ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Wang Wenbin បានជំរុញឱ្យក្រុមប្រទេស G7 ឆ្លុះបញ្ចាំងពីបញ្ហាផ្ទាល់ខ្លួនរបស់ពួកគេ បោះបង់ចិត្តគំនិតសង្រ្គាមត្រជាក់ និងការរើសអើងមនោគមវិជ្ជា និងបញ្ឈប់ការជ្រៀតជ្រែកក្នុង កិច្ចការផ្ទៃក្នុងរបស់ប្រទេសផ្សេងទៀត។
លោក Wang បានធ្វើការកត់សម្គាល់នៅក្នុង សន្និសីទសារព័ត៌មានប្រចាំថ្ងៃ ដើម្បីឆ្លើយតបទៅនឹងសំណួរ អំពីសេចក្តីថ្លែងការណ៍រួមដែលបានចេញ បន្ទាប់ពីកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស G7 នៅប្រទេសជប៉ុន ស្តីពីបញ្ហាតៃវ៉ាន់ សមុទ្រចិនខាងកើត សមុទ្រចិនខាងត្បូង ស៊ីនជាំង និងទីបេ។ កិច្ចប្រជុំបានជំរុញឱ្យប្រទេសចិន ធានានូវបរិយាកាសធុរកិច្ចប្រកបដោយតម្លាភាព ព្យាករណ៍ និងយុត្តិធម៌។
លោកបានលើកឡើងថា ដោយមិនគិតពីជំហររឹងមាំរបស់ចិន និងការពិតដែលមានស្រាប់ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស G7 បានជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ចិន ហើយបានបង្កាច់បង្ខូច និងបង្ខូចកិត្តិយសប្រទេសចិន។
លោកបានបន្ដថា “សេចក្តីថ្លែងការណ៍នេះ ឆ្លុះបញ្ចាំងពីភាពក្រអឺតក្រទម ការរើសអើង និងចេតនារបស់ក្រុម ដើម្បីរារាំង និងទប់ស្កាត់ប្រទេសចិន។ យើងមិនពេញចិត្ត និងច្រានចោលការចោទប្រកាន់នេះ ហើយបានធ្វើការបង្កាច់បង្ខូច យ៉ាងខ្លាំងក្លាចំពោះម្ចាស់ផ្ទះជប៉ុន” ។
លោកបានបន្ថែមថា តៃវ៉ាន់គឺជាផ្នែកមួយនៃទឹកដី ដ៏ពិសិដ្ឋរបស់ប្រទេសចិន ហើយគោលការណ៍ចិនតែមួយ គឺជាអ្វីដែលគាំទ្រសន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់។
លោកបានបន្ថែមទៀតថា ដើម្បីធានាបាននូវសន្តិភាពពិតប្រាកដ នៅក្នុងច្រកសមុទ្រតៃវ៉ាន់ វាពិតជាចាំបាច់ណាស់ ក្នុងការប្រឆាំងដាច់ខាត និងបញ្ឈប់សកម្មភាពណាមួយចំពោះ “ឯករាជ្យភាពរបស់តៃវ៉ាន់” ។
លោកបានអះអាងថា បញ្ហាដែលទាក់ទងនឹងហុងកុង ស៊ីនជាំង និងទីបេ ស្ថិតក្រោមកិច្ចការផ្ទៃក្នុងរបស់ចិនទាំងស្រុង ហើយគ្មានកម្លាំងបរទេសណាមួយ អាចជ្រៀតជ្រែកក្នុងកិច្ចការ ទាំងនេះតាមមធ្យោបាយ ឬក្រោមលេសណាមួយឡើយ។
លោកបានបញ្ជាក់បន្ថែមថា ស្ថានភាពនៅសមុទ្រចិនខាងកើត និងនៅសមុទ្រចិនខាងត្បូង ជាទូទៅមានស្ថិរភាព ហើយប្រទេសពាក់ព័ន្ធត្រូវគោរពការ ខិតខំប្រឹងប្រែងរបស់ប្រទេសក្នុងតំបន់ ដើម្បីរក្សាសន្តិភាព និងស្ថិរភាព ៕
ប្រែសម្រួល ឈូក បូរ៉ា
 
													
																							
 
																								
												
												
												 
						 
					 
						 
					 
						 
					 
								 
																						 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									