បរទេស៖ យោងតាមឯកសារសំងាត់ ដែលបានបែកធ្លាយនាពេលកន្លងមក និងត្រូវបានយកមកចេញផ្សាយដោយ Washington Post និង RT បានបង្ហាញអំពីក្តីព្រួយបារម្ភរបស់ រដ្ឋាភិបាលអាមេរិកចំពោះសមត្ថភាព ការពារខ្លួនរបស់កោះតៃវ៉ាន់ ចំពោះមុខរដ្ឋាភិបាលទីក្រុងប៉េកាំង។
អ្នកនាំពាក្យរបស់កោះតៃវ៉ាន់ ចំពោះកិច្ចការងារការពារជាតិ ដែលបានចេញមកឆ្លើយតប ចំពោះក្តីបារម្ភដែលបានចេញផ្សាយ លើឯកសារបែកធ្លាយទាំងនោះ បានលើកឡើងថា៖ កោះតៃវ៉ាន់តែងតែគោរព ចំពោះគោលការណ៍និងការយល់ឃើញ របស់ភាគខាងក្រៅនិងជាពិសេសការត្រៀមខ្លួន របស់កងកម្លាំងយោធា។
គួរឲ្យដឹងដែរថា ឯកសារសំងាត់ដែលត្រូវបានអាប់ឡូត ចូលបណ្តាញសង្គមបែបហ្គេម ដោយបុគ្គលិកផ្នែក់សន្តិសុខជាតិ របស់អាមេរិកម្នាក់វ័យ២១ឆ្នាំ បានចែករំលែកពាសពេញអ្នកប្រើប្រាស់ ដោយក្នុងនោះបានបញ្ជាក់ រដ្ឋាភិបាលក្រុងប៉េកាំង នឹងបើកប្រតិបត្តិការក្នុងការងារគ្រប់គ្រង លើដែនអាកាសរបស់កោះតៃវ៉ាន់ ជាជាងការគិតទុកជាមុន។
ឯកសារសំងាត់របស់មន្ទីរប៉ង់តាហ្គោន ក៏បានធ្វើការវាស់វែងទៅលើសមត្ថភាព ដឹកនាំនៃកងកម្លាំងការពារជាតិ របស់កោះតៃវ៉ាន់ព្រមទាំង បញ្ហាប្រឈមមុខផ្សេងទៀតផងដែរ និងជាពិសេសសមត្ថភាពការពារ ដែនអាកាសដោយមីស៊ីលផងដែរ ៕
ប្រែសម្រួល៖ ស៊ុន លី