Covid-19

ចិន ជំរុញឲ្យ WHO កុំយកការតាមដានប្រភពដើម នៃជំងឺកូវីដ-១៩ ជាឧបករណ៍ នយោបាយ

ប៉េកាំង៖ ប្រទេសចិន បានជំរុញឱ្យមន្ត្រីអង្គការសុខភាពពិភពលោក (WHO) ត្រឡប់ទៅរកវិទ្យាសាស្ត្រវិញ និងយុត្តិធម៌ និងមិនត្រូវចុះចាញ់ ឬសុខចិត្តចុះមកធ្វើជាឧបករណ៍នៃនយោបាយរបស់ប្រទេសមួយចំនួន បន្ទាប់ពីអង្គការអន្តរជាតិមួយចំនួនបានលាបពណ៌ចិនថាខ្វះតម្លាភាពក្នុងការចែករំលែកទិន្នន័យ អំពីប្រភពដើមនៃ កូវីដ-១៩ ហើយអ្នកជំនាញបានឲ្យដឹងថា ការប្រើប្រាស់ភ័ស្តុតាងក្លែងក្លាយ និងមិនពេញលេញ ដើម្បីបង្កាច់បង្ខូចប្រទេសចិន អំពីប្រភពដើមនៃជំងឺកូវីដ-១៩ នឹងធ្វើឱ្យប៉ះពាល់ដល់ភាពជឿជាក់របស់ស្ថាប័នអន្តរជាតិ និងធ្វើឱ្យការស៊ើបអង្កេតលើមេរោគនេះធ្លាក់ចុះ។

អ្នកជំនាញខាងរោគរាតត្បាតដែលជិតស្និទ្ធនឹងក្រុមកិច្ចការតាមដានប្រភពដើមនៃមេរោគកូវីដ-១៩ របស់ប្រទេសចិន បានប្រាប់ Global Times ថាដំណាក់កាលបន្ទាប់នៃការតាមដានប្រភពដើមគួរតែផ្តោតលើសត្វដែលងាយនឹងឆ្លងមេរោគកូវីដ-១៩ ដូចជាប្រចៀវជាដើម។

ប្រទេសចិន បានធ្វើការងារច្រើនលើសលប់លើការស៊ើបអង្កេតសត្វដែលផ្ទុកមេរោគអស់រយៈពេលជាច្រើនឆ្នាំ ហើយឥឡូវនេះទំនួលខុសត្រូវ គឺស្ថិតនៅលើប្រទេសផ្សេងទៀត ដែលអាចមានទំនាក់ទំនងជាមួយមេរោគ ដើម្បីធ្វើការស៊ើបអង្កេតស្រដៀងគ្នានេះ ដើម្បីសង្ឃឹមថានឹងបំភ្លឺថាតើមេរោគនេះមកពីណា។

នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃសៅរ៍ អ្នកវិទ្យាសាស្ត្រចិន បានពិភាក្សាអំពីការរកឃើញចុងក្រោយបំផុតរបស់ពួកគេក្នុងការតាមដានប្រភពដើមនៃកូវីដ-១៩ ដែលបង្ហាញថាប្រភេទមេរោគ ដែលបានរកឃើញនៅក្នុងសំណាកពីទីផ្សារអាហារសមុទ្រហួណាន ទំនងជាបានមកពីមនុស្ស។

លើសពីនេះទៀត អ្នកជំនាញបានបញ្ជាក់ថា គ្មានអង្គបដិប្រាណជំងឺកូវីដ-១៩ ត្រូវបានរកឃើញនៅក្នុងឈាមរបស់អ្នកបរិច្ចាគនៅទីក្រុង Wuhan មុនពេលការផ្ទុះឡើងនៅក្នុងខែធ្នូ ឆ្នាំ២០១៩ នោះទេ។

ការចេញផ្សាយនៃការរកឃើញទាំងនេះបានកើតឡើងចំពេលមានការចោទប្រកាន់ថ្មីពីមន្ត្រីអង្គការសុខភាពពិភពលោកមួយចំនួន ដែលបានអះអាងថា ប្រទេសចិនមិនបានបង្ហាញពីទិន្នន័យស្តីពីការតាមដានប្រភពដើមនៃមេរោគ COVID-19។ ជាការឆ្លើយតប លោកស្រី Zhou Lei អ្នកស្រាវជ្រាវមកពីមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺចិន (China CDC) បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃសៅរ៍ថា ក្នុងនាមជាអ្នកវិទ្យាសាស្ត្រចិន ដែលបានចូលរួមក្នុងបេសកកម្មតាមដានប្រភពដើមរួមគ្នារបស់ប្រទេសចិន-WHO ក្នុងឆ្នាំ២០២១ លោកស្រីមានការភ្ញាក់ផ្អើលចំពោះការកត់សម្គាល់ទាំងនេះ។

លោកស្រី Zhou បានលើកឡើងថា ក្នុងអំឡុងពេលបេសកកម្មស្វែងរកប្រភពដើមរួមគ្នា អ្នកវិទ្យាសាស្ត្រចិន បានចែករំលែកទិន្នន័យ និងព័ត៌មានទាំងអស់ រួមទាំងព័ត៌មាននៃករណីដំបូងជាង ៧៦០០០ ករណីដែលអាចកើតមាន និងសង្ស័យថាមានការឆ្លងកូវីដ-១៩ នៅក្នុងទីក្រុង Wuhan ។

លោកស្រីបានបន្ដថា “យើងបានធ្វើការវិភាគ និងស្រាវជ្រាវស៊ីជម្រៅរួមគ្នា ហើយលទ្ធផលត្រូវបានអនុម័តរួមគ្នាដោយ WHO និងអ្នកជំនាញចិន នៅពេលនោះ” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន GlobalTime។

លោក បានកត់សម្គាល់ថា WHO គឺជាអង្គការដ៏សំខាន់មួយ ស្ថាប័នវិជ្ជាជីវៈ ដែលមានការអនុញ្ញាតដែលត្រូវបានទទួលស្គាល់ដោយសហគមន៍អន្តរជាតិ ហើយលក្ខណៈវិទ្យាសាស្ត្រ ភាពម៉ត់ចត់ និងមិនលំអៀង គឺហួសពីការសង្ស័យ៕ប្រែសម្រួល ឈូក បូរ៉ា

To Top