ព័ត៌មានអន្តរជាតិ

រុស្ស៊ី​ ថ្កោលទោស​ការស្រាវជ្រាវ​ ជីវសាស្ត្រ​របស់​អាមេរិក ​ដែលមានភាព​ប្រថុយប្រថាន

ម៉ូស្គូ ៖ ក្រសួងការពារជាតិរុស្ស៊ី បាននិឲ្យដឹងថា ការស្រាវជ្រាវជីវសាស្ត្រ របស់សហរដ្ឋអាមេរិក ដែលធ្វើឡើងដោយសម្ងាត់ គឺពោរពេញដោយហានិភ័យ នៃការលេចធ្លាយមេរោគ ។

លោក Igor Kirillov ប្រធានកងកម្លាំងការពារជាតិវិទ្យុសកម្ម គីមី និងជីវសាស្រ្តនៃកងកម្លាំងប្រដាប់អាវុធរុស្ស៊ី បាននិយាយក្នុងអំឡុងសន្និសីទខ្លីមួយថា “សហរដ្ឋអាមេរិក មិនដែលមានភាពច្បាស់លាស់អំពីរបៀប ដែលវាខិតខំប្រឹងប្រែង ដើម្បីធានាសុវត្ថិភាពការស្រាវជ្រាវនៅក្នុងមន្ទីរពិសោធន៍ជីវគីមី ដែលខ្លួនគ្រប់គ្រង” ។

លោក Kirillov បានលើកឡើងថា “កង្វះតម្លាភាព នៃសកម្មភាពរបស់ពួកគេបង្កើតហានិភ័យនៃការរីករាលដាល នៃភ្នាក់ងារបង្កជំងឺដ៏គ្រោះថ្នាក់” ខណៈដែលក្រសួងការពារជាតិរុស្ស៊ី បន្តវិភាគសកម្មភាពជីវសាស្ត្រយោធា របស់សហរដ្ឋអាមេរិកនិង សម្ព័ន្ធមិត្ត នៅជុំវិញពិភពលោក។

លោកបានបន្ដថា ការផ្លាស់ទីការស្រាវជ្រាវ ដ៏គ្រោះថ្នាក់បំផុតនៅខាងក្រៅទឹកដី សហរដ្ឋអាមេរិក គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រ សុវត្ថិភាពជីវសុវត្ថិភាព របស់ទីក្រុងវ៉ាស៊ីនតោន ហើយការដាក់វត្ថុជីវសាស្ត្រ នៅក្នុងប្រទេសផ្សេងទៀតមិនគិតពីផលប្រយោជន៍ របស់ប្រជាជនក្នុងស្រុក និងបង្កការគំរាមកំហែង យ៉ាងធ្ងន់ធ្ងរដល់តំបន់ទាំងមូល ។

លោក Kirillov ក៏បានឲ្យដឹងផងដែរថា ភាពជាអ្នកដឹកនាំ របស់សហរដ្ឋអាមេរិក បន្តចូលរួមជាមួយភ្នាក់ងាររដ្ឋាភិបាល ដែលមិនទាក់ទងដោយផ្ទាល់ទៅ នឹងសុខភាពសាធារណៈនៅក្នុងកម្មវិធីជីវវេជ្ជសាស្ត្រ ក្នុងគោលបំណងបង្វែរការយកចិត្តទុក ដាក់របស់សាធារណជន ឱ្យឆ្ងាយពីអ្នកទទួលផលចម្បង គឺមន្ទីរបញ្ចកោណ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top