ព័ត៌មានអន្តរជាតិ

អេហ្ស៊ីប បដិសេធថា មិនបានលួចផលិតគ្រាប់រ៉ូក្កែត ឲ្យរុស្សីនោះឡើយ

បរទេស៖ កាសែតវ៉ាស៊ិនតោនប៉ុស្តិថ្មីៗនេះ បានធ្វើការចេញផ្សាយនូវឯកសារសំងាត់ៗជាច្រើន ដែលមានពាក់ព័ន្ធទៅនឹងផែនការសំងាត់ រវាងរដ្ឋាភិបាលប្រទេសអេហ្ស៊ីប និងរដ្ឋាភិបាល នៃប្រទេសរុស្សី។

ទោះបីជាយ៉ាងណាក្តី កាលពីថ្ងៃពុធម្សិលមិញនេះ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលទីក្រុងគែរ បានចេញមកធ្វើការបដិសេធព័ត៌មានទាំងនោះថា គឺជាព័ត៌មានមិនពិត ពីព្រោះថាប្រទេសអេហ្សីប មិនបានធ្វើការលួចផលិតគ្រាប់រ៉ូក្កែត ទៅឲ្យប្រទេសរុស្សី ដូចទៅនឹងការចោទប្រកាន់ឡើយ។

រំលឹកថាកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះវ៉ាស៊ិនតោនប៉ុស្តិ បានចេញផ្សាយថាប្រធានាធិបតី នៃប្រទេសអេហ្ស៊ីប លោក Abdel Fatah El-Sisi បានដាក់បញ្ជាដើម្បីផលិតគ្រាប់រ៉ូក្កែតថ្មី ប្រមាណជា៤០០០០គ្រាប់ ដើម្បីបញ្ចូនទៅឲ្យប្រទេសរុស្សី ហើយធ្វើយ៉ាងណាឲ្យផែនការនេះ លាក់ការណ៍បំផុត ជៀសវាងមានបញ្ហាជាមួយនឹងលោកខាងលិច។

ផ្ទាំងពាណិជ្ជកម្ម

មុននេះបន្តិចអ្នកនាំពាក្យ ក្រសួងការបរទេស លោកស្រី Ahmed Abu Zeid បានថ្លែងឆ្លើយតបទៅកាន់ក្រុមបណ្តាញសារព័ត៌មាន ហើយថា ប្រទេសរបស់លោកស្រី បានឈរលើជំហអព្យាក្រិត តាំងតែពីចាប់ផ្តើមដំបូង នៃជម្លោះមកម្ល៉េះ ហើយប្តេជ្ញាបន្តរក្សាគម្លាតរវាងភាគីទាំងពីរ បន្តទៅមុខទៀតផងដែរ។

ចំពោះព័ត៌មាននេះផងដែរ អ្នកនាំពាក្យរបស់វិមានក្រមឡាំងលោក Dmitry Peskov ក៏បានចេញមកធ្វើការឆ្លើយតបផងដែរថា វាគឺជាការបោកបញ្ឆោតមួយផ្សេងទៀត ហើយលោកជឿជាក់ថាបច្ចុប្បន្ននេះ មានការចេញផ្សាយបែបបោកបញ្ឆោតបែបនេះច្រើនណាស់។

គួរឲ្យដឹងដែរថាអេហ្ស៊ីបគឺជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធ របស់អាមេរិកអស់រយៈពេលជាច្រើនឆ្នាំមកហើយ ប៉ុន្តែក៏ជាមិត្តដ៏ស្អិតរមួតជាមួយនឹងរុស្សីផងដែរ ហើយបច្ចុប្បន្នអេហ្ស៊ីប គឺជាអតិថិជននាំមុខគេ ដែលបានបញ្ជាទិញអាវុធរបស់រុស្សី៕ ប្រែសម្រួល៖ស៊ុនលី

To Top