ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានឲ្យដឹងថា ប្រទេសចិន មិនមែនជាប្រភពនៃ “អន្ទាក់បំណុល” របស់ប្រទេសអាហ្រ្វិកនោះទេ ប៉ុន្តែជាដៃគូ ដើម្បីជួយពួកគេ និងប្រទេសកំពុងអភិវឌ្ឍន៍ ផ្សេងទៀតឱ្យរួចផុតពី “អន្ទាក់នៃភាពក្រីក្រ”។
អ្នកនាំពាក្យលោក Wang Wenbin បានធ្វើការកត់សម្គាល់នេះ ដើម្បីឆ្លើយតបទៅនឹងការចោទប្រកាន់ មួយកម្រិតប្រឆាំងនឹងប្រទេសចិន ដោយមន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាមេរិក និងមន្ត្រីធនាគារពិភពលោក ទាក់ទងនឹងបញ្ហាបំណុលរបស់អាហ្វ្រិក។
លោក Wang បានថ្លែងថា “ការចោទប្រកាន់ទាំងនោះ មិនមានមូលដ្ឋានពិតនោះទេ ប្រទេសចិនយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះបញ្ហាបំណុលរបស់ទ្វីបអាហ្រ្វិក និងជួយបណ្តាប្រទេស នៅទ្វីបអាហ្រ្វិកក្នុងការដោះស្រាយវា។ ប្រទេសចិន បានចូលរួមចំណែកច្រើនជាងក្នុងគំនិត ផ្តួចផ្តើមការផ្អាកសេវាបំណុល (DSSI) ជាងសមាជិកក្រុម ប្រទេសទាំង២០ (G20) ដទៃទៀត”។
យោងតាមការស្រាវជ្រាវ ចុងក្រោយបង្អស់របស់ China-Africa Research Initiative នៅសាកលវិទ្យាល័យ Johns Hopkins ប្រទេសចិន បានរួមចំណែក ៦៣ភាគរយ នៃការព្យួរសេវាបំណុលក្រោម DSSI ។ អ្នកនាំពាក្យបានលើកឡើងថា ការស្រាវជ្រាវបានរកឃើញថា ប្រទេសចិនបានសកម្មក្នុងការ ទំនាក់ទំនងជាមួយភាគីដែលចូលរួមផ្សេងទៀត ហើយបានបំពេញភារកិច្ច របស់ខ្លួនក្នុងការអនុវត្ត DSSI ប្រកបដោយប្រសិទ្ធភាព។
លោក Wang បានដកស្រង់សម្តីអនុប្រធានាធិបតី ប្រទេសនីហ្សេរីយ៉ា លោក Yemi Osinbajo ដែលពិពណ៌នាអំពីការព្រួយបារម្ភ របស់រដ្ឋាភិបាលលោកខាងលិច លើអ្វីដែលគេហៅថា “អន្ទាក់បំណុលចិន” ថាជាប្រតិកម្មហួសហេតុ។
យោងទៅតាមគាត់ ប្រជាជាតិអាហ្រ្វិកពិតជាគ្មានការសុំទោស ចំពោះទំនាក់ទំនងជិតស្និទ្ធ របស់ពួកគេជាមួយប្រទេសចិន។ អាហ្រ្វិកត្រូវការប្រាក់កម្ចី និងហេដ្ឋារចនាសម្ព័ន្ធ។ ប្រទេសចិនបង្ហាញកន្លែង និងពេលណា ដែលលោកខាងលិចនឹងមិន ឬស្ទាក់ស្ទើរ។
លោក Wang បានបន្ថែមថា ប្រទេសចិន តែងតែប្តេជ្ញាផ្តល់ការគាំទ្រ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៃប្រទេសកំពុងអភិវឌ្ឍន៍ រួមទាំងបណ្តាប្រទេសនៅអាហ្វ្រិកផងដែរ ៕
ប្រែសម្រួល ឈូក បូរ៉ា