បរទេស៖ យោងតាមការចេញផ្សាយរបស់ RT កាលពីថ្ងៃម្សិលមិញនេះ បានឲ្យដឹងថាប្រទេសចិន បានធ្វើការប្រកាសបើកប្រតិបត្តិការយោធា រយៈពេល៣ថ្ងៃ នៅក្បែរទៅនឹងច្រកសមុទ្រ នៃកោះតៃវ៉ាន់ គិតចាប់ពីថ្ងៃសៅរ៍។
ប្រភពដដែលបានបន្តទៀតថា សមយុទ្ធយោធាដែលធ្វើឡើងត្រឹមតែ រយៈពេលមួយថ្ងៃប៉ុណ្ណោះ ក្រោយពេលដែលដំណើរទស្សនកិច្ច របស់មេដឹកនាំលោកស្រី ប្រធានាធីបតីកោះតៃវ៉ាន់ Tsai Ing Wen ទៅកាន់សហរដ្ឋអាមេរិកនោះ បានវិលត្រឡប់មកដល់កោះវិញ។
ទៅដល់អាមេរិកមេដឹកនាំកោះតៃវ៉ាន់រូបនេះ មិនខ្វាយខ្វល់នឹងការរិះគន់ និងព្រមានដោយរដ្ឋាភិបាលក្រុងប៉េកាំងឡើយ ហើយថែមទាំងបានជួបជាមួយ នឹងមេដឹកនាំអាមេរិកសំខាន់ៗ បូករួមទាំងប្រធានសភា លោក Kevin McCarthy ផងដែរ។
គួរឲ្យដឹងដែរថា សមយុទ្ធយោធាដែលត្រូវបាន ហៅឈ្មោះថា United Sharp Sword គឺជាសមយុទ្ធយោធា ដែលរដ្ឋាភិបាលក្រុងប៉េកាំង បានគូសបញ្ជាក់ថាគឺជាសញ្ញាព្រមានខ្លាំងៗ ទៅលើកោះតៃវ៉ាន់ ដែលតែងតែព្យាយាមផ្តាច់ខ្លួន និងទាមទារសេរីភាព ពីប្រទេសចិន។
យោងតាមការបញ្ជាក់ដោយ The Global Times បានឲ្យដឹងដែរថា សមយុទ្ធយោធាដែលមានការចូលរួម ពីសំណាក់សព្វាវុធ និងបច្ចេកវិទ្យាអាវុធទំនើបបំផុតរបស់ចិន មានទាំងឧទ្ធម្ភាគចក្រនាវាចម្បាំងមីស៊ីល ប្រឆាំងយន្តហោះចម្បាំងរថក្រោះ ព្រមទាំងមីស៊ីលចំងាយឆ្ងាយជាច្រើនប្រភេទ ផ្សេងទៀតផងដែរ៕ ប្រែសម្រួល៖ស៊ុនលី