ព័ត៌មានអន្តរជាតិ

បទវិភាគ៖ “មិត្តចាស់ របស់ប្រជាជនចិន “មកហើយ !

ប្រទេសចិន និងប្រេស៊ីល មានចម្ងាយពីគ្នាប្រហែល ១ម៉ឺន៨ពាន់៨ រយគីឡូម៉ែត្រ ហើយជាប្រទេស កំពុងអភិវឌ្ឍធំ ជាងគេ នៅអឌ្ឍគោលខាងកើត និងខាងលិច ដោយឡែកពីគ្នា ។ ទន្ទឹមនឹងការ ដែលលោក Lula ប្រធានាធិបតីប្រេស៊ីល ចាប់ផ្តើមដំណើរទស្សនកិច្ច មកកាន់ប្រទេសចិន នៅថ្ងៃទី១២ខែមេសា ប្រទេសមហាអំណាច ដែលកំពុងងើបឡើងថ្មី ទាំងពីរដែលពុះចែក ដោយមហាសមុទ្រ នឹងចាប់ដៃគ្នាម្តងទៀត ។

នេះគឺជាលើកទីបី ហើយ ដែលលោកLula បំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសចិន ហើយក៏ជាលើកដំបូង ដែលលោកបានបំពេញ ទស្សនកិច្ចនៅប្រទេស ក្រៅតំបន់គិតតាំង ពីលោកបានចូលកាន់មុខតំណែង ជាប្រធានាធិបតីប្រេស៊ីល នៅខែមករាឆ្នាំនេះផងដែរ ។ សម្រាប់ ប្រជាជនចិន លោកប្រធានាធិបតី Lula គឺជាមិត្តចាស់មួយរូប ។ ក្នុងអំឡុងពេលលោកបានកាន់ មុខតំណែង ជាប្រធានាធិបតី ជាលើកដំបូង លោកបានបំពេញ ទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសចិនចំនួនពីរលើក ហើយបានចូលរួម ក្នុងពិធីបើកការប្រកួតកីឡា អូឡាំពិក ក្រុងប៉េកាំង ឆ្នាំ២០០៨ ។ ក្នុងអំឡុងពេលកាន់តំណែង របស់លោកប្រធានាធិបតីLula ទំនាក់ទំនងចិន និងប្រេស៊ីល បានវិវឌ្ឍទៅមុខ ដោយលោតផ្លោះ ។

នៅខែមករាឆ្នាំនេះ លោកLulaដែលមានអាយុ៧៧ឆ្នាំ បានឡើងកាន់មុខតំណែង ជាប្រធានាធិបតីប្រេស៊ីល ជាលើកទីបី ។ លោកXi Jinpingប្រធានរដ្ឋចិន បានផ្ញើលិខិត ដើម្បីអបអរសាទរចំពោះការឡើងកាន់មុខតំណែង របស់លោក ដោយសង្កត់ធ្ងន់ថា ប្រទេសចិននិងប្រេស៊ីល គឺជាប្រទេសកំពុង អភិវឌ្ឍដែលប្រកបដោយឥទ្ធិពល សកល និងជាទីផ្សារងើបឡើងថ្មី ដ៏សំខាន់ ចិននិងប្រេស៊ីលគឺ ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ របស់គ្នាទៅវិញទៅមក ដែលមានផលប្រយោជន៍រួមគ្នា យ៉ាងទូលំទូលាយ ។ នៅពេលទទួលយកសារ តាំងពីឯកអគ្គរដ្ឋទូតចិន ប្រចាំប្រទេសប្រេស៊ីល នៅខែកុម្ភៈឆ្នាំនេះ លោកប្រធានាធិបតីLulaបានថ្លែងថា ប្រេស៊ីលរំពឹងថា នឹងធ្វើឱ្យការប្រាស្រ័យទាក់ទងជាន់ខ្ពស់ ជាមួយភាគីចិនមានភាពកាន់តែជិតស្និទ្ធ ធ្វើឱ្យស៊ីជម្រៅ នូវកិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ ដល់គ្នាទៅវិញទៅមក ក៏ដូចជា”ជំរុញឱ្យទំនាក់ទំនង ប្រទេសទាំងពីរវិវឌ្ឍ ទៅមុខដោយខ្លាំងក្លា ថែមមួយកម្រិតទៀត” ។

បញ្ហាសេដ្ឋកិច្ចជាចំណុចសំខាន់ធំ មួយនៃដំណើរទស្សនកិច្ច របស់លោកLulaលើកនេះ។ នាពេលបច្ចុប្បន្ននេះ ប្រទេសប្រេស៊ីលកំពុងប្រឈមមុខ នឹងភារកិច្ចធ្ងន់ នៃការស្តារឡើងវិញ ក្រោយពីបញ្ចប់ការ រីករាលដាល នៃជំងឺកូវីដ១៩ ហើយលោកLula បានប្តេជ្ញាចិត្ត ក្នុងការជំរុញ” ឧស្សាហូបនីយកម្ម ម្តងទៀត ” របស់ប្រទេសប្រេស៊ីល ។ រីកឯប្រទេសចិនកំពុងជំរុញ ការអភិវឌ្ឍប្រកប ដោយគុណ ភាពខ្ពស់ និងការបើកចំហប្រកប ដោយកម្រិតខ្ពស់ ដែលនឹងផ្តល់ឱកាសឈ្នះ-ឈ្នះ សម្រាប់បណ្តាប្រទេសពិភពលោក ដែលបូករួមទាំងប្រទេស ប្រេស៊ីលផងដែរ ។ មុនពេលលោកLulaចេញដំណើរ មន្ត្រីប្រេស៊ីល និងតំណាង សហគ្រិន ជាច្រើន បានមកដល់ទីក្រុងប៉េកាំង មុនពេលកំណត់ ។ លោកCarlosFávaro រដ្ឋមន្ត្រីក្រសួងកសិកម្ម និងចិញ្ចឹមសត្វប្រទេសប្រេស៊ីល បានថ្លែងនៅពេលផ្តល់បទសម្ភាស៍ នៅទីក្រុងប៉េកាំងថា “យើងនឹងបង្កើតទំនាក់ទំនងភាពដៃ គូសហការកាន់តែច្រើន ជាមួយប្រទេសចិន ដើម្បីរួមគ្នាបង្កើនផលិតភាពនិងទិន្នផល របស់ភាគីទាំងពីរ” ។

ក្នុងពេលជាមួយគ្នានេះ ដំណឹងល្អមួយទៀត សម្រាប់ភាពងាយស្រួល នៃពាណិជ្ជកម្មនិងការវិនិយោគ រវាងចិននិងប្រេស៊ីល បានប្រកាសចេញមក។ នៅចុងខែមីនា រដ្ឋាភិបាលប្រេស៊ីល បានថ្លែងថា ប្រទេសប្រេស៊ីល បានឈានដល់កិច្ចព្រមព្រៀង ជាមួយប្រទេសចិន ដែលនឹងទូទាត់ពាណិជ្ជកម្ម តាមរូបិយវត្ថុរបស់ប្រទេសខ្លួន ។

ក្រោមការជំរុញពីមន្ត្រីជាន់ខ្ពស់ នៃប្រទេសទាំងពីរ កិច្ចសហប្រតិបត្តិការ ទ្វេភាគីរវាងចិននិងប្រេស៊ីល កាន់តែស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ ហើយទំនាក់ទំនងរវាងប្រជាជន នៃប្រទេសទាំងពីរក៏កាន់តែជិតស្និទ្ធ ជាបន្តបន្ទាប់ផងដែរ ។ ក្រៅពីបាល់ទាត់ របាំសាំបា និងសាច់អាំង ជនជាតិចិនសព្វថ្ងៃ ជាពិសេសយុវជនចិន បានស្គាល់ប្រេស៊ីលច្រើនជាងមុន ។

“មិត្តចាស់របស់ប្រជាជនចិន”មកដល់ហើយ! មជ្ឈដ្ឋានខាងក្រៅយកចិត្តទុកដាក់ខ្ពស់ ចំពោះដំណើរ ទស្សនកិច្ចរបស់លោកLulaមកកាន់ប្រទេសចិន ពីព្រោះក្នុងនាមជាប្រទេសកំពុង អភិវឌ្ឍធំ ជាងគេនៅអឌ្ឍគោលខាងកើត និងខាងលិចការពង្រីក ទំនាក់ទំនង រវាងប្រទេសចិន និងប្រេស៊ីល មិនត្រឹមតែមានអំណោយផល ដល់ភាគីទាំងពីរប៉ុណ្ណោះទេ ថែមទាំងក៏នឹងផ្តល់ផលប្រយោជន៍ ដល់ពិភពលោក ទាំងមូលទៀតផង៕

To Top