បរទេស៖ ប្រធានាធិបតីប្រេស៊ីល លោក Lula da Silva បាននិយាយកាលពីថ្ងៃសៅរ៍ថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តគួរតែ ផ្តោតលើការលើកកម្ពស់សន្តិភាព ជាជាងការបញ្ឆេះជម្លោះអ៊ុយក្រែន ដោយការបំពាក់អាវុធដល់ទីក្រុងគៀវ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Lula បានប្រាប់ អ្នកយកព័ត៌មាននៅទីក្រុងប៉េកាំងថា “សហរដ្ឋអាមេរិកត្រូវបញ្ឈប់ការលើកទឹកចិត្តឱ្យមានសង្រ្គាម ហើយចាប់ផ្តើម និយាយ អំពីសន្តិភាព” ។ សហភាពអឺរ៉ុបត្រូវចាប់ផ្តើមនិយាយអំពីសន្តិភាព។
លោកបានបន្ថែមថា ក្នុងការធ្វើដូច្នេះ មេដឹកនាំពិភពលោកប្រហែលជាអាច “បញ្ចុះបញ្ចូល” ទាំងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងសមភាគីអ៊ុយក្រែនលោក វ្ល៉ាឌីមៀ ហ្សេលេនស្គី ថា “សន្តិភាពគឺជាផលប្រយោជន៍របស់ ពិភពលោកទាំងមូល”។
ផ្ទុយទៅនឹងប្រទេសលោកខាងលិចជាច្រើន ទាំងប្រេស៊ីល និងចិន មិនបានដាក់ទណ្ឌកម្មលើក្រុងម៉ូស្គូទេ បន្ទាប់ពីជម្លោះនៅអ៊ុយក្រែនបានកើតឡើងកាលពីឆ្នាំមុន។
មុនដំណើរទស្សនកិច្ចនេះ លោក Lula មេដឹកនាំឆ្វេងនិយមដែលបានវិលត្រឡប់មកកាន់តំណែងជាប្រធានាធិបតីប្រេស៊ីលវិញបន្ទាប់ពីស្នងតំណែងពីលោក Jair Bolsonaro កាលពីដើមឆ្នាំនេះ បានស្វែងរកទីតាំងខ្លួនឯងជាផ្នែកមួយនៃក្រុមដែលអាចសម្រុះសម្រួលក្នុងជម្លោះ។ ទោះជាយ៉ាងណាក៏ដោយ លោកមិនបានបញ្ជាក់លម្អិត អំពីលក្ខណៈនៃកិច្ចចរចាបែបនេះ ជាមួយប្រធានាធិបតីចិន Xi Jinping បន្ទាប់ពីកិច្ចប្រជុំរបស់ពួកគេកាលពីថ្ងៃសុក្រនោះទេ៕
ប្រែសម្រួលៈ ណៃ តុលា