ព័ត៌មានអន្តរជាតិ

ជម្លោះប្រដាប់អាវុធ ដ៏សាហាវនៅស៊ូដង់ កំពុងបង្កការព្រួយបារម្ភ ជាអន្ដរជាតិ

កាធុម៖ ជម្លោះដ៏សាហាវរវាងកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័សប៉ារ៉ាយោធា (RSF) នៅក្នុងរដ្ឋធានីកាធុម បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៥៦នាក់ និងរបួសជាង ៥៩០ នាក់ ដែលបង្កើនការព្រួយបារម្ភ ជាអន្តរជាតិអំពីការកើនឡើងបន្ថែមទៀត។

មេបញ្ជាការកងទ័ពស៊ូដង់ លោកឧត្តមសេនីយ៍ Abdel Fattah Al-Burhan កាលពីថ្ងៃសៅរ៍បានចេញ សេចក្តីសម្រេចរំលាយកងកម្លាំង គាំទ្ររហ័សប៉ារ៉ាយោធា RSF នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

សេវាស៊ើបការណ៍ទូទៅរបស់ស៊ូដង់ (GIS) បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ មួយកាលពីថ្ងៃសៅរ៍ថា “មេបញ្ជាការកងទ័ពក៏បាន សម្រេចចិត្តបញ្ចប់ការចាត់តាំង មន្ត្រីកងទ័ពនៅក្នុងកងកម្លាំងគាំទ្រ យ៉ាងឆាប់រហ័សរបស់ពួកឧទ្ទាម” ហើយលោក Al-Burhan ក៏​ជា​ប្រធាន​ក្រុមប្រឹក្សា​អធិបតេយ្យភាព ​នៃ​ប្រទេស​អាហ្វ្រិក​ផង​ដែរ។

ទន្ទឹមនឹងនេះ អ្នកនាំពាក្យកងទ័ពស៊ូដង់បានប្រកាសថា ស្ថានភាពសន្តិសុខនៅទីក្រុងកាធុម មានស្ថិរភាព បើទោះជាមានសេចក្តីរាយការណ៍ ពីការប៉ះទង្គិចគ្នាជាបន្តក៏ដោយ ។

ការ​ប្រយុទ្ធ​គ្នា​យ៉ាង​សាហាវ​រវាង​កងទ័ព និង RSF បាន​ផ្ទុះ​ឡើង​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ។ គណៈកម្មាធិការវេជ្ជបណ្ឌិតស៊ូដង់ បានឲ្យដឹងនៅព្រឹកថ្ងៃអាទិត្យថា យ៉ាងហោចណាស់មនុស្ស ៥៦នាក់ត្រូវបានសម្លាប់ និងជាង ៥៩៥នាក់បានរងរបួស ដោយកត់សម្គាល់ថា ចំនួនអ្នកស្លាប់ និងរបួសជាច្រើននៅតែ មិនទាន់រាប់បញ្ចូលនៅឡើយ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top