ព័ត៌មានអន្តរជាតិ

G-7 រួបរួមគ្នា​ ក្នុង​ការ​គាំទ្រ ​សន្តិភាព​តៃវ៉ាន់ និងជំរុញ​ឱ្យ​ចិន ធ្វើ​ការ​ដោយ​ការ​ទទួល​ខុស​ត្រូវ

តូក្យូ ៖ ក្រុមរដ្ឋមន្ត្រីការបរទេសទាំងប្រាំពីរ G-7 បានបង្ហាញថា ពួកគេនៅលើទំព័រតែមួយនៅលើកោះតៃវ៉ាន់ ដោយប្រកាសថា សន្តិភាពសម្រាប់កោះនេះគឺជា “ធាតុដែលមិនអាចខ្វះបាន” នៃសន្តិសុខពិភពលោក ខណៈដែលជំរុញឱ្យប្រទេសចិន មានអាកប្បកិរិយាប្រកប ដោយការទទួលខុសត្រូវ ក្នុងនាមជាសមាជិក នៃសហគមន៍អន្តរជាតិ ។

ការបង្ហាញការរួបរួមរបស់ G-7 លើកោះតៃវ៉ាន់បានកើតឡើង បន្ទាប់ពីប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង បានអំពាវនាវឱ្យបណ្តាប្រទេស នៅអឺរ៉ុប កុំធ្វើជា “អ្នកដើរតាម” ទាំងសហរដ្ឋអាមេរិក ឬចិន ចំពេលប្រទេសទាំងពីរមានការប្រកួតប្រជែង កាន់តែខ្លាំងឡើងលើកោះប្រជាធិបតេយ្យ ដែលគ្រប់គ្រងដោយខ្លួនឯង ដែលទីក្រុងប៉េកាំងចាត់ទុកជាទឹកដីរបស់ខ្លួន ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំរយៈពេលបីថ្ងៃ របស់ពួកគេ នៅទីក្រុង រមណីយដ្ឋាន Karuizawa ភាគកណ្តាលប្រទេសជប៉ុន រដ្ឋមន្ត្រីការបរទេសបានសង្កត់ធ្ងន់ថា “មិនមានការផ្លាស់ប្តូរនៅក្នុងជំហរ ជាមូលដ្ឋាននៃសមាជិក G-7 នៅលើកោះតៃវ៉ាន់នោះទេ” ។

អ្នកការទូតកំពូលមកពីចក្រភព អង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន និងសហរដ្ឋអាមេរិក រួមទាំងសហភាពអឺរ៉ុប ក៏បានប្តេជ្ញាចិត្តក្នុងការបង្កើន ការដាក់ទណ្ឌកម្មលើរុស្ស៊ី ចាប់តាំងពីការឈ្លានពានអ៊ុយក្រែន បានចាប់ផ្តើមកាលពីឆ្នាំមុន ហើយទាមទារឱ្យកងកម្លាំង រុស្ស៊ីដកខ្លួនជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ ។

ពួកគេបានប្តេជ្ញាប្រឆាំងនឹងការគេចវេសពីទណ្ឌកម្មដោយទីក្រុងមូស្គូ និងបានព្រមានអំពី “ការចំណាយធ្ងន់ធ្ងរ” ដែលភាគីទីបី អាចប្រឈមមុខ ប្រសិនបើពួកគេមិនបញ្ឈប់ការផ្តល់ជំនួយ សម្រាប់កិច្ចខិតខំប្រឹងប្រែងសង្គ្រាមរបស់រុស្ស៊ី ។ ពួកគេក៏បានអំពាវនាវ ជាពិសេសដល់អ៊ីរ៉ង់ឱ្យបញ្ឈប់ការគាំទ្រ សម្រាប់យោធារុស្ស៊ី រួមទាំងការផ្ទេរយន្តហោះដ្រូន ដែលធ្លាប់ប្រើប្រាស់នៅក្នុងប្រទេស អ៊ុយក្រែនផងដែរ ។

រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Yoshimasa Hayashi ដែលជាប្រធានកិច្ចប្រជុំបានសាទរចំពោះលទ្ធផលនៃកិច្ចចរចា ដែលមានបំណងដាក់មូលដ្ឋាន គ្រឹះសម្រាប់កិច្ចប្រជុំកំពូល G-7 ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែឧសភា នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ភាគខាងលិចប្រទេសជប៉ុន។

លោកបានលើកឡើងថា “វាមានសារៈសំខាន់ណាស់ ដែលយើងអាចបញ្ជាក់ពីការប្តេជ្ញាចិត្ត របស់យើងចំពោះសណ្តាប់ធ្នាប់ អន្តរជាតិដោយសេរី និងបើកចំហដោយ ផ្អែកលើនីតិរដ្ឋ និងការប្រឆាំងយ៉ាងខ្លាំង របស់យើង ចំពោះការប៉ុនប៉ងឯកតោភាគី ដើម្បីផ្លាស់ប្តូរស្ថានភាព នៅគ្រប់ទីកន្លែងក្នុង ពិភពលោក” ៕

To Top