ព័ត៌មានអន្តរជាតិ

បទវិភាគ៖ ទីផ្សាររបស់ប្រទេសចិន ជាទីផ្សារដែលអាចចែករំលែកបាន របស់ពិភពលោក

“ខ្ញុំចូលចិត្តប្រទេសចិន កន្លែងនេះមានសក្តានុពលអភិវឌ្ឍន៍ដ៏ធំណាស់ ។ ”ក្នុងពិព័រណ៍ទំនិញប្រើប្រាស់ចិន អន្តរជាតិលើកទីបី ដែលបើកធ្វើពីថ្ងៃទី១០ ដល់ថ្ងៃទី១៥ ខែមេសា អ្នកទទួលខុសត្រូវ នៃក្រុមហ៊ុនគ្រឿងសំអាងដ៏ល្បីឈ្មោះមួយ របស់អ៊ីតាលីបានប្រាប់អ្នកសារព័ត៌មាន ដូចពោលខាងលើ ។ ពាណិជ្ជករបរទេស ដែលមានសុទិដ្ឋិនិយមចំពោះប្រទេសចិន ដូចលោកអ៊ីចឹងគឺមានច្រើនណាស់ ។

ពិព័រណ៍ទំនិញប្រើប្រាស់ចិនអន្តរជាតិលើកនេះ ជាពិព័រណ៍អន្តរជាតិដ៏ធំនិងសំខាន់លើកទីមួយ ដែលបើកធ្វើបន្ទាប់ពីចិនឈានចូលដំណាក់កាល ប្រកបដោយភាពនឹងនរនៃការបង្ការ និងគ្រប់គ្រងជំងឺកូវីដ១៩ ដែលបានទាក់ទាញទំនិញប្រើប្រាស់ល្អៗ ជាង៤ពាន់នៃប្រទេស និងតំបន់ជាង៦០លើទូទាំងពិភពលោក មកដាក់តាំងបង្ហាញ ហើយម៉ាកដ៏ល្បីឈ្មោះលើផ្ទៃអន្តរជាតិ នៃមុខរបរជាច្រើនគឺចូលរួមពិព័រណ៍ ជាលើកដំបូង ។ ក្នុងរយៈពេល៦ថ្ងៃ ទំនិញថ្មីនិងទំនិញល្អៗជាច្រើន បានបង្ហាញមុខជាបន្តបន្ទាប់ អ្នកទស្សនានិងពាណិជ្ជករបញ្ជាទិញ ដែលមានចំនួនច្រើនរាប់មិនអស់ បានទៅទិញទំនិញគ្រប់បែបយ៉ាង នៅស្តង់តាំងពិព័រណ៍នានា ។

បច្ចុប្បន្ននេះ ប្រទេសចិន ជាទីផ្សារប្រើប្រាស់ទំនិញធំទីពីរ និងជាទីផ្សារលក់រាយតាមបណ្តាញអ៊ីធើណេតធំទីមួយ លើទូទាំងពិភពលោក សមាមាត្រ នៃចំណាយខាងការប្រើប្រាស់ចុងក្រោយ ក្នុងផលិតផលក្នុងស្រុកសរុប បានរក្សាចំនួនលើសពី៥០ភាគរយ ក្នុងរយៈពេល១២ឆ្នាំជាប់ៗគ្នា ។ ទីផ្សារប្រើប្រាស់របស់ចិន នៅត្រីមាសទីមួយឆ្នាំនេះ បានស្តារឡើងវិញជាលំដាប់ សន្ទស្សន៍អំពីភាពរុងរឿង នៃមុខរបរលក់រាយ នៅខែមីនាគឺឡើងដល់៥០,៦ភាគរយ ដែលបានកើនឡើង០,៣ភាគរយ បើប្រៀបធៀបនឹងខែកុម្ភៈ ។ ប្រការនេះបានផ្តល់ឱកាសកាន់តែច្រើន ដល់សហគ្រាសប្រទេសនានា ចូលក្នុងទីផ្សារធំៗរបស់ចិន ។

ប៉ុន្មានឆ្នាំកន្លងទៅនេះ និន្នាការលើកកម្ពស់លំដាប់ថ្នាក់ នៃការប្រើប្រាស់របស់ចិន គឺច្បាស់លាស់ណាស់ “ការប្រើប្រាស់និងច្នៃប្រឌិតថ្មី”ក៏ក្លាយជាពាក្យគន្លឹះមួយ នៃពិព័រណ៍ទំនិញប្រើប្រាស់ចិនអន្តរជាតិ លើកនេះផងដែរ ។ 《របាយការណ៍ស្តីពីសន្ទស្សន៍ ច្នៃប្រឌិតថ្មីសកល ឆ្នាំ២០២២》 ដែលចេញផ្សាយដោយអង្គការ កម្មសិទ្ធិបញ្ញាពិភពលោក បានបង្ហាញថា ចិនបានជាប់ចំណាត់ថ្នាក់ទី១១ ដែលបានកើនឡើង ដោយនឹងនរក្នុងរយៈពេល១០ឆ្នាំជាប់ៗគ្នា ។ ប្រការនេះបាននាំមកនូវកម្លាំងចលករ អភិវឌ្ឍន៍ថ្មីដល់សហគ្រាសបរទេស ។

បើនិយាយចំពោះសហគ្រាសបរទេសជាច្រើន ពិព័រណ៍ទំនិញប្រើប្រាស់ចិនអន្តរជាតិលើកនេះ មិនត្រឹមតែជាវេទិកាសម្រាប់ដាក់តាំងបង្ហាញ ផលិតផលប៉ុណ្ណោះទេ ថែមទាំងក៏ជាឱកាសបង្កើតអនាគតមួយផងដែរ ។ ចាប់តាំងពីបានរៀបចំធ្វើពិព័រណ៍ទំនិញ ប្រើប្រាស់ចិនអន្តរជាតិលើកទីមួយ នៅឆ្នាំ២០២១មក សហគ្រាសផលិតទំនិញប្រើប្រាស់អន្តរជាតិ កាន់តែច្រើនឡើងៗបានប្រកបអាជីវកម្ម នៅខេត្ត Hainan ។ ក្នុងក្រសែភ្នែករបស់សហគ្រាសទាំងនេះ បរិយាកាសប្រកបអាជីវកម្ម ប្រកបដោយគុណភាពល្អប្រសើរ ដែលមានភាពបើកទូលាយ និងបរិយាប័ន្នរបស់ចិន វិធានការបើកទូលាយគ្រប់ផ្នែក ដែលលើកឡើងដោយកិច្ចព្រមព្រៀង ទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយ ក្នុងតំបន់(RCEP) ជាពិសេស លក្ខណៈពិសេសអំពីការបើកទូលាយ នៃកំពង់ផែពាណិជ្ជកម្មសេរីខេត្ត Hainan សុទ្ធតែបានផ្តល់ឱកាស សម្រាប់ឱ្យសហគ្រាសទាំងនោះផ្តោតសំខាន់ ទៅលើប្រទេសចិននិងសម្លឹងមើល ទៅកាន់ទូទាំងពិភពលោក ។

ឆ្នាំនេះ ចិននិងបន្តជំរុញការបើកទូលាយ ចំពោះអន្តរជាតិប្រកបដោយកម្រិតខ្ពស់ វិធានការមួយចំនួននឹងផ្តល់លំហអភិវឌ្ឍន៍ កាន់តែធំនិងបរិយាកាសអភិវឌ្ឍន៍ កាន់តែទុកចិត្តបានដល់ពាណិជ្ជករបរទេស ។ ចិនសម្រេចបាននូវពាក្យសន្យារបស់ខ្លួន តាមរយៈការអនុវត្តជាក់ស្តែងឥតឈប់ឈរ ពោលគឺធ្វើឱ្យទីផ្សាររបស់ប្រទេសចិន ក្លាយជាទីផ្សាររបស់ពិភពលោក និងទីផ្សារដែលអាចចែករំលែកបាន ។ ក្នុងពិភពលោកដែលមានភាព មិនប្រាកដប្រជា ភាពប្រាកដប្រជារបស់ចិន ជាសសរទ្រទ្រង់ក្នុងការគាំពារសន្តិភាព និងការអភិវឌ្ឍនៃពិភពលោក ៕

To Top