ព័ត៌មានអន្តរជាតិ

ការខកចិត្ត របស់អ្នកនយោបាយអាមេរិក ជុំវិញកិច្ចព្រមព្រៀងអារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់ លាតត្រដាងផ្នត់គំនិតអនុត្តរភាព

គ៊ែរ៖ ខណៈដែលមេដឹកនាំពិភពលោក បានស្វាគមន៍ការបន្តទំនាក់ទំនង ការទូតរវាងអារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់ ដែលជាគូប្រជែងពីរនៅមជ្ឈិមបូព៌ា ខណៈមន្ត្រីអាមេរិកមួយចំនួនបានសម្តែង ការមិនសប្បាយចិត្តជាជាង ចូលរួមក្នុងការប្រារព្ធពិធីនេះ។

នៅក្នុងដំណើរទស្សនកិច្ច ដោយមិនបានប្រកាសទៅកាន់ ប្រទេសអារ៉ាប៊ីសាអូឌីតនៅដើមខែនេះ លោក William Burns នាយកទីភ្នាក់ងារស៊ើបការណ៍ សម្ងាត់កណ្តាលបានបង្ហាញពីការខកចិត្ត របស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការចាកចេញពីការអភិវឌ្ឍន៍ក្នុងតំបន់ បន្ទាប់ពីទីក្រុងរីយ៉ាដ បានផ្លាស់ប្តូរដើម្បីស្តារទំនាក់ទំនង ជាមួយប្រទេសអ៊ីរ៉ង់ និងស៊ីរី នេះបើយោងតាមកាសែត The Wall Street Journal ។

ការខកចិត្តរបស់លោក Burns បានកើតឡើងប្រហែលមួយខែបន្ទាប់ពី កិច្ចចរចារវាងប្រទេសអារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់ ដែលសម្របសម្រួលដោយចិន ដែលក្នុងអំឡុងពេលនោះភាគីទាំងពីរ បានយល់ព្រមបន្តទំនាក់ទំនងការទូតឡើងវិញ។ ប្រទេសនៅមជ្ឈិមបូព៌ាទាំងពីរ បានចុះហត្ថលេខាលើ សេចក្តីថ្លែងការណ៍រួមនៅទីក្រុងប៉េកាំង កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីបើកស្ថានទូត និងស្ថានកុងស៊ុលនៅក្នុងប្រទេសរៀងៗខ្លួន។

កិច្ចព្រមព្រៀងនេះត្រូវបានរំពឹងថា នឹងបន្ធូរបន្ថយភាពតានតឹងរវាងប្រទេសមូស្លីម ដ៏មានឥទ្ធិពលទាំងពីរ ដូច្នេះពួកគេអាចធ្វើការរួមគ្នា ដើម្បីកាត់បន្ថយជម្លោះប្រដាប់អាវុធ និងស្ដារស្ថិរភាព និងសន្តិភាពសម្រាប់ប្រជាជន រាប់សិបលាននាក់នៅក្នុងតំបន់។

នៅពេលដែលពិភពលោកភាគច្រើន ស្វាគមន៍ចំពោះចំណាត់ការនេះ វាហាក់ដូចជាមិនមែនជាដំណឹងល្អ សម្រាប់ទីក្រុងវ៉ាស៊ីនតោន ដែលកិច្ចខិតខំប្រឹងប្រែង ការទូតណាមួយរបស់ចិន អាចត្រូវបានបកស្រាយថា ជាភស្តុតាងនៃចេតនាអាក្រក់ និងការប៉ុនប៉ងធ្វើឱ្យប៉ះពាល់ដល់ ផលប្រយោជន៍របស់សហរដ្ឋអាមេរិក។

ផ្នត់គំនិតបែបនេះបានបណ្តាលឱ្យ មានការប្រើប្រាស់អំណាច របស់សហរដ្ឋអាមេរិក ដោយមិនរើសអើង ដើម្បីទប់ស្កាត់ប្រទេសចិន និងបំផ្លាញគម្រោងណាមួយ ដែលចិនចូលរួម រួមទាំងការបង្កើតសន្តិភាព និងគំនិតផ្តួចផ្តើមផ្សេងទៀតសម្រាប់ ផលប្រយោជន៍រួមរបស់ពិភពលោក។

បន្ថែមពីលើទណ្ឌកម្មដ៏តឹងរ៉ឹងរបស់ខ្លួន ដែលដាក់លើក្រុមហ៊ុនបច្ចេកវិទ្យាចិន ទីក្រុងវ៉ាស៊ីនតោនក៏បាន បង្ខិតបង្ខំសម្ព័ន្ធមិត្តរបស់ខ្លួន និងប្រទេសមួយចំនួនទៀតឱ្យ ចូលរួមក្នុងការដាក់ទណ្ឌកម្ម និងបដិសេធគម្រោងដែលចិនមានភាគហ៊ុន ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top