ព័ត៌មានអន្តរជាតិ

ប្រទេសថៃ កំពុងស្វែងរកកិច្ច សហប្រតិបត្តិការក្នុងតំបន់ ដើម្បីដោះស្រាយបញ្ហា បំពុលដោយផ្សែងអ័ព្ទ

បាងកក ៖ ប្រទេស​ថៃ ​កាលពី​ថ្ងៃ​សុក្រ​បាន​អំពាវនាវ ​ឱ្យ​មានការ​ខិតខំ​ប្រឹងប្រែង ​ដើម្បី​បង្កើត​វិធីសាស្ត្រ​ស្ថាបនា​និង​ជាក់ស្តែង ​ដើម្បី​ដោះស្រាយ​បញ្ហា​អ័ព្ទ​ឆ្លងដែន​របស់​តំបន់​។

ការអំពាវនាវនេះបានកើតឡើងនៅពេលដែលនាយករដ្ឋមន្ត្រីថៃលោក ប្រាយុុទ្ធ ចាន់អូឆា បានរៀបចំកិច្ចប្រជុំត្រីភាគីតាមអ៊ីនធឺណិតកាលពីថ្ងៃសុក្រ ជាមួយនាយករដ្ឋមន្ត្រីឡាវលោក Sonexay Siphandone និងឧត្តមសេនីយឯក មីន អ៊ុងឡាំង អគ្គមេបញ្ជាការ នៃក្រសួងការពារជាតិមីយ៉ាន់ម៉ា។

នៅក្នុងកិច្ចប្រជុំនោះ លោក ប្រាយុទ្ធ បានស្នើយុទ្ធសាស្ត្រមួយ ដើម្បីដោះស្រាយបញ្ហាបំពុលអ័ព្ទឆ្លងដែន ប្រកបដោយប្រសិទ្ធភាព ដោយប្រើប្រាស់យន្តការពាក់ ព័ន្ធគ្រប់លំដាប់ថ្នាក់ ។

លោក ប្រាយុទ្ធ បានលើកឡើងថា ប្រទេសថៃ គាំទ្រកិច្ចខិតខំប្រឹងប្រែង នៃការផ្លាស់ប្តូរព័ត៌មាន និងបទពិសោធន៍ ក៏ដូចជាសកម្មភាពផ្លូវច្បាប់ពីប្រទេសនីមួយៗ ដើម្បីគ្រប់គ្រង និងទប់ស្កាត់ប្រភពនៃការបំពុល។

យោងតាមលោក Pinsak Suraswadi អគ្គនាយកនៃនាយកដ្ឋានត្រួតពិនិត្យការ បំពុលរបស់ប្រទេសថៃ បានឱ្យដឹងថា គុណភាពខ្យល់កាន់តែអាក្រក់នៅឆ្នាំនេះ គឺជាលទ្ធផលនៃការកើនឡើងចំនួននៃចំណុចក្តៅពីបរិយាកាសឆេះ និងអាកាសធាតុស្ងួត។

លោក Pinsak បានលើកឡើងថា ចំនួនសរុបនៃចំណុចក្តៅ ដែលបានរកឃើញ នៅក្នុងប្រទេសថៃ មីយ៉ាន់ម៉ា និងឡាវ ក្នុងអំឡុងពេលបីខែដំបូងនៃឆ្នាំ២០២៣ បានកើនឡើង ៩៣ ភាគរយធៀបនឹងឆ្នាំមុន។

រដ្ឋាភិបាល​ថៃ ​បាន​ផ្តល់​អាទិភាព​លើ​ការ​ កាត់​បន្ថយ​ការ​បំពុល​បរិយាកាស​ជា​របៀបវារៈ​ជាតិ ។ ខ្លួន​បាន​ចាត់​ទុក​ផ្សែង​ដែល​បាន​មក​ពី​ការ​ធ្វើ​ចរាចរណ៍ រោងចក្រ​ឧស្សាហកម្ម ភ្លើង​ឆេះ​ព្រៃ និង​ការ​ឆេះ​កសិកម្ម​ ជា​ប្រភព​ចម្បង​នៃ​ការ​បំពុល៕

ប្រែសម្រួល ឈូក បូរ៉ា

To Top