ព័ត៌មានអន្តរជាតិ

ចិន ដាក់ពង្រាយនាវាផ្ទុកយន្តហោះ Shandong ក្នុងសមយុទ្ធនៅជិតកោះតៃវ៉ាន់

ប៉េកាំង៖ ប្រទេសចិនបានឲ្យដឹងថា ខ្លួនបានដាក់ពង្រាយនាវាផ្ទុកយន្តហោះ Shandong របស់ខ្លួនសម្រាប់សមយុទ្ធយោធា ដែលបានធ្វើឡើងនៅចុងសប្តាហ៍ នៅជិតកោះតៃវ៉ាន់ ជាការឆ្លើយតបទៅនឹងកិច្ចប្រជុំ រវាងមេដឹកនាំកោះលោកស្រី Tsai Ing-wen និងប្រធានសភាតំណាងសហរដ្ឋអាមេរិកលោក Kevin McCarthy ។

ជាផ្នែកមួយនៃសមយុទ្ធដែនអាកាស និងសមុទ្ររយៈពេលបីថ្ងៃជុំវិញកោះ ដែលបានបញ្ចប់នៅថ្ងៃដដែលនោះ យោធាចិន បានធ្វើការវាយប្រហារក្លែងធ្វើមួយចំនួន ប្រឆាំងនឹងគោលដៅសំខាន់ៗនៅតៃវ៉ាន់ និងដែនទឹកជុំវិញរបស់នោះ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន បានឱ្យដឹងថា ក្រុមនាវាផ្ទុកយន្តហោះ Shandong បានរៀបចំយន្តហោះចម្បាំង J-15 ។

ការកើនឡើងនៃភាពតានតឹង ឆ្លងកាត់ច្រកសមុទ្រ បន្ទាប់ពីកិច្ចពិភាក្សារវាងប្រធានាធិបតីតៃវ៉ាន់ និងមន្ត្រីជាន់ខ្ពស់អាមេរិកលំដាប់ទីបី កាលពីថ្ងៃពុធនៅរដ្ឋកាលីហ្វ័រញ៉ា បានបង្កឱ្យមានការព្រួយបារម្ភនៅក្នុងតំបន់ ដោយប្រធានខុទ្ទកាល័យជប៉ុនលោក Hirokazu Matsuno បានឲ្យដឹងថា ទីក្រុងតូក្យូនឹងតាមដានស្ថានភាព ដោយ​ការ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​បំផុត។

កាលពីខែសីហាឆ្នាំមុន ប្រទេសចិនបានធ្វើសមយុទ្ធយោធា ទ្រង់ទ្រាយធំនៅក្នុងតំបន់ជុំវិញកោះតៃវ៉ាន់ បន្ទាប់ពីការធ្វើដំណើរទៅទីនោះ ដោយអ្នកកាន់តំណែងមុនរបស់លោក McCarthy គឺលោកស្រី Nancy Pelosi ដែលបានក្លាយជាប្រធានសភាអាមេរិក ដំបូងគេក្នុងរយៈពេល ២៥ឆ្នាំ ដែលបានមកលេងកោះនេះ។

ទីក្រុងប៉េកាំងបានចាត់ទុកកោះតៃវ៉ាន់ ជាខេត្តមួយដែលត្រូវបានបង្រ្កាបដោយបង្ខំ ប្រសិនបើចាំបាច់។ នាវា Shandong ដែលត្រូវបានដាក់ឱ្យដំណើរការក្នុងឆ្នាំ២០១៩ គឺជានាវាផ្ទុកយន្តហោះទីពីររបស់ប្រទេសចិន។

ជាក់ស្តែងទីក្រុងប៉េកាំង មានបំណងដាក់ពង្រាយនាវា ផ្ទុកយន្តហោះសម្រាប់ប្រតិបត្តិការ បិទផ្លូវសមុទ្រអំឡុងពេលមានអាសន្ន ដើម្បីទប់ស្កាត់អន្តរាគមន៍យោធា របស់សហរដ្ឋអាមេរិក។

ក្រសួងការពារជាតិតៃវ៉ាន់ បាននិយាយកាលពីថ្ងៃចន្ទថា យន្តហោះយោធាចិនសរុបចំនួន ៩១ គ្រឿង និងនាវាចំនួន ១២ ត្រូវបានគេរកឃើញនៅជុំវិញកោះនេះ កាលពីព្រឹកថ្ងៃចន្ទ ដោយមានយន្តហោះចំនួន ៥៤គ្រឿង ឆ្លងកាត់ខ្សែបន្ទាត់មធ្យមនៃច្រកសមុទ្រ ដែលជាព្រំប្រទល់ដែលភាគីទាំងពីរ បានគោរពអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ឬចូលតំបន់កំណត់អត្តសញ្ញាណ ការពារដែនអាកាសរបស់តៃវ៉ាន់ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top