ព័ត៌មានអន្តរជាតិ

គំនិតផ្តួចផ្តើមជាច្រើន របស់ចិនបង្កើនកាតាលីករ ដល់ការកសាងសហគមន៍ ជោគវាសនារួមនៃមនុស្សជាតិ

ការកសាងសហគមន៍ជោគវាសនារួម នៃមនុស្សជាតិគឺជាទស្សនវិជ្ជារបស់លោក Xi Jinping ប្រធានរដ្ឋចិនដែលបានថ្លែងនៅក្នុងរដ្ឋធានីម៉ូស្គូកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៣ ដោយគូសរំលេចយ៉ាងប្រត្យក្សពីចំណុចទាំង៥ដែលរួមមាន ទី១-ការកសាងពិភពលោក ប្រកបដោយសុខសន្តិភាពយូរអង្វែង តាមរយៈកិច្ចសន្ទនា និងការពិគ្រោះយោបល់។ ទី២-ការកសាងពិភពលោកប្រកបដោយសន្តិសុខរួម សម្រាប់ទាំងអស់គ្នាតាមរយៈការខិតខំប្រឹងប្រែងរួមគ្នា។ ទី៣-ការកសាងពិភពលោកប្រកបដោយភាពរុងរឿង រួមតាមរយៈកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។ ទី៤-ការកសាងពិភពលោក ប្រកបដោយភាពបើកចំហនិងបរិយាបន្នតាមរយៈការផ្លាស់ប្តូរ និងការរៀនសូត្រទៅវិញទៅមក និងទី៥-ការធ្វើឱ្យពិភពលោករបស់យើងស្អាត និងស្រស់ប្រកបដោយចីរភាពនៃការអភិវឌ្ឍ គំរូពណ៌បៃតងនិងកាបូនទាប។ 

ការកសាងសហគមន៍ជោគវាសនារួម នៃមនុស្សជាតិមានអាយុកាល១០ឆ្នាំគិតមកដល់ឆ្នាំ២០២៣នេះ ហើយដែល ទស្សនវិជ្ជានេះ បាននិងកំពុងក្លាយជាត្រីវិស័យ ប្រកបដោយនិយាមការវិទ្យាសាស្ត្រក្នុងការចង្អុលទិស ដល់បណ្តាប្រទេសនានាក្នុងពិភពលោករួមកម្លាំង ធ្វើឱ្យពិភពលោកងាកទៅរកភាពប្រាកដប្រជា ដើម្បីផ្តល់ថែរក្សាបាននូវសុខសន្តិភាពនិងបន្តកំណើននៃការអភិវឌ្ឍប្រកបដោយចីរភាព ព្រមទាំងផ្តល់ក្តីសង្ឃឹមជូនយ៉ាងប្រាកដ ដល់ប្រជាជាតិទាំងអស់ទទួលបាននូវអនាគតដ៏ត្រចះត្រចង់ មួយចាកផុតពីសោកនាដកម្ម នាអតីតកាលដែលក្នុងប្រវត្តិសាស្រ្តរបស់មនុស្សជាតិ បានបង្ហាញដោយឥតលាក់លៀមថាក្នុងរយៈពេល ជាងមួយសតវត្សរ៍កន្លងមក មនុស្សជាតិបានឆ្លងកាត់សង្គ្រាម ដ៏ក្តៅគគុក ដាបទៅដោយឈាម ហើយនិងសង្គ្រាមត្រជាក់ ដ៏គួរឲ្យភ័យខ្លាច។ នៅពាក់កណ្តាលសតវត្សរ៍ទីមួយ មនុស្សជាតិបានទទួលរងនូវទុក្ខទោសពីសង្គ្រាមលោកទាំងពីរ ហើយប្រជាជាតិទាំងអស់ចង់បាននូវការបញ្ចប់សង្គ្រាមនិងទទួលបានសន្តិភាព។ នៅទសវត្សរ៍ឆ្នាំ១៩៥០ និងឆ្នាំ១៩៦០ ប្រជាជនដែលនៅក្រោមអាណានិគមបានភ្ញាក់ដឹងខ្លួន ហើយបានក្រោកឈរឡើងធ្វើការប្រយុទ្ធតទល់វាយកម្ទេច ខ្នោះច្រវ៉ាក់ដែលដាក់ពួកគេ ហើយទទួលបានឯករាជ្យនៅទីបំផុត។ ចាប់តាំងពីការបិទបញ្ចប់សង្គ្រាមត្រជាក់ ប្រជាជាតិទាំងអស់បានខិតខំប្រឹងប្រែង សម្រេចនូវក្តីប្រាថ្នារួមមួយ គឺការពង្រីកកិច្ចសហប្រតិបត្តិការ សម្រាប់ការអភិវឌ្ឍសកល។

ការកសាងសហគមន៍ជោគវាសនារួម នៃមនុស្សជាតិជាការចងភ្ជាប់យ៉ាងណែននូវសន្តិភាព និងការអភិវឌ្ឍដែលជាសេចក្តីប្រាថ្នាតែមួយគត់បង្កើតឡើង ដោយមនុស្សជាតិគ្រប់គ្នានៅក្នុងរយៈពេលជាងមួយសតវត្សរ៍កន្លងមក។ ដើម្បីសម្រេចនូវគោលដៅនេះ គំនិតផ្តួចផ្តើមទាំង៤របស់ចិនរួមមាន ទី១-គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ។ ទី២-គំនិតផ្តួចផ្តើមអភិវឌ្ឍសកល។ ទី៣-គំនិតផ្តួចផ្តើមសន្តិសុខសកល និងទី៤-គំនិតផ្តួចផ្តើមអរិយធម៌សកលដែលជាច្រើនសហសវត្សរ៍កន្លងមកសុខសន្តិភាពបានដក់ជាប់នៅក្នុងគ្រាប់ឈាមរបស់ជនជាតិចិន ហើយវាក៏ជាផ្នែកមួយនៃ DNA របស់ចិនផងដែរនោះបានក្លាយជាកម្លាំង ចលករដ៏សម្បើម ជាកាតាលីករដ៏ខ្លាំក្លាយ ជាយានដ៏ស្វិតស្វាញ និងជាមាគ៌ាល្បឿនលឿន ដ៏មហិមាបន្តនាំមនុស្សជាតិនៅក្នុងពិភពលោកឆ្ពោះទៅមុខនៅលើផ្លូវ ម៉ារ៉ាតុងនៃសន្តិភាពនិងការអភិវឌ្ឍ ស្របពេលដែលមនុស្សជាតិ កំពុងស្ថិតនៅក្នុងយុគសម័យនៃការអភិវឌ្ឍដ៏សំខាន់ នៃនិន្នាការឆ្ពោះទៅរកពហុប៉ូលនៃពិភពលោកនិងសកល ភាវូបនីយកម្មសេដ្ឋកិច្ចកំពុងមានការកើនឡើងយ៉ាងឆាប់រហ័ស។ 

ការកសាងសហគមន៍ជោគវាសនារួម នៃមនុស្សជាតិជាការចែករំលែកពោរពេញដោយវឌ្ឍនភាពតាមរយៈ ការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាភាវូបនីយកម្ម នៅក្នុងការអភិវឌ្ឍសង្គម និងក្នុងការលើកកម្ពស់ពិពិធកមុ្មនៃវប្បធម៌ ស្របពេលដែលដំណាក់កាលថ្មីនៃបដិវត្តន៍ផ្នែកវិទ្យាសាស្រ្ត ឧស្សាហកម្ម និងនវានុត្តន៍កំពុងមានដំណើរការទៅមុខ។ ប្រទេសចិនបានជំរុញការកសាងសហគមន៍ជោគវាសនារួមសម្រាប់ ការតភ្ជាប់គ្នានិងការអាស្រ័យលើគ្នាទៅវិញទៅមករវាងប្រទេសនានា មានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការរស់រានមានជីវិតរបស់ប្រជាជន ស្របពេលដែលពិភពលោកពហុប៉ូល បាននិងកំពុងបន្តនិន្នាការរបស់ខ្លួនដើម្បីឆ្ពោះទៅរកសន្តិភាព ការអភិវឌ្ឍ កិច្ចសហប្រតិបត្តិការ និងការចែកផលប្រយោជន៍ឈ្នះ-ឈ្នះកាន់តែសន្ទុះខ្លាំងជាងណាៗទាំងអស់។

ការកសាងសហគមន៍ជោគវាសនារួម នៃមនុស្សជាតិជាពន្លឺដ៏ត្រចះត្រចង់នៃសន្តិភាព ដែលនឹងបន្តពីមួយជំនាន់ទៅមួយជំនាន់ ដើម្បីនាំប្រជាជាតិទាំងអស់រួមកម្លាំងគ្នា ចូលរួមក្នុងចរន្តនៃការអភិវឌ្ឍប្រកបដោយចីរភាព និងការធានាឲ្យមានការរីកចម្រើនផ្នែកអរិយធម៌ ហើយដែលប្រទេសចិន តែងគាំទ្រជាប់ជានិច្ចដល់ទស្សនវិជ្ជាប្រកបដោយគុណតម្លៃ នៃការសម្រេចឲ្យបាននូវការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន និងការអភិវឌ្ឍឈ្នះ-ឈ្នះ។ ទស្សនវិជ្ជានេះបាននិងកំពុងបង្ហាញផ្លូវ តាមរយៈសកម្មភាពនានារបស់ប្រទេសចិន ដែលមានលក្ខណៈទំនើបកម្មសង្គមនិយមតាមបែបផែនរបស់ខ្លួន ហើយទស្សនវិជ្ជានេះ បានបង្កើតឲ្យមានជាសណ្តាប់ធ្នាប់អន្ដរជាតិប្រកប ដោយសមភាពនិងសមធម៌ដែលជាគោលដៅរួមសម្រាប់មនុស្សជាតិ តែងតែជម្នះចង់បាន។

ជារួមការកសាងសហគមន៍ជោគវាសនារួម នៃមនុស្សជាតិជាទស្សនវិជ្ជាដែលមានសារៈសំខាន់ នៃគោរពអធិបតេយ្យភាពនិងសេចក្តីថ្លៃថ្នូររបស់ប្រទេសទាំងអស់ ហើយបន្តការលើកទឹកចិត្តនិងគាំទ្រដល់ប្រទេសទាំងអស់ ឱ្យដើរលើមាគ៌ានៃការអភិវឌ្ឍតាមបែបផែនរៀងៗខ្លួន ព្រមទាំងចូលរួមយ៉ាងសកម្មនៅក្នុងចរន្តសកលដែលពោរពេញ ដោយការបើកចំហនិងបរិយាបន្ន និងលើកកម្ពស់ភាពជាដៃគូ សន្តិសុខ ការលូតលាស់ផ្នែកសេដ្ឋកិច្ច ការផ្លាស់ប្តូរនៃអន្តរអរិយធម៌ និងការកសាងអេកូឡូស៊ីដ៏រឹងមាំ ដោយជំរុញទស្សនវិជ្ជាដ៏ឧត្តុងឧត្តមនេះ ឱ្យសម្រេចបានតាមរយៈសកម្មភាពជាក់ស្តែងដែលផ្តល់ផលប្រយោជន៍ ដល់មនុស្សជាតិ ហើយសកម្មភាពទាំងនេះ ក៏នឹងជំរុញបុព្វហេតុដ៏មហិមាអស្ចារ្យនៃការកសាងសហគមន៍ជោគវាសនារួម នៃមនុស្សជាតិទាំងមូល៕

ដោយបណ្ឌិត ជា មុនីឫទ្ធិ

ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន

To Top