ព័ត៌មានអន្តរជាតិ

មេដឹកនាំតួកគី និងអ៊ីរ៉ង់ អំពាវនាវឲ្យសហគមន៍ម៉ូស្លីម រួបរួមគ្នា ដើម្បីទប់ទល់នឹងការ វាយប្រហារពីអ៊ីស្រាអែល

អង់ការ៉ា៖ ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan និងសមភាគីអ៊ីរ៉ង់ លោក Ebrahim Raisi បានពិភាក្សាគ្នា នៅក្នុងការសន្ទនា តាមទូរស័ព្ទអំពីការកើនឡើង នៃភាពតានតឹងបន្ទាប់ពីការវាយឆ្មក់ របស់អ៊ីស្រាអែល ទៅលើបរិវេណវិហារអ៊ីស្លាម Al-Aqsa ក្នុងទីក្រុងយេរ៉ូសាឡឹមខាងកើត កាលពីដើមសប្តាហ៍នេះ។

ក្នុងអំឡុងពេលសន្ទនា លោក Erdogan បានគូសបញ្ជាក់អំពីសារៈសំខាន់ នៃការបង្រួបបង្រួមពិភពអ៊ីស្លាម ប្រឆាំងនឹងការវាយប្រហាររបស់អ៊ីស្រាអែល នៅប៉ាឡេស្ទីន ជាពិសេសនៅក្នុងបរិវេណវិហារអ៊ីស្លាម Al-Aqsa នេះបើយោងតាមសេចក្តីថ្លែងការណ៍។

ដើម្បីទប់ស្កាត់ការរីករាលដាល នៃអំពើហឹង្សាថ្មី លោក Erdogan បានលើកឡើងថា វានឹងមានប្រយោជន៍ ក្នុងការចាប់ផ្តើមគំនិតផ្តួចផ្តើម ដើម្បីដឹកនាំភាគីទាំងអស់ ទៅរកសុភវិនិច្ឆ័យ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ ។

លោក​បាន​អំពាវនាវ​ឲ្យ​មាន​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​រួម​គ្នា​ដើម្បី​រក្សា​ឋានៈ​នៃ​ទីសក្ការៈ​លើ​វេទិកា​អន្តរជាតិ ជា​ពិសេស​អង្គការ​សហប្រតិបត្តិការ​អ៊ីស្លាម (OIC) និង​អង្គការ​សហប្រជាជាតិ។

លោក Erdogan បានប្រាប់ប្រធានាធិបតីអ៊ីរ៉ង់ថា វាមានសារៈសំខាន់ផងដែរ សម្រាប់ពួកគេក្នុងការ បង្ហាញការរួបរួមនៅ ចំពោះមុខការដុតព្រះគម្ពីគូរ៉ា នៅក្នុងទីក្រុងមួយចំនួននៅអឺរ៉ុបនាពេលថ្មីៗនេះ ជាពិសេសនៅមុខស្ថានទូតតួកគី ។

សម្រាប់ផ្នែករបស់លោកវិញ លោក Raisi បានថ្កោលទោស “ឧក្រិដ្ឋកម្ម” ដែលប្រព្រឹត្តដោយ អ៊ីស្រាអែល ប្រឆាំងនឹងប៉ាឡេស្ទីន ជាពិសេសការវាយប្រហារ លើអ្នកគោរពបូជានៅបរិវេណវិហារអ៊ីស្លាម Al-Aqsa និងការប្រមាថ នៃកន្លែងបរិសុទ្ធ។ លោក​បាន​អំពាវនាវ​ឲ្យ​មាន​កិច្ច​ប្រជុំ OIC ជា​បន្ទាន់ ដើម្បី​ពិភាក្សា​អំពី​វិធានការ ​ដើម្បី​ដោះស្រាយ​ជាមួយ​នឹងអរិភាព របស់​អ៊ីស្រាអែល ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top