ព័ត៌មានអន្តរជាតិ

អង្គការណាតូ គ្រោងនឹងធ្វើសមយុទ្ធទ័ព អាកាសដ៏ធំបំផុត មិនធ្លាប់មាន ដែលនឹងអាចធ្វើឡើង ក្បែរព្រំដែនរុស្ស៊ី

បរទេស ៖ កងកម្លាំងប្រដាប់អាវុធអាល្លឺម៉ង់ បានប្រកាសនៅក្នុង សេចក្តីថ្លែងការណ៍មួយថា អង្គការណាតូ គ្រោងនឹង ធ្វើសមយុទ្ធ ទ័ពអាកាសដ៏ធំបំផុត មិនធ្លាប់មានរបស់ខ្លួននៅរដូវក្តៅនេះ ។ ត្រូវបានគេដាក់ឈ្មោះថា ‘Air Defender 23’ សមយុទ្ធនេះគ្រោងនឹងធ្វើឡើង នៅចន្លោះថ្ងៃទី ១២ ខែមិថុនា ដល់ថ្ងៃទី២៤ ខែមិថុនា ហើយត្រូវបានគេរំពឹងថា នឹងមានយន្តហោះរាប់រយគ្រឿង មកពីប្រទេសជាច្រើនចូលរួម ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា កងកម្លាំងអាល្លឺម៉ង់ Bundeswehr បាននិយាយថា ទាហានសរុបចំនួន ១០ ០០០ នាក់ និងយន្តហោះចំនួន ២២០ នឹងត្រូវចូលរួមនៅ ក្នុងហ្គេមសង្គ្រាម ដោយបន្ថែមថា ពួកគេត្រូវហ្វឹកហាត់ “នៅក្នុងដែន អាកាសអឺរ៉ុប” ។ សេចក្តីថ្លែងការណ៍បាននិយាយថា សហរដ្ឋអាមេរិក នឹងផ្គត់ផ្គង់យន្តហោះចំនួន ១០០ គ្រឿងចេញពីស្តុករបស់ខ្លួន។ យោងតាមទីក្រុង ប៊ែរឡាំង សមយុទ្ធនេះនឹងត្រូវធ្វើឡើងភាគច្រើននៅលើទឹកដីអាល្លឺម៉ង់ ទោះបីជាផែនទីដែលចេញ ផ្សាយដោយ Bundeswehr បង្ហាញថា ដែនអាកាសអេស្តូនី ដែលមានព្រំប្រទល់ជាប់រុស្ស៊ី និងរ៉ូម៉ានី ដែលមានព្រំប្រទល់ជាប់អ៊ុយក្រែន ក៏អាចប្រើបានផងដែរ ។

Bundeswehr បាននិយាយថា ផែនការ នៃសមយុទ្ធ “ត្រូវបានយកគំរូតាមសេណារីយ៉ូជំនួយមាត្រា 5” ដោយហៅវាថា “ការបណ្តុះបណ្តាល ប្រតិបត្តិការប្រឈម ផ្នែកផ្លូវអាកាស” សម្រាប់កងទ័ពដែលចូលរួម ។ សមយុទ្ធនេះមានគោលបំណង “បង្កើនប្រសិទ្ធភាព” កិច្ចសហប្រតិបត្តិការរវាងប្រទេស ដែលចូលរួម និងបង្ហាញពី “ភាពរឹងមាំ” នៃប្លុកយោធា ។

ប្រទេសសរុបចំនួន ២៤ នឹងចូលរួមក្នុងសមយុទ្ធនេះ រួមទាំងប្រទេសហ្វាំងឡង់ ដែលទើបតែបានចូលរួមជាមួយណាតូកាលពីដើមខែមេសា។ ប្រទេសស៊ុយអែត ដែលមិនទាន់បានចូលរួមជាមួយប្លុកនេះ ក៏នឹងចូលរួមក្នុងសមយុទ្ធផងដែរ៕

To Top