ព័ត៌មានអន្តរជាតិ

សេដ្ឋកិច្ចពិភពលោក នឹងកើនឡើង ២,៨ភាគរយ នៅឆ្នាំ២០២៣

វ៉ាស៊ីនតោន៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករណ៍កាលពីថ្ងៃអង្គារថា សេដ្ឋកិច្ចពិភពលោកនឹងកើនឡើង ២,៨ភាគរយនៅឆ្នាំ២០២៣ ដែលជាភាគរយទាប ជាងការព្យាករណ៍ កាលពីខែមករា ០,១ ភាគរយ។

IMF បានឲ្យដឹងនៅក្នុងរបាយការណ៍ ទស្សនវិស័យសេដ្ឋកិច្ចពិភពលោក (WEO) ដែលចេញផ្សាយថ្មីថា “ការវិលត្រឡប់មកវិញ នៃសេដ្ឋកិច្ចពិភពលោកទៅនឹងល្បឿន នៃកំណើនសេដ្ឋកិច្ច ដែលបានគ្រប់គ្រងមុន ពេលមានការភ្ញាក់ផ្អើលនៅឆ្នាំ២០២២ និងភាពចលាចលក្នុងវិស័យហិរញ្ញវត្ថុនាពេលថ្មីៗ នេះគឺកាន់តែពិបាកយល់” ។

ប្រភពបានបន្ថែមថា កំណើនសេដ្ឋកិច្ចពិភពលោកត្រូវបានប៉ាន់ប្រមាណថាមានចំនួន ៣,៤ភាគរយនៅឆ្នាំ២០២២ ហើយរំពឹងថា នឹងកើនឡើងដល់ ៣ ភាគរយនៅឆ្នាំ២០២៤។

នៅក្នុងនោះដែរមូលនិធិរូបិយវត្ថុ អន្តរជាតិ (IMF) បានឲ្យដឹងថា ទស្សនវិស័យសេដ្ឋកិច្ចនៃទីផ្សារកំពុងរីកចម្រើន និងសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ជាមធ្យម មានភាពរឹងមាំជាងប្រទេស ដែលមានសេដ្ឋកិច្ចជឿនលឿន។

IMF បានឲ្យដឹងនៅក្នុងរបាយការណ៍ទស្សនវិស័យសេដ្ឋកិច្ចពិភពលោក ដែលចេញផ្សាយថ្មីថា “ជាមធ្យម កំណើនត្រូវបានគេរំពឹងថានឹងមានចំនួន ៣,៩ ភាគរយនៅឆ្នាំ២០២៣ ហើយនឹងកើនឡើងដល់ ៤,២ភាគរយនៅឆ្នាំ២០២៤” ។

ទោះជាយ៉ាងណាក៏ដោយ ការរំពឹងទុកមានភាពខុសប្លែកគ្នា យ៉ាងទូលំទូលាយនៅទូទាំងតំបន់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។

សេដ្ឋកិច្ចពិភពលោកត្រូវបានគេរំពឹងថានឹងកើនឡើងតិចជាង ៣ភាគរយនៅឆ្នាំនេះ។  ទោះជាយ៉ាងណាក៏ដោយ អត្រាកំណើន សម្រាប់ប្រទេសឥណ្ឌា និងចិន ដែលជាប្រទេសសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ដ៏សំខាន់ទាំងពីរ ត្រូវបានប៉ាន់ប្រមាណថាមាន ៥,៩ ភាគរយ និង ៥,២ ភាគរយរៀងគ្នា៕

ប្រែសម្រួល ឈូក បូរ៉ា

To Top