ព័ត៌មានអន្តរជាតិ

សមាជិកសភាបក្ស ប្រជាធិបតេយ្យអាមេរិក ជំរុញឱ្យកំណត់សិទ្ធិអំណាច បញ្ជានុយក្លេអ៊ែររបស់ប្រធានាធិបតី

បរទេស៖ គណបក្សប្រជាធិបតេយ្យនៅក្នុងសភា និងព្រឹទ្ធសភា របស់សហរដ្ឋអាមេរិក បានណែនាំច្បាប់ដែលនឹងបង្ខំសេតវិមានឱ្យស្វែងរកការយល់ព្រមពីសភា មុនពេលបញ្ជាឱ្យមានការវាយប្រហារ នុយក្លេអ៊ែរណាមួយ ដោយទទូចថាប្រធានាធិបតី មិនគួរមានសិទ្ធិអំណាចឯកតោភាគី ដើម្បីចាប់ផ្តើមសង្គ្រាមនុយក្លេអ៊ែរ នោះទេ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា ណែនាំដោយព្រឹទ្ធសមាជិក Ed Markey និងអ្នកតំណាង Ted Lieu កាលពីថ្ងៃសុក្រ ‘ការរឹតបន្តឹងការប្រើប្រាស់អាវុធនុយក្លេអ៊ែរជាលើកដំបូង’ នឹងហាមឃាត់ប្រធានាធិបតីអាមេរិកណាមួយពី “ការចាប់ផ្តើមការវាយប្រហារនុយក្លេអ៊ែរ​ ដោយគ្មានការអនុញ្ញាតជាមុនពីសភា” ក៏ដូចជាបញ្ជាក់ឡើងវិញនូវអំណាចសង្រ្គាម របស់សមាជិកសភានៅក្រោម រដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិក។

សមាជិកព្រឹទ្ធសភា Markey បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “គ្មានប្រធានាធិបតីណាមួយមានសិទ្ធិ ឬសិទ្ធិអំណាចរដ្ឋធម្មនុញ្ញ ដើម្បីប្រកាសសង្គ្រាមជាឯកតោភាគីឡើយ អនុញ្ញាតឱ្យមានការវាយប្រហារ នុយក្លេអ៊ែរជាលើកដំបូង” ខណៈដែលលោក Lieu បានបន្ថែមថា “គ្មាននរណាម្នាក់គួរមានលទ្ធភាពចាប់ផ្តើមសង្រ្គាម ដែលនឹងបញ្ចប់ជីវិត​ដូច​យើង​ដឹង​នោះទេ»។

សមាជិកសភាទាំងពីររូបបានបន្តចោទប្រកាន់ ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ពី “ការគំរាមកំហែងនុយក្លេអ៊ែរ” ដោយលើកហេតុផលថា ហានិភ័យនៃសង្គ្រាមនុយក្លេអ៊ែរ “មិនដែលមានភាពច្បាស់លាស់ជាងនេះ” ចំពេលជម្លោះដែលកំពុងផ្ទុះឡើងនៅអ៊ុយក្រែន។ ទោះជាយ៉ាងណាក៏ដោយ ទីក្រុងម៉ូស្គូបានច្រានចោលការចោទប្រកាន់បែបនេះ ដោយអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ថ្មីៗនេះបានថ្លែងថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន “ឆាប់មានប្រតិកម្មខ្លាំងពេក” លើប្រធានបទអាវុធនុយក្លេអ៊ែរ៕ ប្រែសម្រួលៈ ណៃ តុលា

To Top