ព័ត៌មានអន្តរជាតិ

បទវិភាគ៖ បញ្ហាអ្នកគ្មានទីជម្រក មានសភាពកាន់តែធ្ងន់ធ្ងរ ពីមួយថ្ងៃទៅមួយថ្ងៃ បណ្តាលឱ្យ “ក្តីសុបិនអាមេរិក” រលាយសាបសូន្យ

ពេលថ្មីៗកន្លងទៅនេះ ស្រុក Los Angeles រដ្ឋកាលីហ្វ័រញ៉ានៃសហរដ្ឋអាមេរិក បានប្រកាសដាក់ស្រុកទាំងមូលចូល ក្នុងភាពអាសន្នដើម្បីឆ្លើយតបនឹង វិបត្តិរបស់អ្នកគ្មានទីលំនៅ ដែលកាន់តែធ្ងន់ធ្ងរឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ ។ ចាប់តាំងពីបានផ្ទុះជំងឺកូវីដ ១៩ មក ចំនួនអ្នកគ្មានទីជម្រកនៅសហរដ្ឋអាមេរិក បានកើនឡើងជាបន្តបន្ទាប់ ។ តាមការវិភាគរបស់ប្រព័ន្ធសារព័ត៌មាន អាមេរិកបានឱ្យដឹងថា ការកើនឡើងជាបន្តបន្ទាប់នៃ ថ្លៃដើមលំនៅដ្ឋានព្រម និងការបន្តកើនឡើងនៃតម្លៃទំនិញ ប្រើប្រាស់ប្រចាំថ្ងៃ ដូចជា ប្រេងសាំងនិងគ្រឿងឧបភោគបរិភោគ ជាដើមបានបណ្តាលឱ្យប្រជាជន កាន់តែច្រើនឡើងៗដើរអនាថាតាមផ្លូវ ។

“ហេតុអ្វីបានជាប្រទេសដែលមាន កម្លាំងចម្រុះជាតិដ៏ខ្លាំងក្លាបំផុតនៅលើពិភពលោក បែរជាមានប្រជាជនជាច្រើនស្នាក់នៅ តាមដងផ្លូវដោយខានពុំបាន ?” អ្នកវិភាគបានលើកឡើងថា ក្រុមអ្នកគ្មានទីលំនៅដែលមាន ចំនួនច្រើនសម្បើមក្នុងរយៈពេល ជាយូរមកហើយគឺជារឿងគួរឱ្យអាម៉ាស់ មុខបំផុតនៅអាមេរិកដែលបាន ក្រើនរំលឹកយ៉ាងព្រៃផ្សៃដល់អ្នកផងទាំងពួងថា អ្នកនយោបាយអាមេរិកព្រងើយកន្តើយមិនអើពើវិបត្តិនេះ មូលហេតុនៃបាតុភូតនេះគឺ ដោយមកពីអសមភាពក្នុង សង្គមអាមេរិកដែលដក់ក្នុងផ្នត់គំនិត ។ តាមទិន្នន័យស្ថិតិរបស់រដ្ឋាភិបាល អាមេរិកបានបង្ហាញឱ្យឃើញថា កាលពីខែមករា ឆ្នាំ ២០២២ ចំនួនអ្នកគ្មានទីលំនៅមានចំនួនលើសពី ៥ សែន ៨ ម៉ឺននាក់នៅសហរដ្ឋអាមេរិក ក្នុងនោះ ក្រុង Los Angeles និងញូវយ៉កគឺជាទីក្រុងដែលមានចំនួន អ្នកគ្មានទីលំនៅច្រើនជាងគេ ។

សូមយកស្រុក Los Angeles ជាឧទាហរណ៍ គិតតាំងពីឆ្នាំ ២០១៥ មក ចំនួនអ្នកគ្មានទីលំនៅនៃស្រុកនេះបានកើនឡើង ៥៥ ភាគយ ។ នាពេលបច្ចុប្បន្ននេះ ក្នុងចំណោមប្រជាជននៅស្រុកនេះចំនួនជាង ១០ លាននាក់ យ៉ាងតិចណាស់ មានចំនួនជិត ៧ ម៉ឺននាក់ជាអ្នកគ្មានទីលំនៅ ។ ទោះបីជាអ្នកគ្មានទីលំនៅមួយចំនួន បានស្នាក់នៅកន្លែងនិកម្មភាព ដែលបើកនិងដំណើរការដោយរដ្ឋាភិបាល ឬស្ថាប័នសុខុមាលភាពក៏ដោយ ក៏នៅតែមានអ្នកគ្មានទីលំនៅចំនួន ៧០ភាគរយ បាននិងកំពុងដើរអនាថាតាមផ្លូវដដែល ។

ចំនួនអ្នកគ្មានទីលំនៅដ៏ច្រើន រាប់មិនអស់បានក្លាយជាជំងឺរ៉ាំរ៉ៃក្នុងសង្គមអាមេរិក ។ កាសែត«Los Angeles Times»បានចុះផ្សាយវិចារណកថា មួយក្រោមចំណងជើងថា«បញ្ហាអ្នកគ្មានទីលំនៅនៅស្រុក Los Angeles គឺជាភាពអាម៉ាស់មុខរបស់អាមេរិក»ដោយលើកឡើងថា “ជនខិលខូចបានចាត់ទុកពួកគេ ជាសត្វដែលត្រូវប្រមាញ់ គ្រឿងញៀនដូចជា ហេរ៉ូអ៊ីននិងមេតំហ្វេតាមីនជាដើម អាចរកបានយ៉ាងងាយស្រួល ការបៀតបៀនផ្លូវភេទនិងអំពើហិង្សា បាននិងកំពុងកើតឡើងជាញឹកញយ ក៏ដូចជាជំងឺឆ្លងគ្រប់ប្រភេទ ដូចជា ជំងឺរបេង ជំងឺរលាកថ្លើមនិងជំងឺអេដស៍ជាដើម បាននិងកំពុងបង្កជាការគំរាមកំហែង ដល់សុខភាពអាយុជីវិត របស់ពួកគេគ្រប់ពេលវេលា “។

សូមបញ្ជាក់ថា នៅទីក្រុងញូវយ៉កដែលជាទីក្រុង ដ៏ធំបំផុតនិងអ៊ូអរបំផុតនៅសហរដ្ឋអាមេរិក ចំនួនអ្នកគ្មានទីលំនៅកំពុងកើនឡើងជាបន្តបន្ទាប់ ។ យោងតាមរបាយការណ៍មួយដែល ចេញផ្សាយដោយសហព័ន្ធអ្នក គ្មានទីលំនៅនៃអាមេរិកបានបង្ហាញថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ចំនួនអ្នកគ្មានទីលំនៅនៅទីក្រុងញូវយ៉ក បានឡើងដល់កម្រិតខ្ពស់បំផុតចាប់តាំងពី មហាវិបត្តិសេដ្ឋកិច្ចដែលកើតឡើងនៅទសវត្សរ៍ឆ្នាំ៣០ នៃសតវត្សរ៍ទី ២០ មក ។ កាលពីខែធ្នូ ឆ្នាំ ២០២២ មានមនុស្សសរុបចំនួន ៦ ម៉ឺន ៨ ពាន់ ៨ រយ ៨៤នាក់បានដេកក្នុងកន្លែង ទទួលអ្នកគ្មានទីលំនៅនៅទីក្រុង ក្នុងនោះបូករួមទាំងកុមារ ដែលគ្មានទីលំនៅចំនួន ២ ម៉ឺន ១ ពាន់ ៨ រយ ៥ នាក់ផងដែរ ។

វេបសាយនៃកាសែត «The Guardian» របស់អង់គ្លេសបានលើកឡើងថា ក្នុងរយៈពេលពីរឆ្នាំកន្លងទៅ បញ្ហាមនុស្សធម៌ដែលអ្នកគ្មានទីលំនៅ នៃរដ្ឋកាលីហ្វ័រញ៉ាបាន និងកំពុងប្រឈមមានភាពកាន់តែអាប់អួរទៅៗ ជាបន្តបន្ទាប់ ហេតុនេះហើយ បណ្តាលឱ្យអ្នកស្លាប់តាមដងផ្លូវ បាននិងកំពុងកើនឡើងឥតឈប់ឈរ ។ យោងតាមរបាយការណ៍មួយ ដែលរួមគ្នាចេញផ្សាយដោយ អ្នកសិក្សាស្រាវជ្រាវនៃសាខាសាលា Los Angeles នៃសកលវិទ្យាល័យកាលីហ្វ័រញ៉ា និងសហព័ន្ធអ្នកគ្មានទីលំនៅ មួយបានបង្ហាញឱ្យឃើញថា ចាប់ពីខែមីនា ឆ្នាំ ២០២០ ដល់ខែកក្កដា ឆ្នាំ ២០២១ មានអ្នកគ្មានទីលំនៅយ៉ាងហោចណាស់ ១ ពាន់ ៤ រយ ៩៣ នាក់ដែលមានអាយុគិតជាមធ្យម គឺ ៤៧ ឆ្នាំបានស្លាប់នៅទីក្រុង Los Angeles ។ ក្នុងចំណោមអ្នកស្លាប់ទាំងនេះ ពលរដ្ឋដើមកំណើតអាហ្វ្រិក មានចំនួនឡើងដល់ ២៥ ភាគរយដែលបានលើសពីអនុបាត នៃជនជាតិអាមេរិកដើមកំណើតអាហ្វ្រិក នៅក្នុងរចនាសម្ព័ន្ធចំនួនប្រជាជន ក្នុងតំបន់យ៉ាងច្រើន ។

អត្ថបទរបស់កាសែត«Washington Post »សម្គាល់ឃើញថា ក្រុមមនុស្សដែលងាយរងគ្រោះទាំងនេះ មិនបានទទួលជំនួយច្រើនប៉ុនណា ដែលត្រូវការជាបន្ទាន់ពីរដ្ឋាភិបាលនោះទេ ចំណែករដ្ឋាភិបាលមិនបាននាំ ឱ្យពួកគេចែករំលែកនូវផលប្រយោជន៍ នៃផែនការរំញោចសេដ្ឋកិច្ចអ្វីទេ ហើយក៏មិនបានដាក់ចេញវិធានការ ការពារអីដើម្បីបង្ការកុំឱ្យពួកគេ ត្រូវបានបណ្តេញនោះដែរ ។ សូមយករដ្ឋកាលីហ្វ័រញ៉ាជាឧទាហរណ៍ រដ្ឋនេះមានចំនួនមហាសេដ្ឋីវាល់លានច្រើនជាងគេ និងសហគមន៍ដែលមានអ្នកមានបំផុត នៅសហរដ្ឋអាមេរិក ប៉ុន្តែអ្នកគ្មានទីលំនៅស្មើនឹង ៣០ ភាគរយនៃចំនួនសរុបនៅទូទាំងសហរដ្ឋអាមេរិក ។ វាច្បាស់ណាស់ថា រដ្ឋនេះមិនបានដាក់ចេញដំណោះស្រាយ អ្វីដែលស័ក្តិសមនឹងទំហំទ្រព្យសម្បត្តិរបស់ខ្លួន ដើម្បីឆ្លើយតបនឹងវិបត្តិដែល បានអូសបន្លាយអស់រយៈពេល រាប់សិបឆ្នាំលើកនេះ ។ តាមការប៉ាន់ប្រមាណ ក្នុងរយៈពេល ១២ ឆ្នាំខាងមុខនេះ រដ្ឋកាលីហ្វ័រញ៉ាត្រូវបណ្តាក់ទុនចំនួន ៨ ពាន់ ១ រយលានដុល្លារអាមេរិកជារៀងរាល់ឆ្នាំ ដើម្បីដោះស្រាយបញ្ហាអ្នកគ្មានទីលំនៅ ។

កាលពីខែធ្នូ ឆ្នាំ ២០២២ រដ្ឋាភិបាលលោក ចូ បៃដិនបានប្រកាសពីផែនការប្រតិបត្តិដើម្បីឆ្លើយតបនឹងបញ្ហាអ្នកគ្មានទីលំនៅដោយបញ្ជាក់ថា នឹងតម្កល់ទុកការបង្កើនការផ្គត់ផ្គង់ផ្ទះស្នាក់នៅជាអាទិភាព ក្នុងគោលដៅកាត់បន្ថយចំនួន ២៥ ភាគរយនៃអ្នកគ្មានទីលំនៅនៅឆ្នាំ ២០២៥ ។ យ៉ាងណាមិញ អ្នករិះគន់សម្គាល់ឃើញជាទូទៅថា ផែនការនេះជាការចម្លងនៃយុទ្ធសាស្ត្រដ៏បរាជ័យក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ។

នោះ តើមូលហេតុពីឫសគល់នៃបញ្ហានេះជាអ្វី ? បញ្ញវន្តមួយចំនួនបានលើកឡើងថា មូលហេតុពីឬសគល់នៃបញ្ហាអ្នកគ្មានទីលំនៅ គឺដោយមកពីអសមភាពក្នុងសង្គមក្នុងរយៈពេលយូរដែលដក់ក្នុងផ្នត់គំនិត ។ សហរដ្ឋអាមេរិកគឺជាប្រទេសលោកខាងលិចមួយដែលមានគម្លាតឆ្ងាយដាច់ពីគ្នារវាងអ្នកមាននិងអ្នកក្រយ៉ាងធ្ងន់ធ្ងរបំផុត ។ ក្នុងរយៈពេលរាប់សិបឆ្នាំកន្លងទៅ គម្លាតឆ្ងាយដាច់ពីគ្នារវាងអ្នកមាននិងអ្នកក្រមានភាពកាន់តែធ្ងន់ធ្ងរពីមួយថ្ងៃទៅមួយថ្ងៃ ប៉ុន្តែរដ្ឋាភិបាលអាមេរិកខ្វះឆន្ទៈនយោបាយក្នុងការដោះស្រាយបញ្ហាក្រីក្រ ។ យោងតាមរបាយការណ៍មួយដែលចេញផ្សាយដោយទីភ្នាក់ងារធ្វើជំរឿនប្រជាជននៃអាមេរិកកាលពីខែធ្នូ ឆ្នាំ ២០២២ បានបង្ហាញថា ចំនួនជនក្រីក្ររបស់អាមេរិកក្នុងឆ្នាំ ២០២១ បានឡើងដល់ ៣៧ លាន ៩ សែននាក់ ហើយអត្រាក្រីក្រជាផ្លូវការបានឡើងដល់ ១១,៦ ភាគរយ ។ ដោយឡែកចំនួនជនក្រីក្រទាំងនេះមានសមត្ថភាពទន់ខ្សោយបង្គួរក្នុងការទប់ទល់នឹងហានិភ័យ ពីព្រោះបើសនជាជួបប្រទះនឹងជំងឺ ការបាត់បង់ការងារនិងរឿងចៃដន្យជាដើម នោះ ពួកគេសុទ្ធតែមានលទ្ធភាពធ្លាក់ក្នុងភាពជាប់គាំង ក៏ដូចជាបាត់បង់ទីជម្រករបស់ខ្លួនដែលបណ្តាលឱ្យដើរអនាថាតាមផ្លូវ ។

លើសពីនេះទៅទៀត បញ្ហារើសអើងពូជសាសន៍ជាប្រព័ន្ធក៏កាន់តែមិនត្រូវមើលរំលងនោះឡើយ ។ យោងតាមរបាយការណ៍មួយដែលចេញផ្សាយដោយសហព័ន្ធបញ្ចប់ភាពគ្មានទីលំនៅជាតិសហរដ្ឋអាមេរិកកាលពីខែមិថុនា ឆ្នាំ ២០២០ បានបង្ហាញថា ហានិភ័យដែលក្រុមជនជាតិដើមភាគតិចនៅអាមេរិកបាននិងកំពុងក្លាយជាអ្នកគ្មានទីលំនៅគឺ ខ្ពស់ជាងជនជាតិស្បែកស ។ ពលរដ្ឋដើមកំណើតអាហ្វ្រិកមានចំនួន ១៣ ភាគរយនៃចំនួនប្រជាជនសរុបនៃអាមេរិក បែរជាមានចំនួនលើសពី ៤០ ភាគរយនៃអ្នកគ្មានទីលំនៅសរុបនៅអាមេរិក ។ ព្រមពេលជាមួយគ្នានេះ ពលរដ្ឋដើមកំណើតអាមេរិកឡាទីនដែលបាននិងកំពុងដើរអនាថាតាមផ្លូវ ក៏ កាន់តែច្រើនឡើងៗផងដែរ ។

លោក Michael Tesler បញ្ញវន្តផ្នែកនយោបាយរបស់អាមេរិកបានលើកឡើងថា ប្រជាជនអាមេរិកកាន់តែច្រើនឡើងៗសម្គាល់ឃើញថា ក្នុងរយៈពេល ៥០ ឆ្នាំកន្លងទៅ អាមេរិកមិនដែលទទួលបានវឌ្ឍនភាពខាងពូជសាសន៍យ៉ាងពិតប្រាកដនោះទេ អត្រាដែលទទួលស្គាល់ថា “ជនជាតិអាមេរិកដើមកំណើតអាហ្វ្រិករងការរើសអើង”បានកើនឡើងពី ១៩ ភាគរយក្នុងឆ្នាំ ២០១៣ ដល់ ៥០ ភាគរយក្នុងឆ្នាំ ២០២០ ។ តាមពិតទៅ ក្រៅពីពលរដ្ឋដើមកំណើតអាហ្វ្រិក ជនជាតិដើមភាគតិចនិងក្រុមមនុស្សមួយចំនួននៅអាមេរិក ដូចជាពលរដ្ឋដើមកំណើតអាស៊ីនិងពលរដ្ឋមូស្លឹមជាដើមក៏មិនត្រូវយកចិត្តទុកដាក់ដោយសារការរីករាលដាលនៃជំងឺកូវីដ ១៩ និងគោលនយោបាប្រកបដោយលក្ខណៈរើសអើងរបស់រដ្ឋាភិបាលអាមេរិកផងដែរ សិទ្ធិគ្រប់ផ្នែករបស់ពួកគេត្រូវរំលោភ ហើយបាននិងកំពុងរងការគំរាមកំហែងនិងផលប៉ះពាល់ពីកម្លាំងហិង្សាគ្រប់ពេលវេលា ។

យ៉ាងណាមិញ តាមការពិត រដ្ឋាភិបាលអាមេរិកសុខចិត្តចំណាយបា្រក់ទុនរាប់សែនលានដុល្លារអាមេរិកលើថវិកាយោធាជារៀងរាល់ឆ្នាំ ហើយក៏មិនប្រើប្រភពធនធានដ៏គ្រប់គ្រាន់ដើម្បីដោះស្រាយយ៉ាងពិតប្រាកដនូវបញ្ហាសង្គម ដូចជាភាពក្រីក្រជាដើម ។ ជាការពិតណាស់ ដូចការបង្ហាញរបស់លោក Philip Alston អតីតអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកបញ្ហាក្រីក្របំផុតនិងសិទ្ធិមនុស្សដែលធ្លាប់លើកឡើងអ៊ីចឹងថា សហរដ្ឋអាមេរិកគឺជាប្រទេសអភិវឌ្ឍន៍តែមួយគត់ដែលអះអាងថា “សិទ្ធិមនុស្សមិនបូករួមទាំងសិទ្ធិពីការជៀសវាងការស្លាប់បាត់បង់ជីវិតដោយសារភាពអត់ឃ្លាន ពីការព្យាបាលជំងឺដោយគ្មានប្រាក់ឬពីការធំធាត់ឡើងក្នុងបរិយាកាសក្រីក្របំផុតនោះទេ “៕

To Top