ព័ត៌មានអន្តរជាតិ

តម្លៃប្រេង ធ្លាក់ចុះ ក្រោយមានការបន្ដនាំចេញ ប្រេងរបស់អ៊ីរ៉ាក់ តាមរយៈតួកគី

ញូវយ៉ក៖ តម្លៃប្រេងរបស់សហរដ្ឋអាមេរិក បានទទួលរងការខាតបង់ យ៉ាងច្រើនកាលពីថ្ងៃចន្ទ សម្រាប់ការបន្តការនាំចេញប្រេងពីតំបន់ Kurdistan ពាក់កណ្តាលស្វយ័តរបស់ប្រទេសអ៊ីរ៉ាក់ តាមរយៈស្ថានីយប្រេង Ceyhan របស់តួកគី។

West Texas Intermediate (WTI) សម្រាប់ការចែកចាយខែឧសភាបានធ្លាក់ចុះ ១,៦៩ដុល្លារអាមេរិក ឬ ២,០៥ភាគរយមកនៅត្រឹម ៨០,៨៣ ដុល្លារក្នុងមួយបារ៉ែលនៅលើផ្សារហ៊ុន New York Mercantile Exchange។

ប្រេងឆៅប្រភេទ Brent សម្រាប់ចែកចាយនៅខែមិថុនា បានធ្លាក់ចុះ ១,៥៥ដុល្លារ ឬ ១,៨ភាគរយ មកនៅត្រឹម ៨៤,៧៦ដុល្លារក្នុងមួយបារ៉ែល នៅលើផ្សារហ៊ុន London ICE Futures Exchange ។

រដ្ឋាភិបាលសហព័ន្ធ របស់ប្រទេសអ៊ីរ៉ាក់ និងរដ្ឋាភិបាលក្នុងតំបន់ Kurdistan បានដោះស្រាយបញ្ហា បច្ចេកទេសសំខាន់ៗ ក្នុងការបន្តការនាំចេញប្រេង ក្នុងតំបន់តាមរយៈកំពង់ផែ Ceyhan របស់ប្រទេសតួកគី។

កំពង់ផែ Ceyhan របស់ប្រទេសតួកគី បានបញ្ឈប់ការដឹកជញ្ជូនប្រេងពីតំបន់ Kurdistan និងខេត្ត Kirkuk កាលពីថ្ងៃទី២៥ ខែមីនា បន្ទាប់ពីសភាពាណិជ្ជកម្មអន្តរជាតិ (ICC) សម្រេចថាការនាំចេញប្រេងពីតំបន់ Kurdistan គឺស្ថិតនៅក្រោមការយល់ព្រមពីរដ្ឋាភិបាលកណ្តាលអ៊ីរ៉ាក់។

ការផ្គត់ផ្គង់ប្រេងឆៅនៅលើទីផ្សារអន្តរជាតិ បានបាត់បង់ប្រហែល ៤៥ម៉ឺនបារ៉ែលក្នុងមួយថ្ងៃ ដោយសារតែវិធានការណ៍ដែលបាន ធ្វើឡើងបន្ទាប់ពីការសម្រេចរបស់ ICC នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

គួរបញ្ជាក់ថា រដ្ឋាភិបាលសហព័ន្ធអ៊ីរ៉ាក់ និងរដ្ឋាភិបាលក្នុងតំបន់ Kurdistan បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងមួយកាលពីថ្ងៃទី៤ ខែមេសា ដើម្បីបន្តការនាំចេញប្រេង របស់ជនជាតិឃឺដ តាមរយៈតួកគី៕

ប្រែសម្រួល ឈូក បូរ៉ា

To Top