ព័ត៌មានអន្តរជាតិ

លោក Xi Jinping ប្រធានរដ្ឋចិនថ្លែងថា ប្រទេសចិនមានឆន្ទៈរួម ជាមួយប្រទេសបារាំង ដើម្បីអំពាវនាវ ឱ្យដោះស្រាយវិបត្តិ អ៊ុយក្រែន តាមវិធីនយោបាយ

នៅរសៀលថ្ងៃទី ៦ ខែមេសា លោក Xi Jinping ប្រធានរដ្ឋចិន និងលោក Emmanuel Macron ប្រធានាធិបតីបារាំង បានរួមគ្នាជួបជាមួយអ្នកសារព័ត៌មាន បន្ទាប់ពីបញ្ចប់កិច្ចជំនួប ។

លោក Xi Jinping បានលើកឡើងថា ទាក់ទងនឹងវិបត្តិអ៊ុយក្រែន ប្រទេសចិនប្រកាន់ខ្ជាប់នូវ ការសម្រុះសម្រួលឱ្យមានការផ្សះផ្សាគ្នានិងជំរុញការចរចា ដើម្បីដោះស្រាយបញ្ហាតាមវិធីនយោបាយ ។ ប្រទេសចិនមានឆន្ទៈរួមជាមួយប្រទេសបារាំង ដើម្បីអំពាវនាវឱ្យសហគមន៍អន្តរជាតិ រក្សាវិចារណញាណ និងការអត់ធ្មត់ ចៀសវាងសកម្មភាព ដែលធ្វើឱ្យវិបត្តិកាន់តែធ្ងន់ធ្ងរឡើង រហូតដល់បាត់ការគ្រប់គ្រង ។ គោរពយ៉ាងម៉ឺងម៉ាត់ នូវច្បាប់មនុស្សធម៌អន្តរជាតិ ចៀសវាងការវាយប្រហារលើជនស៊ីវិល និងបរិក្ខារស៊ីវិល ការពារស្ត្រី កុមារ និងជនរងគ្រោះផ្សេងទៀត ក្នុងការប៉ះទង្គិច ។
អនុវត្តយ៉ាងប្រាកដប្រជា នូវការសន្យាស្តីពីការមិនប្រើប្រាស់អាវុធ នុយក្លេអ៊ែរ និងមិនធ្វើសង្គ្រាមនុយក្លេអ៊ែរ ប្រឆាំងការប្រើប្រាស់អាវុធជីវសាស្ត្រ និងគីមីទោះក្នុងកាលៈទេសៈណាក៏ដោយ និងប្រឆាំងការវាយប្រហារដោយប្រដាប់អាវុធ ទៅលើរោងចក្រអគ្គិសនី ដើរដោយថាមពលនុយក្លេអ៊ែរ និងសំណង់នុយក្លេអ៊ែរស៊ីវិលដទៃទៀត ។

ចាប់ដំណើរការការចរចាសន្តិភាពឡើងវិញ ក្នុងពេលឆាប់ៗ អនុលោមតាមកម្មវត្ថុ និងគោលការណ៍ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ គិតគូរពីកង្វល់ខាង សន្តិសុខ ដែលសមហេតុផលរបស់ភាគីទាំងអស់ ស្វែងរកដំណោះស្រាយតាមវិធីនយោបាយ និងបង្កើតក្របខ័ណ្ឌ សន្តិសុខអឺរ៉ុប ដែលប្រកបដោយតុល្យភាព ប្រសិទ្ធភាព និងនិរន្តរភាព។
រួមសហការគ្នាដើម្បីឆ្លើយតប នឹងផលប៉ះពាល់ដែលនាំមកពីវិបត្តិអ៊ុយក្រែន ក្នុងវិស័យស្បៀងអាហារ ថាមពល ហិរញ្ញវត្ថុ និងគមនាគមន៍ជាដើម ដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមាន ដែលបណ្តាលពីវិបត្តិអ៊ុយក្រែន ចំពោះពិភពលោក ជាពិសេសប្រទេសកំពុងអភិវឌ្ឍន៍៕

To Top