ព័ត៌មានអន្តរជាតិ

មន្ទីរបញ្ចកោណ កំពុងចលាចល ក្រោយការលេចធ្លាយឯកសារ ផែនការសង្គ្រាមរបស់ ទីក្រុងវ៉ាស៊ីនតោន នៅអ៊ុយក្រែន

បរទេស៖ ​ការលេចធ្លាយឯកសារ ដែលបានចាត់ថ្នាក់នាពេលថ្មីៗនេះ ស្តីពីផែនការសង្គ្រាមរបស់ទីក្រុងវ៉ាស៊ីនតោន នៅប្រទេសអ៊ុយក្រែន គឺបានបង្កឱ្យមានភាពចលាចល នៅក្នុងមន្ទីរប៉ង់តាហ្គោន ដោយបង្ខំឱ្យមន្ត្រីបង្កើនផ្នែកសន្តិសុខ។ នេះបើតាមកាសែត Washington Post បានរាយការណ៍កាលពីថ្ងៃសៅរ៍ ដោយដកស្រង់ប្រភពនានា។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា មន្ត្រីលោកខាងលិចជាច្រើននាក់ ដែលត្រូវបានសម្ភាសន៍ដោយទីភ្នាក់ងារ Washington Post ដោយបាននិយាយថា ពួកគេនៅតែព្យាយាមវាយតម្លៃ ការខូចខាតពីការលេចធ្លាយ ឯកសារសន្តិសុខជាតិជាច្រើន ដែលទាក់ទាញការចាប់អារម្មណ៍ ពីសាធារណជនក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដោយមានមនុស្សជាច្រើនងឿងឆ្ងល់ថា តើ​ការបំពាន​បាន​ធ្វើទៅ​ដោយ​មិន​បាន​កត់​សម្គាល់​អស់​ជា​យូរ​មក​ហើយនោះ កើតឡើងយ៉ាងដូចម្តេច?

ខណៈពេលដែលរបាយការណ៍ ប្រព័ន្ធផ្សព្វផ្សាយដំបូងអំពីរឿងនេះ បានផុសឡើងតែក្នុងសប្តាហ៍នេះ ឯកសារមួយចំនួនត្រូវបានចែករំលែក នៅលើវេទិកាជជែក Discord នៅចុងខែកុម្ភៈ និងដើមខែមីនា។ ភាពត្រឹមត្រូវនៃការស៊ើបការណ៍សម្ងាត់ នៅតែមិនទាន់ផ្ទៀងផ្ទាត់នៅឡើយនោះទេ។

មន្ត្រីអាមេរិកពីរនាក់បានប្រាប់ Post ថា ថ្នាក់ដឹកនាំមន្ទីរបញ្ចកោណបាន “រឹតបន្តឹងលំហូរនៃព័ត៌មានស៊ើបការណ៍សម្ងាត់” ដើម្បីឆ្លើយតបទៅនឹងការលេចធ្លាយ។ ប្រភព​មួយ​បាន​ពណ៌នា​អំពី​វិធានការ​នេះ​ថា​ តឹងរ៉ឹង​ខុសពី​ធម្មតា និង​ការផ្តល់ជា​សក្ខីកម្ម​ចំពោះ​ «​កម្រិត​នៃ​ការ​ភ័យ​ស្លន់ស្លោ​ខ្ពស់​» ក្នុងចំណោម​មន្ត្រីដែលមានសក្ដិធំៗ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top