ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីក្រសួងការពារជាតិ របស់ប្រទេសស៊ែប៊ី បដិសេធចំពោះការអះអាងដែលថា ខ្លួនបានបញ្ជួនអាវុធឱ្យអ៊ុយក្រែន

បរទេស៖ រដ្ឋមន្ត្រីក្រសួងការពារជាតិរបស់ប្រទេស ស៊ែប៊ី លោក Milos Vucevic បានទទូចថា របាយការណ៍ដែលស៊ែប៊ី កំពុងបញ្ជូនអាវុធទៅអ៊ុយក្រែន គឺជា “ការកុហក” ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា សេចក្តីថ្លែងការណ៍របស់រដ្ឋមន្រ្តីការពារជាតិនេះ បានធ្វើឡើងបន្ទាប់ពីសារព័ត៌មាន Reuters បានដកស្រង់ឯកសាររបស់មន្ទីរបញ្ចកោណ ដែលបានចាត់ថ្នាក់កាលពីថ្ងៃពុធដែលអះអាងថា រដ្ឋាភិបាលទីក្រុង Belgrade ប្តេជ្ញាផ្តល់ជំនួយធុនធ្ងន់ដល់អ៊ុយក្រែន ដែលវាប្រហែលជាបានផ្តល់រួចហើយ ។

យោងតាមទីភ្នាក់ងារសារព័ត៌មាន ឯកសារនេះស្ថិតក្នុងចំណោម ឯកសារសម្ងាត់របស់សហរដ្ឋអាមេរិក រួមទាំងរបាយការណ៍ចារកម្ម ដែលត្រូវបានលេចធ្លាយតាម អ៊ីនធឺណិតកាលពីដើមឆ្នាំនេះ ហើយថ្មីៗនេះត្រូវបានប្រព័ន្ធផ្សព្វផ្សាយរកឃើញ។

លោក Vucevic បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Sputnik ថា ប្រទេសស៊ែប៊ីមិនបានលក់ហើយក៏ នឹងមិនលក់អាវុធទៅឱ្យភាគីអ៊ុយក្រែន ឬរុស្ស៊ី ឬប្រទេសជុំវិញជម្លោះនេះដែរ។ “យើង​បាន​បដិសេធ​ចំពោះការ​កុហក​ទាំង​នេះ​ ជាង​ដប់​ដង​រួច​ហើយ ហើយ​នឹង​ធ្វើ​វា​ម្តង​ទៀត​។

រដ្ឋមន្ត្រីក្រសួងការពារជាតិរបស់ប្រទេស ស៊ែប៊ី លោក Milos Vucevic បន្ថែមថា “វាតែងតែមានលទ្ធភាពដែល អាវុធមួយចំនួននឹងត្រូវបានរកឃើញ ដោយមន្តអាគមនៅក្នុងតំបន់ជម្លោះ។ ប៉ុន្តែ​វា​មិន​ពាក់ព័ន្ធ​នឹង​ប្រទេស​ស៊ែប៊ី​ទេ»។ «វាជាសំណួរសម្រាប់ប្រទេសដែល មិនគោរពបទដ្ឋានអន្តរជាតិ កាតព្វកិច្ចកិច្ចសន្យា និងការអនុវត្តអាជីវកម្ម» ៕

ប្រែសម្រួលៈ ណៃ តុលា

To Top