ព័ត៌មានអន្តរជាតិ

អាមេរិក បញ្ឈប់ការហោះហើរលើ យន្តហោះដ្រូនឈ្លបយកការណ៍ Global Hawk នៅលើសមុទ្រខ្មៅ

បរទេស៖ សហរដ្ឋអាមេរិកបានបញ្ឈប់ទាំងស្រុង នូវការហោះហើរយន្តហោះ ស៊ើបការណ៍គ្មានមនុស្សបើក Global Hawk របស់ខ្លួននៅលើសមុទ្រខ្មៅ បន្ទាប់ពីឧប្បត្តិហេតុជាមួយ យន្តហោះគ្មានមនុស្សបើក MQ-9 Reaper របស់អាមេរិកនៅក្នុងដែនទឹកសមុទ្រខ្មៅ នៃតំបន់គ្រីមេរបស់រុស្ស៊ី។ នេះបើតាមទិន្នន័យពីគេហទំព័រតាមដាន Flightradar24 និងវិភាគដោយ Sputnik បានបង្ហាញ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា កាលពីពាក់កណ្តាលខែមីនា រដ្ឋាភិបាលអាមេរិកបានចោទថា យន្តហោះចម្បាំងរុស្ស៊ីមួយគ្រឿង បានបាចប្រេងសាំង ហើយបានប៉ះជាមួយយន្តហោះគ្មានមនុស្សបើក MQ-9 Reaper របស់អាមេរិក ដែលហោះហើរនៅជិតតំបន់ Crimea ដែលទីបំផុតនាំឱ្យប្រតិបត្តិករ យន្តហោះគ្មានមនុស្សបើក បានធ្លាក់ចូលទៅក្នុងសមុទ្រខ្មៅ។ រុស្សីបានបដិសេធថា ការវាយប្រហារលើយន្តហោះ គ្មានមនុស្សបើកក្នុងគ្រប់មធ្យោបាយ ដោយនិយាយថា ការធ្វើសមយុទ្ធមិនល្អ និងមុតស្រួចរបស់ប្រតិបត្តិករយន្តហោះ គ្មានមនុស្សបើកបានបណ្តាលឱ្យ យន្តហោះធ្លាក់ចូលទៅក្នុងសមុទ្រខ្មៅ។

យោងតាមឯកសាររបស់ Flightradar24 បានឱ្យដឹងថា យន្តហោះគ្មានមនុស្សបើក Global Hawk របស់អាមេរិកបានហោះហើរ ចុងក្រោយនៅលើសមុទ្រខ្មៅ ពីឆ្នេរសមុទ្រតំបន់គ្រីមេ គឺនៅថ្ងៃទី២១ ខែមីនា។ ចាប់តាំងពីពេលនោះមក យន្តហោះស៊ើបការណ៍គ្មានមនុស្សបើក របស់អាមេរិកដែលមានមូលដ្ឋាន នៅទីក្រុងស៊ីស៊ីលី ប្រទេសអ៊ីតាលី មិនបានចូលដែនអាកាសលើសមុទ្រខ្មៅទេ។

យោងតាមគេហទំព័រតាមដានបានឱ្យដឹងថា ចាប់ពីថ្ងៃទី ២១ ខែមីនា ដល់ថ្ងៃទី ២០ ខែមេសា យន្តហោះគ្មានមនុស្សបើក Global Hawks របស់សហរដ្ឋអាមេរិកបានធ្វើការហោះហើរតែ ៣ ដងប៉ុណ្ណោះពីមូលដ្ឋានអាកាសនៅទីក្រុង ស៊ីស៊ីលី។ ទោះជាយ៉ាងណាក៏ដោយ ការហោះហើរទាំងនេះត្រូវបានធ្វើឡើង នៅក្នុងព្រំដែននៃដែនអាកាសរ៉ូម៉ានី នៅចម្ងាយជាង ៤០០ គីឡូម៉ែត្រ ពីតំបន់ Crimea — នៅខាងក្រៅប្រព័ន្ធរ៉ាដារបស់ យន្តហោះគ្មានមនុស្សបើក ដែលមានសមត្ថភាពទទួលរូបភាពរ៉ាដា នៃតំបន់មួយក្នុងកម្រិតអតិបរមាក្នុងចម្ងាយ ២០០ គីឡូម៉ែត្រ៕

ប្រែសម្រួលៈ ណៃ តុលា

To Top