ព័ត៌មានអន្តរជាតិ

ការចូលរួមឡើងវិញ រវាងអាមេរិក-ចិន ក្នុងពាណិជ្ជកម្ម អាចជាឱកាសបំបែក ភាពជាប់គាំង

ប៉េកាំង ៖ មុនពេលរដ្ឋមន្ត្រីក្រសួង រតនាគារអាមេរិកលោកស្រី Janet Yellen បានដាក់ចេញនូវអាទិភាពសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកលើប្រទេសចិន កាលពីថ្ងៃព្រហស្បតិ៍ ក្រសួងពាណិជ្ជកម្មចិន បានឲ្យដឹងថា មន្ត្រីពាណិជ្ជកម្មចិន និងសហរដ្ឋអាមេរិក បានជួបប្រជុំគ្នានៅទីក្រុងប៉េកាំង កាលពីសប្តាហ៍មុនក្នុងអំឡុងពេលដែលភាគីទាំងពីរ បានផ្លាស់ប្តូរទស្សនៈ ស្តីពីទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគី។

អ្នកជំនាញបានឲ្យដឹងថា ការចូលរួមឡើងវិញ របស់មន្ត្រីអាមេរិក និងចិន ក្នុងវិស័យមួយចំនួនដូចជា ធុរកិច្ច និងអាកាសធាតុ អាចជាឱកាស សម្រាប់ទំនាក់ទំនងទ្វេភាគី ដែលមានភាពតានតឹង ប្រែទៅជាទិសដៅវិជ្ជមាន ប៉ុន្តែទីក្រុងវ៉ាស៊ីនតោន ត្រូវបង្ហាញភាពស្មោះត្រង់បន្ថែមទៀត សម្រាប់ការកែលម្អទំនាក់ទំនង ។

លោកស្រី Yellen កាលពីថ្ងៃព្រហស្បតិ៍បានឲ្យដឹងថា សហរដ្ឋអាមេរិកកំពុងស្វែងរកទំនាក់ទំនងសេដ្ឋកិច្ច “ស្ថាបនា” និង “យុត្តិធម៌” ជាមួយប្រទេសចិន ដោយថាប្រទេសទាំងពីរត្រូវតែអាចពិភាក្សាដោយស្មោះត្រង់អំពីបញ្ហាលំបាកហើយប្រទេសទាំងពីរគួរតែ “ធ្វើការជាមួយគ្នានៅពេលដែលអាចធ្វើទៅបាន ដើម្បីផលប្រយោជន៍ប្រទេសរបស់យើង និងពិភពលោក”។

លោកស្រី Yellen បានបន្ដថា “យើងក៏ស្វែងរកទំនាក់ទំនងសេដ្ឋកិច្ច ដែលមានសុខភាពល្អជាមួយប្រទេសចិន ដែលជំរុញកំណើន និងការច្នៃប្រឌិតនៅក្នុងប្រទេសទាំងពីរ។ ” ដោយលើកឡើងពីទំនាក់ទំនងពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិកដ៏ជិតស្និទ្ធ លោកស្រីបានលើកឡើងថា សហរដ្ឋអាមេរិក មិនស្វែងរកការកាត់ផ្តាច់ជាមួយប្រទេសចិននោះទេ ដោយកត់សម្គាល់ថា សេដ្ឋកិច្ចសហរដ្ឋអាមេរិក ក៏ទទួលបានអត្ថប្រយោជន៍ផងដែរ ពីកិច្ចសហប្រតិបត្តិការនោះ។

លោកស្រី Yellen បានបន្ថែមថា លោកស្រីគ្រោង នឹងធ្វើដំណើរទៅកាន់ប្រទេសចិន ក្នុងពេលវេលាសមស្របមួយ ដើម្បីពិភាក្សាអំពីបញ្ហា សេដ្ឋកិច្ចជាមួយសមភាគីចិន ហើយជឿជាក់ថា ការសន្ទនាអាចជួយជាមូលដ្ឋាន សម្រាប់ “ការគ្រប់គ្រងទំនាក់ទំនងទ្វេភាគីរបស់យើង ប្រកបដោយការទទួលខុសត្រូវក្នុងកិច្ចសហប្រតិបត្តិការ លើបញ្ហាប្រឈមរួមគ្នា សម្រាប់ប្រជាជាតិទាំងពីរ និងពិភពលោក”។

លោកស្រី Yellen បាននិយាយនៅពេលដែលទំនាក់ទំនងទ្វេភាគី ស្ថិតក្នុងចំណុចទាបដោយសារតែការ ទប់ស្កាត់ជាយុទ្ធសាស្ត្ររបស់ទីក្រុងវ៉ាស៊ីនតោន ប្រឆាំងនឹងប្រទេសចិន។ ប្រព័ន្ធផ្សព្វផ្សាយអាមេរិកមួយចំនួន បានរាយការណ៍កាលពីថ្ងៃពុធថា រដ្ឋបាលលោក បៃដិន ក៏កំពុងពិចារណាលើ “ច្បាប់ដែលមិនធ្លាប់មានពីមុនមក” ដែលកំណត់ការវិនិយោគ របស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសចិន ដែលត្រូវបានគេរំពឹងថា នឹងត្រូវបានប្រកាសនៅចុងខែនេះ ។

ជាមួយគ្នានេះដែរ ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិន បាននិងកំពុងកើនឡើងជុំវិញការបង្កហេតុនៃ “ការឆ្លងកាត់” របស់មេដឹកនាំតំបន់នៃកោះតៃវ៉ាន់ តាមរយៈប្រតិកម្មដ៏ក្តៅគគុករបស់សហរដ្ឋអាមេរិក និងទីក្រុងវ៉ាស៊ីនតោន ចំពោះបាឡុងរបស់ចិន សម្រាប់ការប្រើប្រាស់ស៊ីវិល។

អ្នកសង្កេតការណ៍ចិនមួយចំនួនជឿថា ការពិភាក្សាក្នុងពាណិជ្ជកម្ម និងអាជីវកម្មអាចបម្រើជាឱកាស “បំបែកទឹកកក”។ ប៉ុន្តែក្រុងវ៉ាស៊ីនតោន ត្រូវបង្ហាញភាពស្មោះត្រង់បន្ថែមទៀតដោយគោរពផលប្រយោជន៍របស់ភាគីទាំងពីរ ហើយវាក៏នឹងជាការសាកល្បង សម្រាប់ភាពបត់បែនរបស់រដ្ឋបាល បៃដិន ដើម្បីអនុញ្ញាត ឱ្យមានកិច្ចពិភាក្សាជាក់ស្តែងបន្ថែមទៀត នៅក្នុងតំបន់ផ្សេងទៀត នៅពេលដែលទំនាក់ទំនងការទូតស្ថិតក្នុងភាពជាប់គាំង៕

ប្រែសម្រួល ឈូក បូរ៉ា

To Top