ប៉េកាំង ៖ ប្រភពពីក្រសួងពាណិជ្ជកម្ម (MOC) បានឲ្យដឹងថា ប្រទេសចិន មានការព្រួយ បារម្ភយ៉ាងខ្លាំង ចំពោះការចោទប្រកាន់ទាក់ទង នឹងវេទិកាពាណិជ្ជកម្ម អេឡិចត្រូនិករបស់ប្រទេស ដែលបានធ្វើឡើង នៅក្នុងអ្វីដែលគេហៅថា របាយការណ៍ស្រាវជ្រាវ ដោយគណៈកម្មការត្រួតពិនិត្យសេដ្ឋកិច្ច និងសន្តិសុខអាមេរិក-ចិន (USCC) ។
បើគ្មានការស៊ើបអង្កេត ឬការផ្ទៀងផ្ទាត់ របាយការណ៍នេះបានប្រើពាក្យមិនប្រាកដប្រជាដដែលៗដូចជា “អាច” “ទំនង” និង “ហាក់ដូចជា” ហើយបានរិះគន់វេទិកាពាណិជ្ជកម្ម អេឡិចត្រូនិករបស់ចិន ដោយដកស្រង់សេចក្តីថ្លែងការណ៍ឯកតោភាគី ដែលធ្វើឡើងដោយក្រុមហ៊ុនអាមេរិក ដែលគ្មានសិទ្ធិអំណាច ឬកម្លាំងច្បាប់។
អ្នកនាំពាក្យក្រសួងលោកស្រី Shu បានប្រាប់សន្និសីទសារព័ត៌មានថា “សកម្មភាពបែបនេះមិនមានវិជ្ជាជីវៈ ឬការទទួលខុសត្រូវនោះទេ។ USCC គឺជាគណៈកម្មការ ដែលបង្កើតឡើងដោយសភាសហរដ្ឋអាមេរិក។
លោកស្រីបានលើកឡើងថា រដ្ឋាភិបាលចិន យកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះសុវត្ថិភាពទិន្នន័យ និងការការពារកម្មសិទ្ធិបញ្ញា ហើយខ្លួន បាននិងកំពុងធ្វើឱ្យប្រសើរឡើង ឥតឈប់ឈរនូវប្រព័ន្ធនីតិប្បញ្ញត្តិរបស់ខ្លួន បង្កើនប្រសិទ្ធភាពនៃការអនុវត្តច្បាប់របស់ខ្លួន ណែនាំឧស្សាហកម្មឱ្យមាន វិន័យដោយខ្លួនឯង និងការដាក់ទណ្ឌកម្មយ៉ាងម៉ឺងម៉ាត់ ចំពោះសកម្មភាពខុសច្បាប់ស្របតាមច្បាប់។
លោកស្រីបានបន្ដថា ប្រទេសចិន បានត្រៀមខ្លួនរួចជាស្រេច ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយភាគីទាំងអស់ ដើម្បីបង្កើតកម្រិតលេងមួយ សម្រាប់ក្រុមហ៊ុនពិភពលោក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោកស្រីបានបន្ថែមថា មន្ត្រីមកពី MOC របស់ប្រទេសចិន និងក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានជួបប្រជុំគ្នានៅទីក្រុងប៉េកាំងនាពេលថ្មីៗនេះ ដើម្បីផ្លាស់ប្តូរទស្សនៈ ស្តីពីទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-អាមេរិក ព្រមទាំងពិភាក្សាអំពីការពង្រឹង ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងទីភ្នាក់ងាររដ្ឋាភិបាលទាំងពីរផងដែរ៕
ប្រែសម្រួល ឈូក បូរ៉ា