ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិនបានឲ្យដឹងថា ប្រទេសចិនជំរុញឱ្យភាគីសហរដ្ឋអាមេរិក ផ្តល់ការពន្យល់ដល់សហគមន៍អន្តរជាតិ សម្រាប់ការលេចធ្លាយឯកសារយោធារបស់សហរដ្ឋអាមេរិក។
យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិក ឯកសារដែលសង្ស័យថា បានចាត់ថ្នាក់មន្ទីរប៉ង់តាហ្គោន មួយចំនួនត្រូវបានផ្សព្វផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមនាពេលថ្មីៗនេះ។
ឯកសារលេចធ្លាយទាំងនេះ បង្ហាញថា រដ្ឋាភិបាលសហរដ្ឋអាមេរិក មានការពាក់ព័ន្ធយ៉ាងខ្លាំងនៅក្នុងជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន ហើយបានធ្វើចារកម្មលើសម្ព័ន្ធមិត្តរបស់ខ្លួន។ នេះមិនមែនជាលើកទីមួយនោះទេសម្រាប់រឿងអាស្រូវបែបនេះដែលត្រូវលាតត្រដាង។
ជាការឆ្លើយតបទៅនឹងសំណួរពាក់ព័ន្ធ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានប្រាប់សន្និសីទ សារព័ត៌មានប្រចាំថ្ងៃថា ប្រទេសចិន បានកត់សម្គាល់ថា ប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានចង្អុលបង្ហាញថា ឯកសារយោធាអាមេរិក ដែលលេចធ្លាយទាំងនេះបង្ហាញយ៉ាងច្បាស់ ពីការជាប់ពាក់ព័ន្ធយ៉ាង ជ្រាលជ្រៅរបស់ សហរដ្ឋអាមេរិក ក្នុងវិបត្តិអ៊ុយក្រែន។
លោកបានលើកឡើងថា “ពួកគេក៏បង្ហាញជាថ្មីម្តងទៀតថា សហរដ្ឋអាមេរិក បានប្រើប្រាស់បច្ចេកវិទ្យា របស់ខ្លួនជាយូរមកហើយ ដើម្បីធ្វើសកម្មភាពលួចសម្ងាត់ ការឃ្លាំមើល និងការលួចស្តាប់តាមប្រទេសនានាក្នុងពិភពលោក រួមទាំងសម្ព័ន្ធមិត្តផងដែរ។ សហរដ្ឋអាមេរិកចាំបាច់ត្រូវផ្តល់ការពន្យល់ដល់សហគមន៍អន្តរជាតិសម្រាប់រឿងនេះ”។
លោក Wang បានកត់សម្គាល់ថា អ្នកការទូតកំពូលរបស់សហរដ្ឋអាមេរិក បាននិយាយនូវអ្វីដែលគេហៅថា “កិច្ចប្រជុំកំពូល ដើម្បីប្រជាធិបតេយ្យ” ថាសហរដ្ឋអាមេរិក កំពុងធ្វើការជាមួយដៃគូ ដើម្បីធានាថាបច្ចេកវិទ្យា ត្រូវបានបង្កើតឡើង និងប្រើប្រាស់ក្នុងវិធីដែលឆ្លុះបញ្ចាំងពីអ្វីដែលគេហៅថា “តម្លៃ និងផលប្រយោជន៍ប្រជាធិបតេយ្យ”។
លោកបានបន្ថែមថា “ការពិតបានបង្ហាញឱ្យឃើញជាថ្មីម្តងទៀតថាអ្វីដែលគេហៅថា “តម្លៃប្រជាធិបតេយ្យ” ដែលសហរដ្ឋអាមេរិក អះអាងគឺគ្មានអ្វីក្រៅពីលេស និងជាឧបករណ៍ សម្រាប់សហរដ្ឋអាមេរិក ក្នុងការស្វែងរកផលប្រយោជន៍អាត្មានិយម”៕
ប្រែសម្រួល ឈូក បូរ៉ា