ព័ត៌មានអន្តរជាតិ

Update៖ ចិន បាញ់បង្ហោះផ្កាយរណប តាមដានមើល ពីអាកាសធាតុ នាំឲ្យយន្តហោះ ដឹកអ្នកស៊ីវិលផ្លាស់ ប្តូរទិសដៅហោះហើរ

ប៉េកាំង/តៃប៉ិ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ថា កាលពីថ្ងៃអាទិត្យប្រទេសចិន បានបាញ់បង្ហោះផ្កាយរណបអាកាសធាតុ ខណៈដែលជើងហោះហើរស៊ីវិល បានផ្លាស់ប្តូរផ្លូវរបស់ពួកគេ ដើម្បីជៀសវាងតំបន់ហាមហោះហើរដែលដាក់បម្រាមដោយចិន ទៅកាន់ភាគខាង ជើងនៃកោះតៃវ៉ាន់ ដែលក្រុងប៉េកាំងបានដាក់ឱ្យដំណើរការ ដោយសារតែលទ្ធភាពនៃការធ្លាក់កម្ទេចកម្ទីគ្រាប់រ៉ុក្កែត ។


ក្រសួងដឹកជញ្ជូនរបស់កោះតៃវ៉ាន់បានឲ្យដឹងថា ដំបូងឡើយក្រុងប៉េកាំងបានជូនដំណឹងដល់ក្រុងតៃប៉ិ ថា ខ្លួននឹងដាក់តំបន់ ហាមការហោះហើរចាប់ពីថ្ងៃអាទិត្យដល់ថ្ងៃអង្គារ ប៉ុន្តែក្រោយមកបានបញ្ជាក់ថា រយៈពេលនេះត្រូវបាន កាត់បន្ថយមកត្រឹម ២៧នាទី នៅព្រឹកថ្ងៃអាទិត្យវិញ បន្ទាប់ពីកោះតៃវ៉ាន់បានតវ៉ា

ការប្រកាសហាមហោះហើរនេះបានធ្វើឲ្យមានការភ័យខ្លាចនៅក្នុងតំបន់ ខណៈករណីនេះបានធ្វើឡើងភ្លាមៗបន្ទាប់ពីប្រទេសចិន បានរៀបចំល្បែងសង្គ្រាមថ្មីជុំវិញកោះតៃវ៉ាន់ ដែលក្រុងប៉េកាំងចាត់ទុកថា ជាទឹកដីអធិបតេយ្យភាពរបស់ចិន ។

សាជីវកម្មវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាអវកាសចិន ដែលជាអ្នកម៉ៅការសំខាន់របស់ប្រទេសចិន សម្រាប់កម្មវិធីអវកាសរបស់ខ្លួន បានឲ្យដឹងថា ផ្កាយរណបអាកាសធាតុ ឈ្មោះថា Fengyun 3G បានបាញ់បង្ហោះដោយជោគជ័យចេញពីខេត្ត Gansu ភាគពាយ័ព្យនៅម៉ោង៩និង៣៦នាទីព្រឹក ត្រូវនឹងម៉ោង១និង៣៦នាទីម៉ោងសកល ។

អ្នកម៉ៅការបានបញ្ជាក់ថា បន្ទាប់មកផ្កាយរណបបានចូលទៅក្នុងគន្លងដែលបានកំណត់របស់វា ដោយពិពណ៌នាការបាញ់បង្ហោះថា ជា “ភាពជោគជ័យទាំងស្រុង” ។ ផ្កាយរណប Fengyun 3G គឺជាផ្កាយរណបគន្លងផែនដីទាប ដែលត្រូវបានរចនាឡើងដើម្បីតាមដានទឹកភ្លៀង ។

អ្នកម៉ៅការមិនបានបញ្ជាក់ថា ផ្លូវហោះហើររបស់គ្រាប់រ៉ុក្កែត Long March 4B ដែលដឹកនាំផ្កាយរណបនោះជាអ្វីនោះទេ ប៉ុន្តែពេលវេលាគឺស្របគ្នានឹងការប្រកាសពីមុនរបស់ប្រទេសចិន អំពីតំបន់ហាមធ្វើការហោះហើរ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top