បាងកក ៖ ប្រទេសថៃ មានបំណងធ្វើឱ្យឧស្សាហកម្មទេសចរណ៍ របស់ខ្លួនមានភាពរស់រវើកឡើងវិញ ដោយការទាក់ទាញភ្ញៀវទេសចរចិន កាន់តែច្រើនក្នុងអំឡុងពេល និងក្រោយពិធីបុណ្យសង្ក្រាន្ត ដែលជាពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីរបស់ប្រទេស។
យោងតាមអាជ្ញាធរទេសចរណ៍ថៃ (TAT) ប្រទេសនេះបានមើលឃើញការកើនឡើង គួរឱ្យកត់សម្គាល់នៃការមកដល់របស់ភ្ញៀវទេសចរចិនដែលមានចំនួន ២៦៩,៧៤៥នាក់នៅក្នុងខែមីនាតែមួយ ពោលគឺកើនឡើង ៧០ភាគរយធៀបនឹងខែកុម្ភៈ។ ក្នុងខែមេសា ក្នុងអំឡុងពេលបួនថ្ងៃដំបូងនៃខែមេសា ប្រទេសនេះបានស្វាគមន៍ភ្ញៀវទេសចរចិនមិនតិចជាង ៨០០០នាក់ក្នុងមួយថ្ងៃ ។
ដោយសារតែការកើនឡើងជាបន្ត នៃភ្ញៀវទេសចរចិន ពេលនេះ TAT កំពុងកំណត់គោលដៅភ្ញៀវទេសចរចិនដែលចូលមកទស្សនាចំនួន ៩លាននាក់នៅឆ្នាំនេះ ពោលគឺ កើនឡើងពីគោលដៅមុនចំនួន ៥លាននាក់ នេះបើយោងតាមអភិបាលរង TAT លោក Chattan Kunjara Na Ayudhya ក្នុងបទសម្ភាសន៍ជាមួយស៊ីនហួ។
អាជ្ញាធរទេសចរណ៍ កំពុងប្រើប្រាស់ពិធីបុណ្យសង្ក្រាន្តខាងមុខ ដែលចាប់ពីថ្ងៃព្រហស្បតិ៍ដល់ថ្ងៃសៅរ៍ ដើម្បីជាឱកាសមួយដើម្បីជំរុញវិស័យទេសចរណ៍។ លោក Chattan បានលើកឡើងថា ពិធីបុណ្យនេះត្រូវបានគេរំពឹងថា នឹងបង្កើតប្រាក់ចំណូលសរុបចំនួន ១៨,៥ ពាន់លានបាត (ប្រហែល ៥៤០,៨លានដុល្លារអាមេរិក) ជាមួយនឹងភ្ញៀវទេសចរអន្តរជាតិជាង ៣០ម៉ឺន នាក់បានមកដល់ក្នុងអំឡុងពេលសប្តាហ៍វិស្សមកាល។
គម្រោងការ៉ាវ៉ានដែលរៀបចំដោយការិយាល័យ Kunming របស់ TAT ក្នុងអំឡុងពិធីបុណ្យសង្ក្រាន្តឆ្នាំនេះ គឺត្រូវបានកែសម្រួល សម្រាប់ភ្ញៀវទេសចរចិន។ ក្រុមដែលមានរថយន្តចំនួន ៤០០ គ្រឿង និងភ្ញៀវទេសចរចិនចំនួន ១២០០នាក់នឹងចូលប្រទេសថៃ តាមព្រំដែនក្នុងខេត្តឈៀងរ៉ៃ ឡូយ ណងខៃ និងណាន ហើយជួបគ្នានៅឈៀងម៉ៃ ដើម្បីស្នាក់នៅសម្រាប់ពិធីបុណ្យនេះ៕
ប្រែសម្រួល ឈូក បូរ៉ា