ហាណូយ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ថា លោក Antony Blinken រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក នឹងធ្វើទស្សនកិច្ចនៅវៀតណាម នៅសប្តាហ៍ក្រោយ ។ ព្រឹទ្ធសមាជិក Jeff Merkley បានប្រាប់ដល់សន្និសីទសារព័ត៌មាននៅទីក្រុងហាណូយ នៅថ្ងៃសៅរ៍ ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រុងវ៉ាស៊ីនតោន ដើម្បីជំរុញទំនាក់ទំនងការទូតជាមួយក្រុងហាណូយ ឱ្យកាន់តែខ្លាំងនៅក្នុងឆ្នាំនេះ ។
សម្រាប់ដំណើរទស្សនកិច្ចរបស់លោក Blinken ដែលមិនទាន់ត្រូវបានប្រកាសជាផ្លូវការ នឹងធ្វើឡើងបន្ទាប់ពីប្រធានាធិបតី សហរដ្ឋអាមេរិក ចូ បៃដិន បានទូរស័ព្ទកាលពីសប្តាហ៍មុនជាមួយប្រធានបក្សកុម្មុយនិស្ត ដែលកំពុងកាន់អំណាចរបស់វៀតណាម លោក Nguyen Phu Trong ។
សហរដ្ឋអាមេរិកសង្ឃឹមថា នឹងធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងជាមួយទីក្រុងហាណូយ នៅក្នុងឆ្នាំនេះ តាមឧត្ដមគតិដើម្បីស្របពេល ជាមួយខួបលើកទី១០នៅក្នុងខែកក្កដា នៃទំនាក់ទំនងភាពជាដៃគូ លើគ្រប់ជ្រុងជ្រោយជាមួយវៀតណាម ។
ព្រឹទ្ធសមាជិក Merkley បានប្រាប់ដល់អ្នកយកព័ត៌មាន ក្នុងអំឡុងដំណើរទស្សនកិច្ច ទៅកាន់ប្រទេសវៀតណាម ដោយគណៈប្រតិភូសមាជិកសភាអាមេរិក ដែលមានគោលបំណងជំរុញទំនាក់ទំនង ជាមួយក្រុងហាណូយថា “សប្តាហ៍ក្រោយ លោករដ្ឋមន្ត្រី នឹងមានវត្តមាននៅទីនេះ” ។
គួរបញ្ជាក់ថា លោក Blinken ត្រូវបានគេរំពឹងថា នឹងទៅបំពេញទស្សនកិច្ច នៅក្នុងប្រទេសវៀតណាម ដែលទំនងជានៅថ្ងៃសៅរ៍ មុនពេលលោកធ្វើដំណើរ ទៅចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស នៃក្រុមប្រទេសទាំង៧ ហៅកាត់ថា (G7) ក្នុងប្រទេសជប៉ុន នៅថ្ងៃទី ១៦ដល់ថ្ងៃទី១៨ ខែមេសា ខាងមុខ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា