ ក្រុមអ្នកការពារអ៊ុយក្រែន នៅតែរក្សាការឃ្លាំមើល សកម្មភាព របស់កងទ័ពរុស្ស៊ី ហើយមេបញ្ជាការ របស់ពួកគេបានឲ្យដឹងថា ការវាយលុករបស់រុស្ស៊ី ឥឡូវនេះបានធ្លាក់ចុះយ៉ាងច្បាស់។

ក្នុងពេលជាមួយគ្នានោះ ជនស៊ីវិលដែលគាំទ្ររុស្ស៊ី កំពុងជម្លៀសតំបន់ ដែលកាន់កាប់ភាគខាងត្បូង ខណៈដែលទាហានអ៊ុយក្រែន រាប់ពាន់នាក់បានបញ្ចប់ការហ្វឹកហ្វឺន នៅក្រៅប្រទេសរបស់ពួកគេ សម្រាប់ការវាយលុក ដែលអាចកើតមាននៅចុងខែនេះ។

" "

ទាហានស៊ីឈ្នួល Wagner បានឈានជើងចូលកណ្តាលក្រុង Bakhmut កាលពីថ្ងៃទី ៣១ ខែមីនា។ ខ្សែវីដេអូភូមិសាស្ត្របានបង្ហាញពួកគេ ក្នុងចម្ងាយ ៤០០ម៉ែត្រនៃសាលាក្រុង ក្នុងទីក្រុងសមរភូមិមួយនេះ។

" "

ពីរថ្ងៃក្រោយមក បន្ទាប់ពីការប្រយុទ្ធគ្នាមួយយប់ ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី បានពណ៌នាថា សង្គ្រាមកាន់តែកើនកំដៅ ហើយវីដេអូភូមិសាស្ត្របានបង្ហាញឱ្យឃើញស្ថាបនិកក្រុមទាហានស៊ីឈ្នួល Wagner លោក Yevgeny Prigozhin លើកទង់ជាតិរុស្ស៊ីនៅលើសាលាក្រុង។

លោក Prigozhin បាននិយាយនៅក្នុងសារជាសំឡេងថា “តាមទស្សនៈផ្លូវច្បាប់ទីក្រុង Bakhmut ត្រូវយកបានហើយ” ។ ក្រុមទាហានស៊ីឈ្នួល Wagner ក៏ត្រូវបានគេយល់ថា បានទទួលការគ្រប់គ្រងពេញលេញនៃបរិវេណឧស្សាហកម្ម AZOM ។

នៅថ្ងៃទី០៣ ខែមេសា កងកម្លាំងរុស្ស៊ី ទំនងជាបានរុលទៅមុខនៅភាគខាងត្បូងទីក្រុង Bakhmut ខិតទៅជិតកីឡដ្ឋាន Avangard ហើយអ្នកសរសេរប្លុកយោធារុស្ស៊ីបានអះអាងនៅថ្ងៃទី០៤ ខែមេសាថា កងកម្លាំង Wagner បានវាយយកបានស្ថានីយ៍រថភ្លើង Bakhmut-1 បានសម្រេចហើយ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top